ក្រុម​យុវជន​អះអាង​ថា​នៅ​តែ​ជួប​បញ្ហា​ប្រឈម​ក្នុង​ការ​ចូលរួម​ដោះស្រាយ​ទំនាស់​ដីធ្លី

ក្រុម​យុវជន​លើក​ឡើង​ថា សកម្មភាព​ចូលរួម​ទប់ស្កាត់ និង​ដោះស្រាយ​ទំនាស់​ដីធ្លី នៅ​តែ​ជួប​បញ្ហា​ប្រឈម​ច្រើន ដូចជា​រង​ការ​គំរាម​កំហែង និង​ឃ្លាំ​មើល​ពី​អាជ្ញាធរ។ ក្តី​ព្រួយ​បារម្ភ​នេះ ធ្វើ​ឡើង​ក្នុង​វេទិកា​យុវជន​ស្ដីពី​ដីធ្លី និង​លំនៅឋាន​សក្ដានុពល​របស់​យុវជន ក្នុង​ការ​រួម​ចំណែក​បង្កើន​ការ​ទប់ស្កាត់ និង​ដោះស្រាយ​បញ្ហា​ដីធ្លី​នៅ​កម្ពុជា នៅ​ថ្ងៃ​ទី​៣ ខែ​ធ្នូ ប៉ុន្តែ​មន្ត្រី​រដ្ឋាភិបាល ច្រាន​ចោល​ការ​លើក​ឡើង​នេះ។

បើ​ទោះ​ជា​រដ្ឋាភិបាល បាន​ប្រកាស​ធ្វើ​កំណែ​ទម្រង់​ដីធ្លី​ជាច្រើន​ក្តី ប៉ុន្តែ​ក្រុម​យុវជន និង​អង្គការ​សង្គម​ស៊ីវិល នៅ​តែ​មើល​ឃើញ​ថា វិវាទ​ដីធ្លី​នៅ​តែ​កើត​ឡើង។

យុវជន យ៉ើ វណ្ណី មក​ពី​ខេត្ត​កំពត លើក​ឡើង​ថា យុវជន​នៅ​តែ​មាន​ការ​ភ័យ​ខ្លាច​ក្នុង​ការ​ចូលរួម​ពាក់ព័ន្ធ​នឹង​បញ្ហា​ដីធ្លី ដោយសារ​តែ​មាន​ការ​គំរាម​កំហែង​ពី​អាជ្ញាធរ។ យុវជន​រូប​នេះ​មើល​ឃើញ​ថា ទំនាស់​ដីធ្លី​បច្ចុប្បន្ន កើត​ឡើង​ដោយសារ​អ្នក​មាន​លុយ និង​អ្នក​មាន​អំណាច សហការ​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ ប្រើ​ល្បិចកល​បណ្ដេញ​ប្រជាពលរដ្ឋ​ម្ចាស់​ដី និង​ម្ចាស់​លំនៅឋាន បើ​ទោះ​បី​ជា​ពួក​គាត់​មាន​ឯកសារ​ច្បាប់​រឹងមាំ​យ៉ាង​ណា​ក្តី៖ «»។

កន្លង​មក ជម្លោះ​ដីធ្លី​នៅ​តំបន់​បឹងកក់ បុរី​កីឡា និង​ជម្លោះ​ដីធ្លី​នៅ​ស្រុក​ជីក្រែង ខេត្ត​សៀមរាប ព្រម​ទាំង​ប្រជាពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​នៅ​បណ្ដា​ខេត្ត​ផ្សេងៗ​ជាច្រើន​ទៀត ដែល​ឡើង​មក​តវ៉ា​ក្នុង​រាជធានី​ភ្នំពេញ​នោះ សុទ្ធតែ​ធ្លាប់​ត្រូវ​បាន​អាជ្ញាធរ​បង្ក្រាប​ដោយ​ហិង្សា។

យុវជន​មួយ​ចំនួន​ទៀត ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ក្នុង​វេទិកា​យុវជន​ស្ដីពី​ដីធ្លី និង​លំនៅឋាន ដែល​ផ្ដោត​លើ​សក្ដានុពល​របស់​យុវជន​ក្នុង​ការ​រួម​ចំណែក​បង្កើន​ការ​ទប់ស្កាត់ និង​ដោះស្រាយ​បញ្ហា​ដីធ្លី​នៅ​កម្ពុជា នៅ​ថ្ងៃ​ទី​៣ ខែ​ធ្នូ ថា អាជ្ញាធរ​តែង​តែ​ប្រើប្រាស់​កម្លាំង​ប្រដាប់​ដោយ​កាំភ្លើង និង​ដំបង ដើម្បី​បង្ក្រាប​ដោយ​ហិង្សា នៅ​ពេល​ពួក​គាត់​ប្រមូល​ផ្តុំ​តវ៉ា​ដាក់​ញត្តិ​សុំ​អន្តរាគមន៍​ពី​ស្ថាប័ន​ពាក់ព័ន្ធ។

ប្រធាន​លេខាធិការដ្ឋាន​គណៈកម្មការ​សុរិយោដី​ថ្នាក់​ជាតិ និង​ជា​អគ្គនាយក​រង​សុរិយោដី និង​ភូមិសាស្ត្រ លោក វុឌ្ឍី វណ្ណារ៉ា មាន​ប្រសាសន៍​ថា កន្លង​មក រដ្ឋាភិបាល​បាន​ធ្វើ​កំណែ​ទម្រង់​ជាច្រើន​លើ​វិស័យ​ដីធ្លី។ ជាក់ស្តែង កាល​ពី​ឆ្នាំ​២០១២ រដ្ឋាភិបាល​បាន​ដាក់​ចេញ​បទបញ្ជា​០១ ដោយ​មាន​យុវជន​រាប់​ពាន់​នាក់​ចុះ​វាស់វែង​ដីធ្លី​ជូន​ប្រជាពលរដ្ឋ។ គោល​នយោបាយ​រដ្ឋាភិបាល​ទាំង​នេះ លោក​អះអាង​ថា បាន​ធ្វើ​ឲ្យ​ទំនាស់​ដីធ្លី​នៅ​កម្ពុជា ថយ​ចុះ​អប្បបរមា។ លោក​បន្ថែម​ថា សកម្មភាព​ចូលរួម​ដោះស្រាយ​ទំនាស់​ដីធ្លី មិន​មែន​តែ​យុវជន​នោះ​ទេ គឺ​បុគ្គល​ណា​ក៏​អាច​ចូលរួម​បាន​ដែរ៖ «»។

លោក វុឌ្ឍី វណ្ណារ៉ា ឲ្យ​ដឹង​ដែរ​ថា ឫសគល់​នៃ​បញ្ហា​ដីធ្លី​នៅ​ក្នុង​ប្រទេស​កម្ពុជា កើត​ឡើង​ក្នុង​រូបភាព ៧​យ៉ាង គឺ​ដោយសារ​សង្គ្រាម​ផ្ទៃ​ក្នុង​ពី​អតីតកាល កំណើន​ប្រជាសាស្ត្រ និង​តម្រូវ​ការ ភាព​លោភលន់។ ទម្លាប់​របស់​ប្រជាជន​ដែល​ទិញ​លក់ ជួល បញ្ចាំ ជាដើម ធ្វើ​ឡើង​ដោយ​ការ​ជឿ​ទុក​ចិត្ត​គ្នា និង​មាន​អ្នក​ខ្លះ យក​ទំនាស់​ដីធ្លី​ជា​មុខ​របរ។ ក្រៅ​ពី​នេះ ដោយសារ​ការ​រៀបចំ​ទឹក​ដី នគរូបនីយកម្ម និង​ការ​អភិវឌ្ឍ ព្រម​ទាំង​កង្វះ​ការ​អនុវត្ត​ច្បាប់ និង​មិន​គោរព​ច្បាប់​ទាំង​ប្រជាពលរដ្ឋ និង​អាជ្ញាធរ។

ដោយឡែក​នាយិកា​ប្រតិបត្តិ​អង្គការ​ស្ដារ​កម្ពុជា អ្នកស្រី ជេត ចរិយា មាន​ប្រសាសន៍​ថា ទំនាស់​ដីធ្លី​ដែល​កើត​ឡើង​រវាង​បុគ្គល និង​បុគ្គល​នោះ គឺ​ដោះស្រាយ​លឿន ប៉ុន្តែ​បើ​សហគមន៍ និង​ក្រុមហ៊ុន​វិញ នៅ​តែ​បន្ត​រ៉ាំរ៉ៃ។ អ្នកស្រី​បន្ត​ថា ប្រសិន​បើ​យុវជន​ស្វែង​យល់​ពី​បញ្ហា​ដីធ្លី គោល​នយោបាយ​ដីធ្លី​របស់​រដ្ឋាភិបាល​នោះ គឺ​អាច​រួម​ចំណែក​ដោះស្រាយ​បញ្ហា​ដីធ្លី​បាន​ច្រើន៖ «»។

ក្រុម​យុវជន និង​អង្គការ​សង្គម​ស៊ីវិល អំពាវនាវ​ឲ្យ​រដ្ឋាភិបាល និង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ មាន​ការ​យក​ចិត្ត​ទុក​ដាក់ និង​សហការ​ចាប់​ដៃ​គ្នា​ដោះស្រាយ​ទំនាស់​ដីធ្លី​ដែល​នៅ​សេសសល់​ឲ្យ​បាន​ឆាប់ ដើម្បី​កុំ​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​ជីវភាព និង​សិទ្ធិ​រស់​រាន​មាន​ជីវិត​របស់​ប្រជាពលរដ្ឋ និង​ទប់ស្កាត់​កុំ​ឲ្យ​ពួក​គាត់​ធ្វើ​ចំណាក​ស្រុក​ទៅ​ធ្វើ​ជា​ពលករ​នៅ​បរទេស៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។