ចាប់ខ្លួនអតីតចាងហ្វាងផលិតកម្ម សំឡេងអមតៈ រងការចោទប្រកាន់៣ បទល្មើស

ភ្នំពេញ ៖ ប្រភពព័ត៌មានពីសាលាដំបូងរាជធានីភ្នំពេញ បានថ្លែងឲ្យដឹងថា លោក វ៉ា សុម៉ារិទ្ធ អតីតចាងហ្វាងផលិកម្មសំឡេងអមតៈ ត្រូវបានអយ្យការ ចាត់បញ្ជូនយកទៅផ្ញើនៅស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញវិញ ក្រោយពីការសាកសួរ ពាក់ព័ន្ធនឹងបទលើ្មសចំនួន៣ ត្រូវបានបិទបញ្ចប់នៅល្ងាចថ្ងៃព្រហស្បត្តិ៍ ទី៣ ខែធ្នូ ឆ្នាំ២០១៥។

ប្រភពដដែលឲ្យដឹងថា ការឃាត់ខ្លួននោះ ត្រូវបានធ្វើអនុលោមតាមដីកាបញ្ជាឲ្យចូលខ្លួន ពាក់ព័ន្ធថា បានប្រព្រឹត្តបទល្មើសរួមភេទ ជាមួយអនីតិជនក្រោមអាយុ១៥ឆ្នាំ បទឆបោក និងបទគំរាមផ្សព្វផ្សាយមិនពិត។

ដោយសារតែមិនទាន់សាកសួរអស់សេចក្តី លោក វ៉ា សុម៉ារិទ្ធ ត្រូវបានតំណាងអយ្យការ ផ្ញើទៅសមត្ថកិច្ចវិញ និងតម្រូវឲ្យនាំមកសាកសួរបន្តទៀត នៅព្រឹក ថ្ងៃសុក្រ ទី៤ ធ្នូ ឆ្នាំ២០១៥ ។

យ៉ាងណាក៏ដោយ ប្រភពដដែល មិនបានបញ្ជាក់លំអិត អំពីបទល្មើសទាំង៣ ដែលចោទលើអតីតចាងហ្វាងផលិតកម្មរូបនោះទេ៕