សាលា​ក្ដី​ខ្មែរ​ក្រហម​បន្ត​សវនាការ​លើ​អង្គ​ហេតុ​សម្លាប់​ជនជាតិ​វៀតណាម​នៅ​ខេត្ត​ព្រៃវែង

អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​នៃ​សាលា​ក្ដី​ខ្មែរ​ក្រហម នៅ​ថ្ងៃ​ទី​៣ ធ្នូ បញ្ចប់​ការ​ស្ដាប់​សក្ខីកម្ម​ដើម​បណ្ដឹង​រដ្ឋប្បវេណី ប្រាក់ ឌឿន អំពី​ការ​សម្លាប់​ប្រពន្ធ​របស់​លោក​ជា​ជនជាតិ​វៀតណាម នៅ​ខេត្ត​កំពង់ឆ្នាំង។ អង្គ​ជំនុំ​ជម្រះ ចាប់​ផ្ដើម​ស្ដាប់​សាក្សី​ថ្មី​មួយ​រូប​ទៀត​ទាក់ទង​នឹង​ការ​សម្លាប់​ជនជាតិ​វៀតណាម នៅ​ខេត្ត​ព្រៃវែង។

សាក្សី​ថ្មី​វ័យ ៦២​ឆ្នាំ ឈ្មោះ សៅ សាក់ មក​ពី​ស្រុក​ពាមរក៍ ខេត្ត​ព្រៃវែង ជម្រាប​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​នៅ​រសៀល​ថ្ងៃ​ទី​៣ ធ្នូ ថា ម្ដាយ​របស់​លោកស្រី​ជា​ជនជាតិ​វៀតណាម ត្រូវ​បាន​ពួក​ខ្មែរ​ក្រហម​ចាប់​យក​ទៅ​នៅ​ក្នុង​ឆ្នាំ​១៩៧៨៖ «ខ្ញុំ​មិន​បាន​ដឹង​កំហុស​គាត់​ទេ តែ​ខ្ញុំ​នឹក​ឃើញ​ថា ឲ្យ​តែ​ជាប់​កូន​ចៅ​វៀតណាម គឺ​ត្រូវ​គេ​យក​ទៅ​សម្លាប់​អ៊ីចឹង​តែ​ម្ដង។ សម្គាល់​ពី​មុន​មក​អ៊ីចឹង។ ថ្ងៃ​ដែល​គេ​យក​ទៅ​ហ្នឹង​ម៉ោង​ប្រហែល ៩ ឈ្លប​ប្រាប់ ខ្ញុំ​ក៏​ទៅ​តាម បាន​ជួប​គាត់​ជា​ចុង​ក្រោយ ហើយ​គាត់​បាន​ផ្ដាំ​ខ្ញុំ​ថា "កូន​អើយ! មិន​បាច់​គិត​ម៉ែ​ទេ ព្រោះ​ម៉ែ​ចាស់​ហើយ កូន​កុំ​គិត​ម៉ែ​អី"។ គាត់​ហាក់​ដូច​ជា​ដឹង​ថា គេ​យក​គាត់​ទៅ​សម្លាប់​អ៊ីចឹង។ ខ្ញុំ​ក៏​យក​កូន​ត្រឡប់​មក​ផ្ទះ​វិញ​មក»

លោកស្រី សៅ សាក់ ថ្លែង​ថា ពួក​ខ្មែរ​ក្រហម​ចាប់​ម្ដាយ​លោកស្រី​ដែល​កំពុង​មើល​ចៅ រួម​ជាមួយ​ស្ត្រី​ជា​ជនជាតិ​វៀតណាម ពីរ​រូប​ទៀត។ លោកស្រី​បញ្ជាក់​ថា នៅ​ក្រោយ​ឆ្នាំ​១៩៧៥ គឺ​គេ​ជ្រើស​រើស និង​ប្រមូល​ជនជាតិ​វៀតណាម យក​ទៅ​បាត់ៗ​រហូត។

សាក្សី​រូប​នេះ​អះអាង​ថា ពួក​ខ្មែរ​ក្រហម​បាន​យក​ម្ដាយ​លោកស្រី​ទៅ​ដាក់​នៅ​កន្លែង​ឃុំ​ឃាំង​មួយ​ឈ្មោះ​ថា ក្រសារ​ផ្អើល ក្នុង​ឃុំ​ព្រែកជ្រៃ ស្រុក​ពាមរក៍ ខេត្ត​ព្រៃវែង ដែល​ជួប​ម្ដាយ​ចុង​ក្រោយ៖ «ខ្ញុំ​មិន​បាន​និយាយ​អី​ទេ គ្រាន់​តែ​សុំ​យក​កូន​វិញ ព្រោះ​នៅ​កន្លែង​នោះ​ដឹង​ស្រាប់​ហើយ កាល​យើង​និយាយ​ឆ្លង​ឆ្លើយ​គ្នា ខ្លាច​គេ​យក​ទោស​យើង​ទៀត។ ដូច្នេះ ខំ​ខាំ​មាត់​សង្កត់​ចិត្ត​ឱប​តែ​កូន​រត់​មក​ផ្ទះ​វិញ​ក្នុង​ការ​ឈឺ​ចាប់។ ខ្ញុំ​មិន​ដែល​ជួប​ម្ដាយ​ខ្ញុំ​ទេ សូម្បី​តែ​ដំណឹង​ក៏​មិន​ដែល​បាន​ឮ​បន្តិច​ផង។ បាត់​សូន្យ​រហូត​ទាល់​តែ​ចប់​សង្គ្រាម»

សាក្សី សៅ សាក់ គឺ​ជា​មនុស្ស​ទី​ពីរ​ក្នុង​ចំណោម​សាក្សី និង​ដើម​បណ្ដឹង​រដ្ឋប្បវេណី​ចំនួន ១០​រូប ដែល​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​នៃ​សាលា​ក្ដី​ខ្មែរ​ក្រហម បាន​កំណត់​ស្ដាប់​សក្ខីកម្ម​ទាក់ទង​នឹង​បទ​ប្រល័យ​ពូជ​សាសន៍ និង​ឧក្រិដ្ឋកម្ម​ផ្សេង​ទៀត​ក្នុង​សំណុំ​រឿង​០០២ វគ្គ​២ ដែល​ថា បាន​អនុវត្ត​ប្រឆាំង​នឹង​ជនជាតិ​ភាគ​តិច​វៀតណាម នៅ​កម្ពុជា ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ។

ដីកា​ដំណោះស្រាយ​របស់​សាលា​ក្ដី​ខ្មែរ​ក្រហម បញ្ជាក់​ថា គោល​នយោបាយ​មួយ​ក្នុង​ចំណោម​គោល​នយោបាយ​ចំនួន​៥ ដែល​បក្ស​កុម្មុយនិស្ត​កម្ពុជា (ប.ក.ក) អនុវត្ត ដើម្បី​ការពារ​បដិវត្តន៍​សង្គម​និយម គឺ​ការ​ដាក់​ក្រុម​មនុស្ស​ជាក់លាក់ ជា​គោលដៅ​តាម​រយៈ​ការ​ប្រើប្រាស់​មធ្យោបាយ​ចាំបាច់​នានា។

ទាក់ទង​នឹង​បញ្ហា​ជនជាតិ​វៀតណាម ដីកា​ដំណោះស្រាយ​គូស​បញ្ជាក់​ថា គោល​នយោបាយ​នេះ​មាន​អត្ថិភាព​នៅ​មុន​ឆ្នាំ​១៩៧៥ និង​រាល​ដាល​ពេញ​មួយ​របប​កម្ពុជា​ប្រជាធិបតេយ្យ គឺ​យ៉ាង​ហោច​ណាស់​រហូត​ដល់​ថ្ងៃ​ទី​៦ ខែ​មករា ឆ្នាំ​១៩៧៩។

បក្ស​កុម្មុយនិស្ត​កម្ពុជា ត្រូវ​បាន​ចោទ​ប្រកាន់​ថា កាល​ពី​ដំបូង​បាន​ផ្ដោត​លើ​ការ​បណ្ដេញ​ជនជាតិ​វៀតណាម ទាំងអស់​ពី​ទឹក​ដី​កម្ពុជា និង​បញ្ជូន​ទៅ​ប្រទេស​វៀតណាម វិញ ចាប់​ផ្ដើម​តាំង​ពី​ឆ្នាំ​១៩៧៣ ហើយ​អនុវត្ត​បន្ត​នៅ​ក្នុង​ឆ្នាំ​១៩៧៥ និង​ឆ្នាំ​១៩៧៦។ ចាប់​ពី​ខែ​មេសា ឆ្នាំ​១៩៧៧ បក្ស​កុម្មុយនិស្ត ត្រូវ​បាន​ចោទ​ប្រកាន់​ថា មាន​ចេតនា​ជំរុញ​គោល​នយោបាយ​នេះ​តាម​រយៈ​ការ​បំផ្លិចបំផ្លាញ​ទាំង​ស្រុង ឬ​មួយ​ផ្នែក​ដល់​ក្រុម​ជនជាតិ​វៀតណាម។

ទាក់ទង​នឹង​ហេតុការណ៍​នៅ​ក្នុង​ខេត្ត​ស្វាយរៀង និង​ខេត្ត​ព្រៃវែង វិញ កម្មាភិបាល​នៃ​បក្ស​កុម្មុយនិស្ត​កម្ពុជា ត្រូវ​បាន​ចោទ​ប្រកាន់​ថា បាន​ចាប់​ខ្លួន និង​សម្លាប់​ជនជាតិ​វៀតណាម ជា​ប្រព័ន្ធ តាម​រយៈ​ការ​ស្រាវជ្រាវ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ ឬ​ហៅ​ទៅ​ប្រជុំ ដើម្បី​ចុះ​ឈ្មោះ​ជាតិពន្ធុ​វៀតណាម និង​ការ​ប្រើ​បញ្ជី​ឈ្មោះ​ប្រជាជន​វៀតណាម ដែល​បាន​រៀបចំ​ទុក​មុន​ពេល​ចាប់​ខ្លួន។

ដីកា​ដំណោះស្រាយ​ចោទ​ប្រកាន់​ថា នួន ជា និង ខៀវ សំផន ជា​អ្នក​ទទួល​ខុស​ត្រូវ​ផ្នែក​ព្រហ្មទណ្ឌ​ជា​លក្ខណៈ​បុគ្គល ចំពោះ​ឧក្រិដ្ឋកម្ម​ទាំងឡាយ​ដែល​បាន​ប្រព្រឹត្ត​មក​លើ​ក្រុម​ជនជាតិ​វៀតណាម ក្នុង​អំឡុង​របប​កម្ពុជា​ប្រជាធិបតេយ្យ តាម​រយៈ​តួនាទី​របស់​ពួក​គាត់ ក្នុង​ជួរ​បក្ស​កុម្មុយនិស្ត​កម្ពុជា។

អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង នឹង​ស្ដាប់​សក្ខីកម្ម​របស់​សាក្សី សៅ សាក់ អំពី​ការ​សម្លាប់​ជនជាតិ​វៀតណាម នៅ​ខេត្ត​ព្រៃវែង ជា​បន្ត​ទៀត​នៅ​ថ្ងៃ​ច័ន្ទ ទី​៧ ធ្នូ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។