អាគារ Gold Tower ៤២ ជាន់ នឹង​ចាប់ផ្តើម​សាងសង់​ឡើងវិញ នៅ​ខែកុម្ភៈ ឆ្នាំ​២០១៦

ភ្នំពេញ: អាគារ Gold Tower កម្ពស់ ៤២ ជាន់ របស់​ក្រុមហ៊ុន​កូរ៉េ តម្លៃ​ប្រមាណ ២៤០ លាន​ដុល្លារ ស្ថិតនៅ​កែង​មហាវិថី​ព្រះមុនីវង្ស និង​មហាវិថី​ព្រះសីហនុ ក្នុង​រាជធានី​ភ្នំពេញ នឹង​ចាប់ផ្តើម​សាងសង់​ឡើងវិញ នៅ​ខែកុម្ភៈ ឆ្នាំ​២០១៦​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក ហ៊ុយ ណា​រ៉ា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សំណង់ របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​។​

​លោក​អគ្គនាយក ហ៊ុយ ណា​រ៉ា បាន​ប្រាប់​ក្រុមអ្នកកាសែត កាលពី​ព្រឹក​ថ្ងៃទី​៣​ធ្នូ នៅពេល​បើក​ពិព័រណ៍​ឧស្សាហកម្ម​សំណង់ នៅ​មជ្ឈមណ្ឌល កោះ​ពេជ្រ ថា ក្រុមហ៊ុន​កូរ៉េ ដែលជា​អ្នកវិនិយោគ​អាគារ​ពាណិជ្ជកម្ម Gold Tower ៤២​ជាន់ បានដាក់​ពាក្យស្នើសុំ​មកកាន់​ក្រសួង ដើម្បី​បន្ត​ការសាងសង់​ឡើងវិញ​នូវ​អាគារ​ខ្ពស់បំផុត​នៅ​រាជធានី​ភ្នំពេញ​។ គម្រោង​នោះ នឹង​បើក​ការសាងសង់​ឡើងវិញ នៅ​ខែកុម្ភៈ ឆ្នាំ​២០១៦ ហើយ​គ្រោង​នឹង​បញ្ចប់ នៅក្នុង​ឆ្នាំ​២០១៨​។​

​អាគារ​ភ្លោះ Gold Tower 42 ជា​គម្រោង​អាគារ​ដែល​ខ្ពស់បំផុត​នៅ​កម្ពុជា បានចាប់ផ្តើម​សាងសង់ កាលពី​ខែមីនា ឆ្នាំ​២០០៨​។ ប៉ុន្តែ​គម្រោង​នេះ ត្រូវបាន​ផ្អាក នៅ​ឆ្នាំ​២០០៩ នៅពេល​ពិភពលោក ជួប​វិបត្តិ​ហិរញ្ញវត្ថុ​។​

​វិស័យ​សំណង់​នៅ​កម្ពុជា នាពេលនេះ ត្រូវបាន​លោក អ៊ឹម ឈុនលឹម ទេសរដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគ​រូប​ណី​កម្ម និង​សំណង់ បានប្រកាស​កាលពី​ព្រឹក​ថ្ងៃទី​៣ ធ្នូ​ថា គិត​ត្រឹម​ខែវិច្ឆិកា ឆ្នាំ​២០១៥​នេះ ទុនវិនិយោគ​សរុប​លើ​វិស័យ​សំណង់ នៅ​ទូទាំងប្រទេស មាន​ប្រមាណ ២.៩៣៦ លាន​ដុល្លារ​អាមេរិក បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០១៤ កើនឡើង ២៧​ភាគរយ​។​

​នៅ​ឆ្នាំ​២០១៥​នេះ គឺជា​ឆ្នាំ​នៃ​ការអភិវឌ្ឍន៍​អាគារ ខន​ដូ និង​អេប​ផាត​មិន ដែលមាន​កម្ពស់​ចាប់ពី ១០​ជាន់ ដល់ ៥៥​ជាន់ មាន​ចំនួន ៥៦ អាគារ ដោយមាន​តម្លៃ​ទុន​វិនិយោគ​​ប្រមាណ ១.៥៨១ លាន​ដុល្លារ​អាមេរិក​។

​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បានប្រកាសថា ចាប់ពី​ឆ្នាំ​២០០០ រហូតដល់​បំណាច់​ខែកក្កដា ឆ្នាំ​២០១៥ វិនិយោគទុន​បរទេស បាន​វិនិយោគ​លើ​វិស័យ​សំណង់ ប្រមាណ​ជាង ៣.១៨៦ លាន​ដុល្លារ​អាមេរិក លើ​គម្រោង​អាគារ​ធំៗ ចំនួន ២៣៤ គម្រោង​៕​