តុលាការ​សាលាឧទ្ធរណ៍ បើកសវនាការ​លើករ​ណី​លោក​ឧកញ៉ា ថោង​សារ៉ាត់ និង​ឪពុកម្តាយ​

ភ្នំពេញ: ​តុលាការ​សាលាឧទ្ធរណ៍ បាន​បើកសវនាការ​លើ​បណ្តឹង​របស់លោក​ឧកញ៉ា ថោង សារ៉ាត់ ព្រមទាំង​ឪពុកម្តាយ​របស់លោក នា​ព្រឹក​ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០១៥ ពាក់ព័ន្ធ​នឹង​សំណុំរឿង​ប្រើប្រាស់​អាវុធ​ខុសច្បាប់​។ បន្ទាប់ពី​សវនាការ ចៅក្រម​បានសម្រេច​ថា នឹង​ប្រកាស​សេចក្តីសម្រេច លើ​រឿងនេះ នៅ​ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០១៥​។​

​លោក ថោង សារ៉ាត់ និង​ឪពុកម្តាយ ត្រូវបាន​ឆ្មាំ​ពន្ធនាគារ នាំមក​កាន់​តុលាការ​សាលាឧទ្ធរណ៍ នៅក្នុង​សវនាការ នា​ព្រឹក​ថ្ងៃទី​៣​ធ្នូ​។

​លោក ថោង សារ៉ាត់ និង​ឪពុកម្តាយ ដែលជា​ជនជាតិ​វៀតណាម កាលពី​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០១៥ ត្រូវបាន​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ផ្តន្ទាទោស​ដាក់ពន្ធនាគារ រយៈពេល ២​ឆ្នាំ និង​ពិន័យ​ប្រាក់ ៦​លាន​រៀល ពាក់ព័ន្ធ​នឹង​សំណុំរឿង "​កាន់កាប់​អាវុធ​ដោយ​គ្មាន​ការអនុញ្ញាត​"​។​

​លោក ថោង សារ៉ាត់ ថៅកែ​បុរី​៩៩៩ ជាប់ចោទ​ជា​មេក្លោង​ក្នុង​អំពើ​ឃាតកម្ម បាញ់សម្លាប់​លោក​ឧកញ៉ា អ៊ឺ​ង ម៉េង​ជឺ នៅមុខ​ហាង​លក់​ផ្លែឈើ  ក្បែរ​ផ្សារ​អូឡាំពិក ក្នុង​រាជធានី​ភ្នំពេញ  កាលពី​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៤​។

​ក្រោយ​កើតហេតុ​ភ្លាមៗ អង្គរក្ស ៤ នាក់​របស់លោក​ថោង​សារ៉ាត់ ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន ដោយ​ចោទប្រកាន់ថា ជា​ជនដៃដល់ និង​ជា​អ្នកសមគំនិត ក្នុង​អំពើ​ឃាតកម្ម​នោះ​។ បន្តិចក្រោយមក  ឪពុកម្តាយ​របស់លោក​ថោង​សារ៉ាត់ ក៏​ត្រូវបាន​ចាប់ខ្លួន បន្ទាប់ពី​ធ្វើ​សន្ន​សីទ​កាសែត​។ ប៉ូលិស បាន​ឆែកឆេរ និង​រកឃើញថា ឪពុកម្តាយ​របស់លោក​ថោង​សារ៉ាត់ ដែលមាន​ឈ្មោះ​ជា​យោធា នៅ​ក្រសួងការពារជាតិ​កម្ពុ​ជា មាន​លាក់ទុក​អាវុធ​ខុសច្បាប់​។

​រីឯ​លោក​ថោង​សារ៉ាត់ បាន​រត់គេចខ្លួន រហូតដល់​ចប់​ពិធីបុណ្យ​ចូលឆ្នាំថ្មី នៅ​ឆ្នាំ​២០១៥​នេះ ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន នៅ​ព្រំដែន​វៀតណាម នាំមក​ឃុំខ្លួន ក្រោម​ការចោទប្រកាន់​ពីបទ​មេក្លោង​ក្នុង​អំពើ​ឃាតកម្ម​បាញ់សម្លាប់​លោក​ឧក​ញ៉ា អ៊ឹង ម៉េង​ជឺ​៕​