សហជីព​ព្រមាន​តវ៉ា​ទ្រង់ទ្រាយ​ធំ​បើ​សិន​រដ្ឋសភា​មិន​សើរើ​សេចក្ដី​ព្រាង​ច្បាប់​សហជីព

តំណាង​សហភាព​សហព័ន្ធ​សហជីព និង​សមាគម ដែល​ធ្វើ​ការ​ក្នុង​វិស័យ​ការងារ​នៅ​កម្ពុជា គំរាម​ជា​ថ្មី​ថា នឹង​ធ្វើ​ការ​តវ៉ា​ទ្រង់ទ្រាយ​ធំ​ទាំង​ថ្នាក់​ជាតិ និង​អន្តរជាតិ ប្រសិន​បើ​រដ្ឋសភា​កម្ពុជា មិន​ព្រម​ពិនិត្យ​បញ្ចូល​អនុសាសន៍​របស់​សហជីព​ទៅ​ក្នុង​សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​សហជីព ដែល​រដ្ឋាភិបាល​បាន​អនុម័ត ហើយ​កំពុង​ឋិត​ក្នុង​ដៃ​របស់​រដ្ឋសភា។ ក្រុម​សហជីព​ថ្លែង​ថា សេចក្តី​ព្រាង​នេះ មិន​គោរព​តាម​បទដ្ឋាន​អន្តរជាតិ និង​រំលោភ​ទៅ​លើ​សិទ្ធិ​សេរីភាព​របស់​សហជីព និង​កម្មករ​និយោជិត។

ការ​ព្រមាន​របស់​សហជីព​នេះ ក្នុង​ពេល​តំណាង​សហជីព​មក​ពី​ជាង ២០​ស្ថាប័ន បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​មុខ​រដ្ឋសភា នៅ​ព្រឹក​ថ្ងៃ​ទី​៣ ខែ​ធ្នូ ដើម្បី​ដាក់​លិខិត​ទៅ​កាន់ លោក ហេង សំរិន ប្រធាន​រដ្ឋសភា ស្នើសុំ​ឲ្យ​តំណាង​សហជីព​ជួប​ពិភាក្សា​ជាមួយ​គណៈកម្មការ​នីតិកម្ម និង​យុត្តិធម៌ ឬ​គណៈកម្មការ​ទី​៦ នៃ​រដ្ឋសភា។

ការ​ស្នើសុំ​ជួប​ពិភាក្សា​នេះ ធ្វើ​ឡើង​មុន​ពេល​ដែល​គណៈកម្មការ​ទី​៦ គ្រោង​នឹង​ជួប​ពិភាក្សា​ទៅ​លើ​សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​សហជីព ដែល​គ្រោង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​៧ ខែ​ធ្នូ។

នៅ​ក្នុង​លិខិត​ដាក់​ទៅ​កាន់ លោក ហេង សំរិន តំណាង​សហជីព​រៀបរាប់​ថា កាល​ពី​ពេល​ដែល​សេចក្តី​ព្រាង​ច្បាប់​នេះ​ឋិត​ក្នុង​ដៃ​របស់​រដ្ឋាភិបាល សហជីព​បាន​ផ្តល់​យោបល់​ជាច្រើន ដើម្បី​កែប្រែ​នូវ​ចំណុច​ទាំងឡាយ​ដែល​ប៉ះពាល់​ដល់​សិទ្ធិ​សេរីភាព​របស់​សហជីព និង​កម្មករ​និយោជិត ជាពិសេស​ប៉ះពាល់​ដល់​សិទ្ធិ​សេរីភាព​ស្ដីពី​សេរីភាព​នៃ​សមាគម សិទ្ធិ​ក្នុង​ការ​បង្កើត​អង្គការ​វិជ្ជាជីវៈ សិទ្ធិ​ទទួល​បាន​ការ​ការពារ និង​ការ​ចរចា​ជា​សមូហភាព​របស់​អង្គការ​វិជ្ជាជីវៈ ជាដើម។

យ៉ាង​ណា សហជីព​ថា រដ្ឋាភិបាល​មិន​បាន​បន្ត​ពិភាក្សា​ទៅ​លើ​ចំណុច​ដែល​ជា​ក្តី​បារម្ភ​របស់​ពួក​គេ​ឡើយ។ អាស្រ័យ​ហេតុ​នេះ ទើប​សហជីព​ស្នើ​ជួប​ជាមួយ​គណៈកម្មការ​នីតិកម្ម និង​យុត្តិធម៌ ដើម្បី​ពិភាក្សា មុន​ពេល​សេចក្តី​ព្រាង​ច្បាប់​នេះ​បញ្ជូន​ទៅ​កាន់​រដ្ឋសភា ដើម្បី​ពិភាក្សា និង​អនុម័ត។

ប្រធាន​សហភាព​ចលនា​កម្មករ​កម្ពុជា និង​ជា​ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ លោក ប៉ាវ ស៊ីណា ដែល​ចូលរួម​ដាក់​លិខិត​ទៅ​កាន់ លោក ហេង សំរិន មាន​ប្រសាសន៍​នៅ​ពេល​នោះ​ថា ក្រុម​សហជីព​មិន​សប្បាយ​ចិត្ត​ទៅ​នឹង​ខ្លឹមសារ​ដែល​មាន​ចែង​នៅ​ក្នុង​សេចក្តី​ព្រាង​ច្បាប់​នោះ​ទេ ព្រោះ​តែ​វា​មិន​បាន​គោរព​ទៅ​តាម​បទដ្ឋាន​ដែល​អាច​ទទួល​យក​បាន វា​មាន​ចរិត​រឹតត្បិត​ទៅ​លើ​សហជីព និង​ការ​កំណត់​លក្ខខណ្ឌ​ស្មុគស្មាញ ដើម្បី​បង្អាក់​សកម្មភាព​របស់​កម្មករ​និយោជិត។

លោក ប៉ាវ ស៊ីណា៖ «នៅ​ក្នុង​កិច្ច​ប្រជុំ​យើង​ពី​មុនៗ​មក ដែល​មាន​ការ​ចូលរួម​ពី អាយឡូ (ILO) ក៏ដូចជា​សហជីព​អន្តរជាតិ គឺ​ពួក​គេ​អត់​សប្បាយ​ចិត្ត​ទៅ​នឹង​ច្បាប់​នេះ​ទេ ពីព្រោះ​ថា ច្បាប់​នេះ​មិន​បាន​អនុវត្ត​ឲ្យ​បាន​ពេញលេញ ស្រប​ទៅ​តាម​អនុសញ្ញា​របស់​អង្គការ អាយឡូ ទេ។ អ៊ីចឹង​វា​ដើរ​ថយ​ក្រោយ ហើយ​សហជីព​អន្តរជាតិ​គេ​មិន​បដិសេធ​ក្នុង​ការ​បង្កើត​ទេ ប៉ុន្តែ​គេ​ជំរុញ​ឲ្យ​ច្បាប់​នេះ ក្លាយ​ទៅ​ជា​ច្បាប់​មួយ​ដែល​មាន​លក្ខណៈ​ស្តង់ដារ»

នៅ​ថ្ងៃ​ទី​៣ ធ្នូ នេះ​ដែរ អង្គការ​សមាជ​សហជីព​អន្តរជាតិ ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡុងដ៍ (London) ចក្រភព​អង់គ្លេស បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ជូន​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជំរុញ​ឲ្យ​មាន​ការ​អនុញ្ញាត​ឲ្យ​សហជីព​មាន​ឱកាស​ពេញលេញ ក្នុង​ការ​ចូលរួម​ពិគ្រោះ​យោបល់​ទៅ​លើ​សេចក្តី​ព្រាង​ច្បាប់ ដែល​រដ្ឋាភិបាល​ទើប​បាន​អនុម័ត​បញ្ជូន​ទៅ​កាន់​រដ្ឋសភា​នេះ។

អង្គការ​សមាជ​សហជីព​អន្តរជាតិ លើក​ឡើង​ថា សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​សហជីព​របស់​រដ្ឋាភិបាល មិន​ទាន់​ស្រប​តាម​បទដ្ឋាន​នៃ​អនុសញ្ញា​អន្តរជាតិ ស្ដីពី​អង្គការ​អន្តរជាតិ​ខាង​ការងារ ឬ​ហៅ​កាត់​ថា អាយឡូ (ILO) នៅ​ឡើយ។ ពួក​គេ​ថា ច្បាប់​ស្ដីពី​សហជីព ត្រូវ​គោរព​សិទ្ធិ​សេរីភាព​នៃ​សមាគម សេរីភាព​ក្នុង​ការ​ចងក្រង​ជា​ក្រុម និង​ការ​ចរចា​ជា​សមូហភាព​របស់​អង្គការ​វិជ្ជាជីវៈ។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​រដ្ឋសភា លោក ឡេង ប៉េងឡុង ដើម្បី​ឆ្លើយ​តប​ចំពោះ​ការ​ស្នើសុំ​របស់​សហជីព​បាន​ទេ។ ចំណែក​ប្រធាន​គណៈកម្មការ​នីតិកម្ម និង​យុត្តិធម៌​នៃ​រដ្ឋសភា លោក ប៉ែន បញ្ញា មាន​ប្រសាសន៍​ថា លោក​ជាប់​រវល់។

យ៉ាង​ណា ក្រុម​សហជីព​ថ្លែង​ថា ពួក​គេ​មិន​អាច​ទទួល​យក​ច្បាប់​មួយ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​សេរីភាព ផល​ប្រយោជន៍​សេដ្ឋកិច្ច​របស់​កម្មករ​និយោជិត និង​សង្គម​ទាំង​មូល​បាន​នោះ​ឡើយ។ ពួក​គេ​ប្ដេជ្ញា​ថា នឹង​ធ្វើ​ការ​តវ៉ា​ជា​សាធារណៈ ប្រឆាំង​ទៅ​នឹង​សេចក្តី​ព្រាង​ច្បាប់​នេះ បើ​រដ្ឋសភា​មិន​យក​ចិត្ត​ទុក​ចំពោះ​អនុសាសន៍​របស់​ពួក​គេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។