ការផ្ទេរអំណាច​លែង​ក្លាយជា​ក្តីបារម្ភ​លោកស្រី​ស៊ួ​ជី តែ​វប្បធម៌​សន្ទនា​នៅតែ​សំខាន់​

​មកទល់ពេលនេះ មេបក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ​លោកស្រី​អ៊ុង​សាន ស៊ូ​ជី បានសម្រេច​ជំហាន​ដំបូង​ក្នុង​ការចរចា​ពី​ការ​ផ្ទេរតំណែង និង​ផ្សះផ្សា​ជាតិ​ជាមួយនឹង​មេដឹកនាំ​កំពូល​ដែលមាន​ឥទ្ធិពល​របស់​មី​យ៉ាន់​ម៉ា​ហើយ​។ ភាគី​ពាក់​ព​ន្ធ័​ទាំងអស់ រួមមាន​ទាំង​លោក​ប្រធានាធិបតី​ថេ​ន​សេន ប្រធានរដ្ឋសភា លោក​ស្វេ​ម៉ាន់ និង លោក​ឧ​ត្ត​ម​សេនីយ៍ មិន អ៊ុង​ឡាំង សុទ្ធសឹងតែ​បង្ហាញ​ពី​ភាពចាស់ទុំ​ក្នុងការ​ដឹកនាំ​ប្រទេស​។ តែ​លោកស្រី ស៊ូ​ជី នៅតែ​ត្រូវការ​ការសន្ទនា​រយៈពេល​វែង​ដើម្បី​ផ្តល់​លទ្ធផល​ឲ្យ​លោកស្រី ក្នុងការ​ដឹកនាំ​ប្រទេស​ដោយផ្ទាល់ ពោលគឺ​ដើម្បី​ក្លាយជា​ប្រធានាធិបតី​។​

​កាលពី​ម្សិលមិញ លោកស្រី​អ៊ុង​សាន ស៊ូ​ជី  បានទទួល​បានការ​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ពី​សំណាក់ មេ​ដឹក​ដ៏​មាន​ឥទ្ធិពល​មី​យ៉ាន់​ម៉ា លោក​ប្រធានាធិបតី ថេ​ន សេន និង លោក​ឧ​ត្ត​ម​សេនីយ៍ មិន អ៊ុង​ឡាំង ក្នុងឱកាស​នៃ​ជំនួប​បិទទ្វារ​ស្តីពី​ការផ្ទេរអំណាច​ក្រោយ​ការបោះឆ្នោត​។ ជំនួប​ទាំងពីរ ដែល​ត្រូវបាន​គេ ហៅថា​ជំនួប​ភ្លោះ​នៃ​មេដឹកនាំ​កំពូល​មី​យ៉ាន់​ម៉ា  បានបង្ហាញ​យ៉ាងច្បាស់​ពី​ឥទ្ធិពល​នៃ​វប្បធម៌​សន្ទនា ដែល​ធ្វើ​ឲ្យ​លោកស្រី​ស៊ូ​ជី លែងមាន​ការព្រួយបារម្ភ​ក្នុង​ការបង្កើត​រដ្ឋាភិបាល​ថ្មី​នៅ​ដើមឆ្នាំ​២០១៦​ខាងមុខនេះ​។​

​លោក Ye Htut អ្នកនាំពាក្យ​ប្រធានាធិបតី អះអាង លោក ថេ​ន សេន ព្រមព្រៀង​ជាមួយ​លោកស្រី  អ៊ុង​សាន ស៊ូ​ជី ក្នុងការ​ផ្ទេរអំណាច​ដោ​យ​សន្តិវិធី​។  ភាគី​ទាំងពីរ ក៏បាន​សន្យាថា នឹង​បង្កើត​ឲ្យ​មាន​វប្បធម៌​មួយ​ថ្មី ដែល​មិន​ធ្លាប់មាន​ក្នុង​ប្រវត្តិសាស្ត្រ​នយោបាយ​មី​យ៉ាន់​ម៉ា​។ នោះ​គឺ ការផ្ទេរ​កា​ត្វ​កិច្ច​របស់​ប្រមុខរដ្ឋ នឹងធ្វើ​ឡើងជា​លក្ខណៈ​ប្រព័ន្ធ​។ តែ​ភាគី​មិនបាន​បញ្ជាក់​ឲ្យ​ស៊ីជម្រៅ ថា​ការ​ផ្ទេរតំណែង ប្រព្រឹត្តទៅ​របៀប​ណា​នោះទេ​។

​មិន​ខុសពី​ជំនួប​ជាមួយ​លោក​ប្រធានាធិបតី ថេ​ន សេន មេបក្ស​ប្រឆាំង​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ លោកស្រី អ៊ុង​សាន ស៊ូ​ជី ក៏បាន​ទទួលលទ្ធផល​ផ្កែ​ផ្កា​ជាមួយនឹង​ឧ​ត្ត​ម​សេនីយ៍ លោក មិន អ៊ុង​ឡាំង ផងដែរ​។ ភាគី​ទាំងពីរ បាន​ព្រមព្រៀង​គោរព​តាម​ការចង់បាន​របស់​ប្រជាជន​ក្នុង​ការកសាង​ស្ថិរភាព ការគោរព​នីតិរដ្ឋ ការរួម​ជាតិ និង​ការអភិវឌ្ឍន៍​ផងដែរ​។​

​យ៉ាងណាក៏ដោយ ក្នុងជំនួប​ភ្លោះ​កាលពី​ម្សិលមិញ​រវាង​មេ​ដឹក​កំពូល​មី​យ៉ាន់​ម៉ា មិន​ជជែក​ពី​ការធ្វើ វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​នោះទេ​។ ហើយ វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​នោះ​គឺ គ្មានអ្វី​ក្រៅ​ការកែប្រែ​ប្រការ ៥៩​ដែល​ហាម​លោកស្រី​ស៊ូ​ជី មិនអាច​ឈរឈ្មោះ​ជា​ប្រធានាធិបតី និង​ការកាត់បន្ថយ​អំណាច​យោធា ដែល​បច្ចុប្បន្ន​កំពុងមាន​អាសនៈ​២៥​ភាគរយ​ក្នុង​សភា​មី​យ៉ាន់​ម៉ា​។​

​សូម​រម្លឹក​ផងដែរ​ថា បក្សសម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ​លោកស្រី អ៊ុង​សាន ស៊ូ​ជី បានទទួល​អាសនៈ ភាគច្រើន​ដាច់ខាត​ក្នុងការ​បោះឆ្នោត ដែល​ធ្វើ​ឲ្យ​លោកស្រី ស៊ូ​ជី អាចបង្កើត​រដ្ឋាភិបាល​ថ្មី​មួយ​បាន​។ តែ​លោកស្រី ស៊ូ​ជី មិនអាច​មានលទ្ធភាព​ដើម្បី​ឈរឈ្មោះ​ជា​ប្រធានាធិបតី​បានឡើយ ដ្បិត​មានការ ហាមប្រាម​ពី​រដ្ឋធម្មនុញ្ញ​។​

​ទោះបី​លោកស្រី បាន​អះអាង​ហើយ​ថា លោកស្រី នឹងមាន​ដំណែង​ធំ​ជាង​ប្រធានាធិបតី​ក្នុង​អាណត្តិ រដ្ឋាភិបាល​ថ្មី​ក៏ដោយ ការ​ក្លាយជា​ប្រធានាធិបតី​មី​យ៉ាន់​ម៉ា នៅតែ​ជា​ក្តី​ស្រ​ម៉ៃ​របស់​លោកស្រី​។ ហើយ ជំហាន​ដែល​លោកស្រី ត្រូវធ្វើ​បន្ទាប់​ក្រៅពី​ការដឹកនាំ​ប្រទេស គឺ​ការកែ​រដ្ឋធម្មនុញ្ញ​មី​យ៉ាន់​ម៉ា​បច្ចុប្បន្ន​។

​សម្រាប់​អ្នកនាំពាក្យ​បក្សសម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ លោក Win Htein លោកស្រី​ស៊ូ​ជី អាច​ឡើង កាន់តំណែង​ជា​ប្រធានាធិបតី​នៅក្នុង​រយៈពេល​ប្រាំ​ឆ្នាំ​ទៀត​។ ហើយ​ដើម្បី​ទទួល​តំណែង​នេះ គឺ​គ្មានអ្វី ក្រៅ​កែប្រែ​រដ្ឋធម្មនុញ្ញ​នោះទេ​។ ក្នុងនេះ មានន័យថា លោកស្រី អ៊ុង​សាន ស៊ូ​ជី ត្រូវ​បន្ត​អនុវត្ត វប្បធម៌ សន្ទនា​ដើម្បី​ចរចា និង​បញ្ចុះបញ្ចូល​យោធា​ដើម្បី​កែប្រែ​រដ្ឋធម្មនុញ្ញ​ក្នុង​គោលបំណង​ការអភិវឌ្ឍន៍​ជាតិ​៕

​តើ​ប្រព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យជួ​យ​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​អ្វីខ្លះ​ក្នុ​ង​កា​រ​ស្វែង​រ​ក​កា​រ​ងា​រ​ធ្វើ​?​​