ជនជាតិ​ដើម​ភាគ​តិច​នៅ​រតនគិរី​បន្ត​ទាមទារ​ឲ្យ​តុលាការ​ដោះលែង​តំណាង​អ្នកភូមិ​បី​នាក់

ប្រជាពលរដ្ឋ​ជនជាតិ​ដើម​ភាគ​តិច​ភូមិ​បរឡយ ឃុំ​កិចុង ស្រុក​បរកែវ ខេត្ត​រតនគិរី សម្រេច​ចិត្ត​វិល​ទៅ​លំនៅឋាន​វិញ​ដើម្បី​បន្ត​ការ​ទាមទារ​តាម​នីតិវិធី​ឲ្យ​តុលាការ​ដោះលែង​តំណាង​អ្នក​ភូមិ ៣​នាក់ ដែល​តុលាការ​ចាប់​ខ្លួន​ក្នុង​រឿង​ដីធ្លី។ មន្ត្រី​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ចាត់​ទុក​ការ​ចាប់​ខ្លួន​តំណាង​អ្នក​ភូមិ គឺ​ជា​ការ​គំរាមកំហែង​សិទ្ធិ​រស់​នៅ​របស់​ជនជាតិ​ដើម​ភាគ​តិច។

អ្នក​ភូមិ​បរឡយ ជាង ២០០​នាក់ បាន​ផ្ដិត​មេដៃ​លើ​លិខិត​ធានា​សុំ​ឲ្យ​តំណាង​ពួកគាត់​បី​នាក់​បាន​នៅ​​ក្រៅ​ការ​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ជា​បណ្ដោះអាសន្ន នៅ​ថ្ងៃ​ទី​៣ ខែ​ធ្នូ នេះ មុន​នឹង​អ្នក​ភូមិ​សម្រេច​វិល​ត្រឡប់​ទៅ​លំនៅឋាន​វិញ។

កាល​ពី​ថ្ងៃ​ទី​២ ធ្នូ កន្លង​​ទៅ​នេះ អ្នក​ភូមិ ១៥០​នាក់ បាន​ច្រាន​រំលំ​ទ្វារ​របង​សម្រុក​ចូល​ការិយាល័យ​តុលាការ​​ខេត្ត​រតនគិរី ខណៈ​ដែល​មន្ត្រី​តុលាការ​បាន​ចាប់​ខ្លួន​តំណាង​ពួក​គាត់​បី​នាក់​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​​ពន្ធនាគារ ក្រោយ​ពី​បើក​សវនាការ​រឿង​ក្តី​ចោទ​ប្រកាន់​អ្នក​ភូមិ​រំលោភ​ដីធ្លី​អ្នក​ដទៃ។

អ្នក​ភូមិ​ឈ្មោះ សុន សក្តិ សំដែង​ការ​ខឹងសម្បា​យ៉ាង​ខ្លាំង​ដោយ​ចាត់​ទុក​ការ​ចាប់​ខ្លួន​តំណាង​អ្នក​ភូមិ​ថា ជា​រឿង​អយុត្តិធម៌​ហើយ​ហៅ​ការ​សម្រេច​ក្តី​របស់​មន្ត្រី​តុលាការ​ថា ពាក់ព័ន្ធ​ថា​ជា​រឿង​ពុករលួយ។ គាត់​អំពាវនាវ​សុំ​ឲ្យ​នាយករដ្ឋមន្ត្រី​ចាត់​វិធានការ​ស៊ើប​អង្កេត និង​ទាមទារ​ឲ្យ​តុលាការ​ដោះលែង​តំណាង​អ្នក​ភូមិ​មក​វិញ៖ «ស្ថាប័ន​ទាំង​អស់​ជួយ​រក​យុត្តិធម៌​ឲ្យ​ប្រជាពលរដ្ឋ​យើង​ខ្ញុំ​ផង។ អយុត្តិធម៌​ខ្លាំង​ណាស់ ជាមួយ​ប្រជាពលរដ្ឋ​យើង​ខ្ញុំ​ទាំង​អស់​នេះ។ ពុំ​មាន​យុត្តិធម៌​ទេ​ពួក​នេះ គឺ​វា​អាង​អំណាច អាង​លុយ»

ដូច​គ្នា​នេះ​ដែរ ភរិយា​តំណាង​អ្នក​ភូមិ​ម្នាក់​ដែល​កំពុង​ជាប់​ឃុំ​ខ្លួន អ្នកស្រី យន់ រ៉ន អះអាង​ថា ប្ដី​គាត់​មិន​បាន​ប្រព្រឹត្ត​អ្វី​ខុស​ទេ ពីព្រោះ​ប្ដី​គាត់​តំណាង​អ្នក​ភូមិ​ការពារ​ដីធ្លី​ដែល​ពួកគាត់​កំពុង​រស់​នៅ​តាម​លក្ខណៈ​ប្រពៃណី​ជនជាតិ​ដើម​ភាគ​តិច ហេតុ​នេះ​អ្នកស្រី​អំពាវនាវ​សុំ​ឲ្យ​ស្ថាប័ន​កំពូល​ថ្នាក់​ជាតិ​ផ្ដល់​​​យុត្តិធម៌​មក​អ្នក​ភូមិ​វិញ៖ «មក​កាត់​ក្ដី​ភាគី​ម្ខាង​មិន​មក​ទេ ហៅ​តែ​ភាគី​ម្ខាង​មក ទន្ទឹម​នឹង​នេះ វា​យក​ប្ដី​ខ្ញុំ​ដាក់​គុក ចូល​ផ្លូវ​មុខ ចេញ​ផ្លូវ​ក្រោយ។ តុលាការ​អយុត្តិធម៌​ណាស់ ពុករលួយ​ណាស់! សូម​ឲ្យ​ក្មួយ​រក​ភាព​យុត្តិធម៌​ឲ្យ​ពួក​​យើង​ខ្ញុំ​ផង»

​វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​ប្រធាន​តុលាការ​ខេត្ត​រតនគិរី លោក សួស ឡា សុំ​បញ្ជាក់​ពី​ការ​ចោទ​ប្រកាន់​របស់​ពលរដ្ឋ​បាន​ទេ នៅ​ថ្ងៃ​ទី​៣ ខែ​ធ្នូ ក៏​ប៉ុន្តែ​កាល​ពី​រាត្រី​ថ្ងៃ​ទី​២ ធ្នូ កន្លង​ទៅ ប្រធាន​តុលាការ អាជ្ញាធរ​ខេត្ត និង​មន្ត្រី​ស្នងការដ្ឋាន​ប៉ូលិស និង​មន្ត្រី​ការពារ​សិទ្ធិមនុស្ស​បាន​ជួប​ពិភាក្សា​បន្ទាន់​មួយ ហើយ​ផ្ដល់​យោបល់​ឲ្យ​អ្នក​ភូមិ​ដាក់ពាក្យ​ប្ដឹង​ទាស់​សាលក្រម​តុលាការ​សាលា​ដំបូង​ខេត្ត​រតនគិរី ដែល​បាន​សម្រេច​ចាប់​ខ្លួន​តំណាង​អ្នក​ភូមិ​ដើម្បី​តុលាការ​សាលាឧទ្ធរណ៍​សម្រេច​ក្តី​នេះ​ឡើង​វិញ។

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក ខេត្ត​រតនគិរី លោក ឆាយ ធី អះអាង​ដែរ​ថា អ្នក​ភូមិ​បាន​ទទួល​​យក​យោបល់​​របស់​អាជ្ញាធរ​ពាក់ព័ន្ធ។ ចំណែក​មេធាវី​ការពារ​ក្តី​ជនជាប់ចោទ​ទាំង​បី​នាក់​បាន​ធ្វើ​លិខិត​ប្ដឹង​ទាស់​រួច​ហើយ​ដែរ។

លោក​បន្ត​ថា មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ​សន្យា​ថា នឹង​បញ្ជូន​ពាក្យ​ប្ដឹង​ទាស់​របស់​មេធាវី​តំណាង​ជនជាប់ចោទ​ទៅ​សាលាឧទ្ធរណ៍​ឲ្យ​បាន​ឆាប់ ដើម្បី​ពន្លឿន​នីតិវិធី​ធ្វើ​យ៉ាង​ណា​ឲ្យ​តំណាង​អ្នក​ភូមិ​បាន​រួច​ពី​ការ​ចោទ​ប្រកាន់៖ «ការ​ចាប់​ខ្លួន​បន្ទាប់​ពី​សវនាការ​ចប់ យើង​ឃើញ​ថា ការ​គំរាមកំហែង​បំបាក់​ស្មារតី​​ពលរដ្ឋ​ជា​តំណាង​សហគមន៍ ដែល​គាត់​លេចធ្លោ​ក្នុង​ការ​ប្ដឹង​តវ៉ា​ទៅ​ឲ្យ​គ្នា​គាត់ ១១២​នាក់​ហ្នឹង»

​ដីកា​រក្សា​ការពារ​របស់​ចៅក្រម​សាលាដំបូង​ខេត្ត​រតនគិរី កាល​ពី​ឆ្នាំ​២០១៣ ឈ្មោះ ហ៊ាង សុជាតិ មាន​ប័ណ្ណ​កម្មសិទ្ធិ ២០​ប្លង់​ដែល​មាន​ម្ចាស់​កម្មសិទ្ធិ​ផ្សេង​គ្នា​លើ​ដី​សរុប ១៨៦​ហិកតារ បាន​ប្ដឹង​សុំ​​​ទៅ​តុលាការ​ខេត្ត​រតនគិរី រក្សា​ការពារ​ដី​ដែល​ប្រជាពលរដ្ឋ​បាន​តាំងទី​លំនៅ និង​ប្ដឹង​ចោទ​អ្នក​ភូមិ​ថា បាន​រំលោភ​កាន់កាប់​អចលនទ្រព្យ​របស់​ខ្លួន។

យ៉ាង​ណា​ក៏ដោយ អ្នក​ភូមិ​បរឡយ នៅ​រសៀល​ថ្ងៃ​ទី​៣ ខែ​ធ្នូ នាំ​គ្នា​ចាក​ចេញ​ពី​ការិយាល័យ​អង្គការ​អាដហុក បន្ទាប់ពី​ពួកគាត់​បាន​ស្នាក់នៅ​តវ៉ា​សុំ​ឲ្យ​ដោះលែង​តំណាង​ពួកគាត់​មក​វិញ​កាល​ពី​រាត្រី​ថ្ងៃ​ទី​២ ខែ​ធ្នូ។ មុន​នឹង​ចាកចេញ​អ្នក​ភូមិ​បាន​ស្រែក​ថ្កោលទោស​មន្ត្រី​តុលាការ​ទៅ​នឹង​អំពើ​ពុករលួយ។ អ្នក​ភូមិ​អះអាង​ថា រយៈពេល ៥​ថ្ងៃ​ទៀត ប្រសិន​មិន​មាន​ការ​ដោះលែង​តំណាង​ពួកគាត់​វិញ​ទេ។ អ្នក​ភូមិ​នឹង​នាំ​គ្នា​មក​បន្ត​ការ​តវ៉ា​ជា​ថ្មី​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។