ប្តី​ប្រពន្ធ​វាយ​ប្រហារ​ទឹក​អាស៊ីត​ដាក់​គ្នា​ព្រោះតែ​រឿង​​ប្រច័ណ្ឌ​

ខេត្តស្វាយរៀង ៖ ប្តី​ប្រពន្ធ​២​នាក់​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ធ្វើការ​ឃាត់ខ្លួន​ភ្លាម​ៗ​មក​សាកសួរ​បន្ទាប់​ពី​បាន​ប្រើ​អំពើ​ហិង្សា​ដោយ​យក​ទឹក​អាស៊ីត​ចាក់​លើ​គ្នា​ទៅ​វិញ​ទៅ​មក​ដោយសារ​តែ​ប្រច័ណ្ឌ​គ្នា​ជាមួយ​អ្នក​ភូមិ​ផង​របង​ជាមួយ ។ ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១១ និង​៥០​នាទី​យប់ ថ្ងៃ​ទី​២ ធ្នូ ២០១៥ ស្ថិត​នៅ​ក្នុងភូមិ​សំរោង ឃុំ​មុខ​ដា ស្រុក​រមាស​ហែក ខេត្តស្វាយរៀង ។

សមត្ថកិច្ច​នគរបាល​ស្រុក​រមាស​ហែក​បាន​ឲ្យ​ដឹង​ថា បុរស​ជា​ប្តី​មានឈ្មោះ ប៊ុ​ន សំបូរ អាយុ​៣០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ចំណែក​ស្ត្រី​ជា​ប្រពន្ធ​ឈ្មោះ ហែម សំ​អាន អាយុ​២៧​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ ។

សមត្ថកិច្ច​នគរបាល​ស្រុក​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា ក្រោយ​ពី​ធ្វើការ​សាកសួរ ទាំង​២​នាក់​ប្តី​ប្រពន្ធ​ឆ្លើយ​យកឈ្នះ​រៀង​ៗ​ខ្លួន ដោយ​ប្តី​ប្រច័ណ្ឌ​ថា​ប្រពន្ធ​មាន​សហាយស្មន់​ជាមួយ​ប្រុស​ផ្សេង ចំណែក​ប្រពន្ធ​ថា​មក​ពី​ប្តី​មាន​ស្រី​ថ្មី មិន​ដែល​គិតគូរ​ដល់​រូប​គាត់​ឡើយ មិនតែប៉ុណ្ណោះ​ព្រមទាំង​ចោទ​គ្នា​ទៅ​វិញ​ទៅ​មក​ថា​ជា​អ្នក​ចាក់​ចាក់ទឹក​អាស៊ីត ។

រហូត​មក​ដល់​ថ្ងៃ​ទី​៣ ធ្នូ ២០១៥​នេះ សមត្ថកិច្ច​នគរបាល​ស្រុក​កំពង់ធ្វើការ​ស៊ើបអង្កេត​ថា​នរណា​ជា​អ្នក​ប្រើ​ទឹក​អាស៊ីត​វាយប្រហារ​ទៅ​លើ​គេ​ពិតប្រាកដ ។ ចំណែក​ប្តី​ប្រពន្ធ​ទាំង​២​នាក់​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ស្រុក​រមាស​ហែក​នៅឡើយ ៕