សង្គម​ស៊ីវិល វាយតម្លៃ​លើ​ដំណើរការ​ចុះឈ្មោះ​អ្នកបោះឆ្នោត​សាកល្បង​របស់​គជប​

ភ្នំពេញ: ​អង្គការ​សង្គម​ស៊ីវិល ដែលមាន​ឈ្មោះថា សម្ព័ន្ធ​កំណែទម្រង់​ការបោះឆ្នោត ហៅ​កាត់​ថា ERA បានធ្វើការ​វាយតម្លៃ​លើ​ដំណើរការ​របស់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ហៅ​កាត់ គ​.​ជ​.​ប ក្នុងការ​ចុះឈ្មោះ​អ្នកបោះឆ្នោត​សាកល្បង​។ ការចុះឈ្មោះ​អ្នក​បោះឆ្នោត​សាកល្បង ដែល​បាន​ធ្វើឡើង កាលពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៥​។

​ការជួបជុំ​វាយតម្លៃ​នោះ បានធ្វើ​ឡើង កាលពី​រសៀល​ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០១៥ នៅ​សណ្ឋាគារ សាន់វ៉េ ក្នុង​រាជធានី​ភ្នំពេញ​។ ក្នុង​កិច្ចប្រជុំ​នោះ សម្ព័ន្ធ​កំណែទម្រង់​ការ​បោះឆ្នោត បាន​កោតសរសើរ​ជា​លក្ខណៈ​ទូទៅ​លើ​ប្រព័ន្ធ​បោះឆ្នោត​ថ្មី​របស់​គ​.​ជ​.​ប​។

​សង្គម​ស៊ីវិល លើកឡើងថា ប្រព័ន្ធរៀបចំ​ការ​​បោះឆ្នោត​របស់​គជប ស្របទៅតាម​ច្បាប់ ស្ដីពី ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ការចុះឈ្មោះ​អ្នកបោះឆ្នោត​សាកល្បង​មាន​ភាព​សុ​ក្រិ​ត្យ​ល្អ ហើយ​សេចក្ដីព្រាង​បទបញ្ជា និង​នីតិវិធី​សម្រាប់​ការចុះឈ្មោះ​បោះឆ្នោត ក៏ត្រូវ​បាន​ចែក​ផ្សាយ​ទូលំទូលាយ​។ 

​ជាមួយគ្នា​នោះ សម្ព័ន្ធ​កំណែទម្រង់​ការបោះឆ្នោត ក៏បានផ្ដល់​អនុសាសន៍​មួយចំនួន ដើម្បី​ឲ្យ​គជប កែលម្អ​ដំណើរការ​ចុះឈ្មោះ​បោះឆ្នោត តាម​ប្រព័ន្ធ​កុំព្យូទ័រ រួមមាន ការស្នើ​កាត់បន្ថយ​ពេលវេលា​ដំណើរការ​នៃ​ការចុះឈ្មោះ ការបើកចំហរ​ព័ត៌មាន ពង្រឹង​បន្ថែមទៀត​ចំពោះ​ការផ្ទៀងផ្ទាត់​ទិន្នន័យ បន្ថែម​ការបិទ​សេចក្ដីណែនាំ​នៅតាម​កា​រិ​យា​ល័​បោះឆ្នោត និង​កា​រប​ង្រឹ​ង​សមត្ថភាព​ធនធានមនុស្ស​បំរើការ​ចុះឈ្មោះ ជាដើម​។​

​ចំណែក​លោក​ហង្ស ពុទ្ធា អ្នកនាំពាក្យ គ​.​ជ​.​ប ដែល​បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​ជាមួយ​សង្គម​ស៊ីវិល កាលពី​រសៀល​ថ្ងៃទី​៣​ធ្នូ បាន​លើកឡើងថា គ​.​ជ​.​ប នឹង​ទទួល​យកមក​សិក្សា​កែលម្អ ព្រោះ​ការងារ​ចុះឈ្មោះ​អ្នកបោះឆ្នោត​នេះ កំពុងដំណើរការ ហើយ​គជប​ត្រូវការ​បទពិសោធន៍​ថ្មីៗ ដើម្បី​រក​ដំណោះស្រាយ​លើ​បញ្ហា​នៃ​ការចុះឈ្មោះ​អ្នកបោះឆ្នោត​ថ្មី តាម​ប្រព័ន្ធ​កុំ​ព្យួ​ទ័​រ​៕​