ចោរ​ស្រី​ដៃ​ឆើត​អស់លក្ខណ៍ ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​បាន​នៅ​ផ្សា​ជី​ភូ

ខេត្តស្វាយរៀង ៖ ចោរ​ស្រី​ដៃ​ឆើត​អស់លក្ខណ៍​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​បាន បន្ទាប់​ពី​ចោរ​ស្រី​រូប​នេះ​ធ្វើ​សកម្មភាព​លួច​សម្ភារ និង​លុយ​មួយ​ចំនួន​ជា​បន្តបន្ទាប់​ពី​អាជីវករ​៣​នាក់​នៅ​ក្នុង​ផ្សា​ជី​ភូរ កាលពី​វេលា​ម៉ោង​៣ និង​៤៥​នាទី​រសៀល ថ្ងៃ​ទី​១ ខែធ្នូ ឆ្នាំ​២០១៥ នៅ​ចំណុច​ភូមិ​គោរ​ល្វៀង សង្កាត់​ព្រៃ​អ​ង្គុ​ញ ក្រុង​បា​វិត ខេត្តស្វាយរៀង ។

បើ​តាម​លោក​វរៈសេនីយ៍ទោ កែវ សុ​ថា នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាន​ឲ្យ​ដឹង​ថា ស្ត្រី​សង្ស័យ​មានឈ្មោះ យូ ឡា​ង អាយុ​៣៦​ឆ្នាំ សញ្ញា​តិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​តា​បិ​ប សង្កាត់​បា​វិត ក្រុង​បា​វិត ខេត្តស្វាយរៀង ។ ប្រភព​បន្ត​ថា នៅ​វេលា​ម៉ោង ១២​ថ្ងៃត្រង់​ថ្ងៃ​ទី​១ ខែធ្នូ ឆ្នាំ​២០១៥ គេ​ឃើញ​ស្ត្រី​សង្ស័យ​ខាងលើ​បាន​ជិះ​រថយន្តឈ្នួល​មក​ឈប់​នៅ​ពីមុខ​ផ្សា​ជី​ភូ ហើយ​ម៉ោង​៣ និង​៤៥​នាទី​រសៀល ស្ត្រី​សង្ស័យ​ក៏​បាន​ដើរ​ចូល​ទៅ​ក្នុង​ផ្សារ ហើយ​បាន​លួច​យក​ក្បាល DVD ១​គ្រឿង ពណ៌​ខ្មៅ និង​ខោអាវ​១​កំ​ប្លេ​រ នៅ​ក្នុង​តូប​របស់​ឈ្មោះ កឹ​ម សា​បេ ដែល​ម្ចាស់​បាន​ដើរទៅ​បន្ទប់ទឹក​បាត់ ។ បន្ទាប់​មក​ដោយ​ឃើញ​ឈ្មោះ ជូន លក្ខណា ភេទ​ស្រី ជា​ម្ចាស់​តូប​លក់​នៅ​ក្បែរ​គ្នា​ដេក​លក់​នៅ​លើ​តូប​របស់​ខ្លួន ស្ត្រី​សង្ស័យ​ក៏​បាន​លួច​យក​ទូរស័ព្ទ​ម៉ាក iPhone 5 ពី​ក្នុង​កាបូប​១​គ្រឿង​ទៀត ហើយ​ជនសង្ស័យ​ក៏​បាន​ដើរទៅ​តថ្លៃ​ខោអាវ​នៅ​តូប​របស់​កូនស្រី​ឈ្មោះ នេ​ត សារ​វ៉េ​ត និង​បាន​បន្លំ​យក​កាបូប​លុយ​របស់​ឈ្មោះ នេ​ត សា​វ៉េ​ត ទៀត ដែល​ក្នុង​កាបូប​នោះ​មាន​លុយ​ខ្មែរ​ចំនួន ២០២ ១០០​រៀល លុយ​ដុល្លា​២៦​ដុល្លា លុយ​ដុ​ង​ចំនួន​១​សែន​ដុ​ង និង​ទូរស័ព្ទ​ម៉ាក Metphone ពណ៌ ក្រហម​មួយ​គ្រឿង ។

ក្រោយ​ពី​ធ្វើ​សកម្មភាព ស្ត្រី​សង្ស័យ​ខាងលើ​បាន​ដើរ​ចេញពី​ផ្សារ​ជី​ភូ មក​ថ្នល់ជាតិ​លេខ​១ គោលបំណង​ឡើង​ជិះ​រថយន្តឈ្នួល​គេចខ្លួន តែ​សំណាងអាក្រក់​ម្ចាស់ទ្រព្យ​ទាំង​៣​បានដឹង​ខ្លួន​ទាន់ និង​បាន​ដេញ​តាម​ចាប់​យក​មក​ប្រគល់​ឱ្យ​សមត្ថកិច្ច​នគរបាល​ព្រៃ​អ​ង្គុ​ញ​ចាត់ការ​តាម​នីតិវិធី ។

ក្រោយ​ពី​ធ្វើការ​ឃាត់ខ្លួន សមត្ថកិច្ច​រក​ឃើញ​វត្ថុ​តាង​រួម​មាន ក្បាល DVD ពណ៌​ខ្មៅ​១ ខោអាវ​១​កំ​ប្លេ​រ ទូរស័ព្ទ​ម៉ាក iPhone 5 ពណ៌​ខ្មៅ​១ ទូរស័ព្ទ​ម៉ាក Metphone  ពណ៌​ក្រហម​១ លុយ​ខ្មែរ ២០២ ១០០​រៀល លុយ​ដុល្លា​២៦​ដុល្លា លុយ​ដុ​ង​១​សែន​ដុ​ង ។

បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង និង​បញ្ជូន​ស្ត្រី​សង្ស័យ​ខាងលើ​ទៅ​កាន់​តុលាការ​នៅ​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​៣ ខែធ្នូ ឆ្នាំ​២០១៥​នេះ ពី​បទ​លួច​ទ្រព្យសម្បតិ្ត​អ្នក​ដទៃ ៕