សភា​អង់គ្លេស​បោះ​ឆ្នោត​បើក​ភ្លើង​ខៀវ​ឲ្យ​ទម្លាក់​គ្រាប់​នៅ​ស៊ីរី

បន្ទាប់​ពី​សភា​អង់គ្លេស ​បាន​បោះឆ្នោត ​កាល​ពី​យប់​ថ្ងៃ​ពុធ ​សម្រេច​បើក​ភ្លើង​ខៀវ ​ឲ្យ​កងទ័ព​អាកាស​អង់គ្លេស​អាច​ចេញ​ប្រតិបត្តិការ​ទម្លាក់​គ្រាប់​បែក​នៅ​ស៊ីរី​ ប៉ុន្មាន​ម៉ោង​ក្រោយ​មក ​យន្តហោះ​ចម្បាំង​អង់គ្លេស​៤​គ្រឿង ​ដែល​ឈរ​ជើង​នៅ​លើ​កោះ​ឈីព្រ ​បាន​ហោះ​ទៅ​ទម្លាក់​គ្រាប់ ​លើ​មូលដ្ឋាន​របស់​ក្រុម​ជីហាដ​អង្គការ​រដ្ឋ​អ៊ីស្លាម ​នៅ​ស៊ីរី។ ការ​បោះឆ្នោត​យល់​ព្រម​ របស់​សភា​អង់គ្លេស ​បាន​ធ្វើ​ឡើង ​បន្ទាប់​ពីមាន​ការ​អំពាវនាវ​ពី​បារាំង ​និង​ពី​រដ្ឋាភិបាល​លោក​ដេវីដ ខាមឺរ៉ុន​ផ្ទាល់ ​បើ​ទោះ​បី​ជា​ប៉ុន្មាន​ថ្ងៃ​មុន​នេះ ​ មានបាតុកម្ម​ទាមទារ ​កុំ​ឲ្យ​អង់គ្លេស​ចូលរួម​ធ្វើ​សង្រ្គាម​ នៅ​ស៊ីរី​ក៏​ដោយ។