ជប៉ុន​ផ្ដល់​ជំនួយ​ឥត​សំណង​ដល់​កម្ពុជា​​ជិត​៨​សែន​ដុល្លារ​សម្រាប់​ការងារ​ជួសជុល​ផ្លូវ​ចូល​ខាងលិច​ប្រាសាទអង្គរវត្ត

ខេត្តសៀមរាប ៖ រដ្ឋាភិបាល​ជប៉ុន​សម្រេច​ផ្តល់​ជំនួយ​ឥត​សំណង​ដែល​មាន​ថវិកា​សរុប​៩៤.៧០០.០០០​យ៉េន ស្មើនឹង​៧៦៧.០០០​ដុល្លារ​អា​មេ​រិ​ក​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ផ្គត់ផ្គង់​គ្រឿង​បរិក្ខា​ធុន​ធ្ងន់ ដែល​ស័ក្តិសម​សម្រាប់​ការងារ​ជួសជុល​ផ្លូវ​ចូល​ខាងលិច​នៃ​ប្រាសាទអង្គរវត្ត ។

ពិធី​ប្រគល់​ជំនួយ និង​ទទួល​គ្រឿង​បរិក្ខា​ធុន​ធ្ងន់​នេះ បាន​ធ្វើ​ឡើង​នា​រសៀល​ថ្ងៃ​ទី​៣ ខែធ្នូ ឆ្នាំ​២០១៥ នៅ​សាលសន្និសីទ​របស់​អាជ្ញាធរ​ជាតិ​អប្សរា ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​លោក​បណ្ឌិត​សភាចា​រ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្ដីការគណៈរដ្ឋមន្ត្រី និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​អប​ប្ស​រា និង​លោក គូ​ម៉ា​ម៉ា​រ៉ូ យូ​ជិ ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​របស់​ប្រទេស​ជប៉ុន ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ។

បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ជា​ផ្លូវការ​របស់​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា និង​ការិយាល័យ JICA ប្រចាំ​កម្ពុជា​បានឱ្យ​ដឹង​ថា ដើម្បី​អាច​ជួសជុល​ផ្លូវ​ចូល​ខាងលិច​ប្រាសាទអង្គរវត្ត​បាន គេ​ចាំបាច់​ត្រូវ​ផ្លាស់​ទី​ដុំ​ថ្ម​ធំ​ៗ ប្រកបដោយ​ប្រសិទ្ធិ​ភាព និង​សុវត្ថិភាព​រវាង​វាល​ដាក់​ថ្ម ដែល​នៅ​ក្បែរ​ច្រកចូល​ទៅ​កាន់​ផ្លូវ​ចូល​ខាងលិច និង​ការដ្ឋាន​ដែល​ស្ថិត​នៅ​កណ្ដាលផ្លូវ​ចូល​ខាងលិច ដែល​មាន​ចម្ងាយ​ប្រមាណ​១០០​ម៉ែត្រ ។

ប្រភព​ដដែល​បាន​បញ្ជាក់​ថា ទម្ងន់​មធ្យម​នៃ​ថ្មបាយក្រៀម​គឺ​ប្រមាណ​ពី​៣០០​ទៅ​៤០០​គីឡូក្រាម ហើយ​ថ្មភក់ គឺ​ប្រមាណ​ពី​៥០០​ទៅ​៨០០​គីឡូក្រាម និង​ថ្ម​ខ្លះ​ទៀត​មាន​ទម្ងន់​ដល់​ទៅ​មួយ​តោន​កន្លះ ហើយ​យើង​ត្រូវការ​ម៉ាស៊ីនស្ទូច ដែល​មាន​សមត្ថភាព និង​ដង​វែង ដើម្បី​អាច​ផ្លាស់​ទី​ថ្ម​ទាំងនោះ​ប្រកបដោយ​សុវត្ថិភាព និង​ប្រសិទ្ធិ​ភាព ។

ប្រភព​ដដែល​បាន​បញ្ជាក់​ទៀត​ថា តាម​រយៈ​គម្រោង​នេះ ម៉ាស៊ីន​ស្ទួ​ច និង​គ្រឿង​បរិក្ខា​ធុន​ធ្ងន់​ផ្សេង​ៗ​ដែល​ត្រូវការ​ចាំបាច់​ក្នុង​ការ​ជួសជុល​ផ្លូវ​ខាងលិច នឹង​ត្រូវ​ផ្តល់​ជូន​មក​ខាង​អាជ្ញាធរ​ជាតិ​អប្សរា ដើម្បី​អាច​បញ្ចប់​កិច្ចការ​ជួសជុល​ផ្លូវ​ចូល​ខាងលិច ។ យើង​សង្ឃឹមថា ការ​បញ្ចប់​ការងារ​ជួសជុល​គម្រោង​នេះ មិន​ត្រឹមតែ​អាច​កែ​លម្អ​សោភ័ណ​ភាព​របស់​ប្រាសាទអង្គរវត្ត និង​ការពារ​ទម្រង់​នៃ​ផ្លូវ​ចូល​ខាងលិច​នា​ពេល​អនាគត ថែម​ទាំង​អាច​ផ្តល់​បរិស្ថាន ដែល​មាន​សុវត្ថិភាព​ដល់​ភ្ញៀវ​ទេសចរណ៍ ដែល​ចូល​មក​ទស្សនា​ប្រាសាទ​អង្គរ​យ៉ាងច្រើន​កុះករ​ផង​ដែរ ៕