ស្វាមី​ក្បត់ចិត្ត​ហើយ​សុំ​ឲ្យ​នាង​ខ្ញុំ​ទទួលស្គាល់​ប្រពន្ធចុង​ទៀត​

Sanofi

​គាត់​បានបង្ហាញ​ទំនាក់ទំនង​ស្នេហា​ជាមួយ​ស្ត្រី​ម្នាក់​នៅ​ចំពោះមុខ​មិត្ត​រួមការ​ងារ ហើយ​មក​និយាយប្រាប់​នាង​ខ្ញុំ​ថា គាត់​ចង់​រស់នៅ​ជាមួយ​ស្ត្រី​នោះ ដោយ​ស្នើឱ្យ​នាង​ខ្ញុំ​ទទួលយក ។ នាង​ខ្ញុំ​ស្មានថា​គាត់​និយាយ​លេងសើច ប៉ុន្តែ​គាត់​ថែមទាំង​បាន​និយាយប្រាប់​បងប្រុស​របស់​នា​ង​ខ្ញុំ​ទៀតផង ។ ស្វាមី និង នាង​ខ្ញុំ​ស្រឡាញ់គ្នា​ជាច្រើន​ឆ្នាំ​ទើប​រៀបការ ។ នាង​ខ្ញុំ​ជឿ ជាក់ និង មាន​សុភង្គ​ល​ជាមួយ​គាត់​ជាខ្លាំង ព្រោះ​គាត់​យកចិត្តទុកដាក់​តែ​ពី​គ្រួសារ និង ការងារ ។ ក្រោយមក​ទំនាក់ទំនង​របស់​យើង​ក៏​ហាក់ដូចជា មិនបាន​ល្អ​ដូច​មុន និង មានការ​ព្រងើយកន្តើយ​ដាក់គ្នា​រហូត ដោយ​មិនដឹង​ខ្លួន ។

ប​ន្ទ្ទា​ប់​ពី​បង្កើតកូន​បាន​ពីរ​នាក់ មនោសញ្ចេតនា​ប្តី​ប្រពន្ធ​នៅតែ​មិនបាន​ប្រសើរឡើង ។ ក្រោយមក​ស្វាមី​នាង​ខ្ញុំ​រកបាន​ការងារ​ថ្មី ដែល​នៅ​ឆ្ងាយ​ពី​គ្រួសារ គាត់​ត្រូវ​ជួល​ផ្ទ្ទះ​ដោយឡែក​ដើម្បី​ស្នាក់នៅ​ពេលនោះ​នាង​ខ្ញុំ​ត្រូវ​នៅ​ផ្ទ្ទះ​មើលថែ​កូនៗ ។ ​មិនយូរប៉ុន្មាន​គាត់​មាន​ស្រី ហើយ​នាង​ក៏​ទៅ​នៅ​ជាមួយ​គាត់ ។ មិនតែប៉ុណ្ណោះ​ប្តី​នាង​ខ្ញុំ​ថែមទាំង​មិនបាន​ក្រែងរអែង នៅពេល​បង្ហាញ​ទំនាក់ ទំនង​ស្នេហា​នេះ​នៅ​ចំពោះមុខ​មិត្ត​រួម​ការងារ​ទៀតផង ។ ប៉ុន្មាន​ខែក្រោយ​មក​ប្តី​នាង​ខ្ញុំ​ក៏​ប្រាប់​នាង​ខ្ញុំ​ដោយ​ត្រង់ៗ​ថា គាត់​មាន​ស្រី ហើយ​ចង់ឱ្យ​នាង​ខ្ញុំ​ព្រម​ទទួលស្គាល់​នាង​នោះ​ទៀតផង ។

ជាងនេះទៅទៀត​គាត់​ថែមទាំង​បាន​ប្រាប់​បងប្រុស​របស់​នាង​ខ្ញុំ​អំពី​រឿងនេះ​ទៀតផង ។ រយៈពេល​ប្រហែល ២ ឆ្នាំ​ក្រោយមក​ស្រី​ថ្មី​របស់​ប្តី​នាង​ខ្ញុំ​បង្កើត​បានកូន​ម្នាក់ ប៉ុន្តែ​ប្តី​នាង​ខ្ញុំ​ថា​គាត់​មិនដែល​យកចិត្តទុកដាក់ ឬ ទៅ​សួរ​សុខ​ទុក​នាង​នោះទេ ។ ប្រការនេះ​ធ្វើឱ្យ​នាង​ខ្ញុំ​អរ​ផង​ខ្លាច​ផង ព្រោះ​ស្រី​ម្នាក់​ដែល​អាចធ្វើឱ្យ​គាត់​ក្បត់​ប្រពន្ធ​ក្បត់​កូន​បែរជា​មិន​ទទួលបាន​ការយកចិត្ត​ទុកដាក់​ពី​គាត់ តើ​នាង​ខ្ញុំ និង កូនៗ​អាច​នឹងមាន​លទ្ធផល​ដូច​ស្រី​របស់គាត់​ដែរ ឬ យ៉ាងណា ? នាង​ខ្ញុំ​ចង់​លែងលះ ប៉ុន្តែ​នៅ​ស្រឡាញ់ និង នៅ​សង្ឃឹមថា​ថ្ងៃ​ណាមួយ​លោក​ប្តី​នឹង​វិល​ត្រលប់​មករក​ភាព​ដើម​វិញ ។

​ចំពោះ​នារី​មាន​វិបត្តិ

​ប្រសិនបើ​អ្វីដែល​នាង​និយាយ​ជាការ​ពិត ប្រជាប្រិយ​គិតថា​ស្វាមី​របស់​នាង​ជា​មនុស្ស​អ​ត្មា​និយម គឺ​ស្រឡាញ់ និង តម្រូវ​ចិត្ត​តែ​លើ​ខ្លួនឯង ។ គាត់​មិន​ត្រឹមតែ​មិន​ស្រឡាញ់​នាង​ប៉ុណ្ណោះ​ទេ ថែមទាំង​មិន​គោរព​នាង ដែលជា​ភរិយា​ពេញ​ច្បាប់​ទៀតផង ។ នៅក្នុង​គ្រួសារ​មួយ​ដែល​ប្តី​ប្រពន្ធ​មិន​គោរព​គ្នា​ទៅវិញទៅមក​វា​មិន​ខុស​អ្វី​ទៅនឹង​ការបែកបាក់​គ្នា​នោះទេ ។ បុរស​ម្នាក់​ដែល​បានជ្រើសរើស​ស្រី​ផ្សេង ដោយ​ប្រាប់​ប្រពន្ធ​ត្រង់ៗ ហើយ​នោះ​ប្រាកដ​ណាស់​ថា​គាត់​លែង​ស្រឡាញ់​នាង​ដូច​មុន​ទៀត ហើយ​តាមពិត​គាត់​គ្រាន់តែ​នៅមានមនោសញ្ចេតនា​ជាមួយ​កូនៗ​តែប៉ុណ្ណោះ ។

​ដូច្នេះ​បើតាម​ការយល់ឃើញ​រប​ស់​ប្រជាប្រិយ នាង​ប្រហែលជា​គួរគិត​អំពី​ខ្លួនឯង និង កូនៗ​ឱ្យបាន​ច្រើន​ជាជាង​គិតដល់​ស្វាមី ព្រោះថា​គាត់​ពេលនេះ​លែង​នៅ​ជា​ស្វាមី​ល្អ​ដូចដើម​របស់​នាង​ទៀតហើយ ។ ម្យ៉ាងទៀត​ប្រសិនបើ​នាង​នៅតែ​ទ្រាំ​លេប​ថ្ម​លេប​ក្រួស​តទៅទៀត​មិនយូរ ប៉ុន្មាន​នាង​ប្រហែលជា​លែង​ទប់ទល់​សម្ពាធ​ផ្លូវចិត្ត​ទៀត​បានឡើយ ពេលនោះ​មិនដឹងថា​នឹងមាន​បញ្ហា​អ្វី​កើតឡើង​នោះទេ ។ បើ​នាង​យល់ថា​ខ្លួន​នៅតែ​ស្រឡាញ់​គាត់ ហើយ​នៅតែ​សង្ឃឹមថា គាត់​នឹង​វិល​ត្រលប់​មករក​ភាព​ដើម​វិញ នោះ​អ្វីដែល​នាង​ត្រូវ​ធ្វើជា​ជំហាន​ដំបូង គឺ​ត្រូវ​ស្វែងយល់​អំពី​ទំនាក់ទំនង​ពិតប្រាកដ​រវាង​ស្វាមី និង ប្រពន្ធចុងរបស់គាត់​ព្រមទាំង​ទំនាក់ទំនង​ផ្សេងៗ​របស់គាត់ ។

នៅពេល​ដឹង​ប្រាកដថា​គាត់​មិនមាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​ស្រី​ផ្សេង ពេលនោះ​នាង​អាច​សម្រេចចិត្ត​រង់ចាំ​ការវិល​មករក​ភាព​ដើម​របស់គាត់ ។ ផ្ទុយទៅវិញ​ប្រសិនបើ​រកឃើញថា​គាត់​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​ស្រី​ផ្សេង​ក្រៅពី​ប្រពន្ធចុង​ទៀត​នោះ វា​ដល់ពេល​ដែល​នាង​គួរ​និយាយ​ញ​ក្យ​ថា «​លែងលះ​»​ប្រសិនបើ​នាង​មិន​ចង់ឱ្យ​ខ្លួនឯង​មាន​បញ្ហា​ផ្លូវចិត្ត​ដោយសារតែ​រឿង​ស្នេហាតទៅទៀត​នោះ ៕


Related