ដំណោះស្រាយ​សង្គម និង​ការអភិវឌ្ឍ​មិន​រលូន ព្រោះ​អ្នកនយោបាយ គិតតែ​បក្ស​

​គិត​មកដល់ពេលនេះ​មាន​រយៈពេល​ជាង​២​ឆ្នាំ​ហើយ ក្នុង​អាណត្តិ​ទី​៥​នេះ ប៉ុន្ដែ​ដំណោះស្រាយ បញ្ហា​សង្គម និង​ការអភិវឌ្ឍ​នានា ដែល​អ្នកនយោបាយ​បាន​សន្យា​ជាមួយ​ប្រជាពលរដ្ឋ មុន​ការបោះឆ្នោត​នោះ មិនទាន់មាន​ច្រកចេញ​នៅឡើយ​ទេ ខណៈ​ប្រជាពលរដ្ឋ​កំពុង​រង់ចាំ​មើល​។ អ្នកវិភាគ​នយោបាយ យល់ឃើញថា ការ​នៅជាប់​ទ្រឹង មិនទាន់មាន​ច្រកចេញ​នេះ ដោយសារតែ​អ្នកនយោបាយ​គិតតែ​ពី​គណបក្ស​ពួកគេ​ច្រើនជាង​គិតពី​ប្រជាពលរដ្ឋ​។ ចំណែក​ការ​កំណែទម្រង់​យឺត​ហើយ ខ្វះ​ការតាមដាន​ឲ្យ​បាន​ត្រឹមត្រូវ​។​

​អ្នកវិភាគ​នយោបាយ លោក កែម ឡី មើលឃើញថា បញ្ហា​សង្គម និង​ការអភិវឌ្ឍ ក្នុង​រយៈពេល ២​ឆ្នាំ ក្នុង​អាណត្តិ​ទី​៥​នេះ នៅជាប់​គាំង​ទ្រឹង​មិនទាន់មាន​ច្រក​នោះទេ​។ លោក កែម ឡី បន្ថែមថា បញ្ហា​ប្រជាពលរដ្ឋ​ក្នុងសង្គម​មិនទាន់មាន​ដំណោះស្រាយ ហើយ​ការអភិវឌ្ឍ មិនសូវមាន​ផ្លែផ្កា ដោយសារតែ​អ្នកនយោបាយ គិតតែ​ពី​គណបក្ស​របស់​ពួកគេ ជាង​គិតពី​បញ្ហា​ប្រជាពលរដ្ឋ​។ «​ជាង ២​ឆ្នាំនេះ​បញ្ហាដីធ្លី​មិនទាន់មាន ដំណោះស្រាយ​។ ចំណែក​ការអភិវឌ្ឍ​មិនមាន​លេចចេញ​ជា​រូបរាង ដូច​កាលពី​២​ឆ្នាំ​អាណត្តិ​មុន​ទេ ព្រោះ អ្នកនយោបាយ​រវល់​ប​ង្កើ​ត​បញ្ហានយោបាយ​ច្រើនជាង​ដោះស្រាយ​បញ្ហានយោបាយ រៀបចំ​កិច្ចព្រមព្រៀង​នយោបាយ បង្កើត​បាតុករ​តវ៉ា ហើយ​ដោះស្រាយ​បញ្ហា​ចាប់ខ្លួន​អ្នក​តវ៉ា ដូច្នេះ​គ្មាន​ពេល​ដោះស្រាយ​បញ្ហា និង​ការអភិវឌ្ឍ​ច្រើន​ទេ​»​។ នេះ​ជាការ​មើលឃើញ​របស់លោក កែម ឡី​។​

​លោក កែម ឡី និយាយ​បែប​ចំអក​ថា ក្នុង​រយៈពេល​២​ឆ្នាំនេះ​គ្មាន​ការអភិវឌ្ឍ​ច្រើន​ទេ មានតែ សារ​នយោបាយ​អាក្រក់​ពី​អ្នកនយោបាយ ដែល​បណ្ដុះ​គំនិត​ឲ្យ​ប្រជាពលរដ្ឋ ស្អប់​បក្ស មួយ​ទៅមួយ​បក្ស បុគ្គល​មួយ​ទៅ​បុគ្គល​មួយ និង​ការគំរាមកំហែង​គ្នា​ទៅវិញ​។​

​មិន​ខុសពី​លោក កែម ឡី នោះទេ លោក មាស នី យល់ថា ការដោះស្រាយ​បញ្ហា និង​ការអភិវឌ្ឍ​ក្នុង​រយៈពេល​២​ឆ្នាំ​គ្មាន​ច្រកចេញ​នេះ ដោយសារតែ​ខ្វះ​ការតាមដាន​ការអនុវត្ត​របស់ រដ្ឋាភិបាល​ឲ្យ​បាន​ត្រឹមត្រូវ ពី​សំណាក់​គណបក្សប្រឆាំង​។​លោក មាស នី បាន​បន្ថែមថា បើទោះជា​រដ្ឋាភិបាល​លោក ហ៊ុន សែន បាន​នឹង​កំពុង​ដោះស្រាយ​បញ្ហា​នានា និង​កំណែទម្រង់ មានការ​អភិវឌ្ឍ​យឺត​ក៏ដោយ តែ​ក៏​ត្រូវការ​ឲ្យ​គណបក្សប្រឆាំង តាមដាន​ឲ្យ​បាន​ជាប់លាប់​ដែរ ពោលគឺ​មិនមាន​ចេះតែ​រិះគន់ ដែល​បង្ក​ឲ្យ​ភាព​តានតឹង​នយោបាយ​ឡើយ​។​

​អ្នកវិភាគ​រូបនេះ បានបញ្ជាក់​យ៉ាង​ដូច្នេះ​៖«​យើង​ឃើញថា​ជាង​២​ឆ្នាំនេះ មិនទាន់មាន​ចេញ ទៅណា​រួច​ទេ​។​ឃើញតែ​រដ្ឋាភិបាល​ដាក់​វិធានការ​កំណែទម្រង់​ខ្លះ​ហើយ តែ​មិនដឹងថា អាចទៅរួច​អត់​។ ហើយ​យើង​ឃើញថា បក្សប្រឆាំង​ច្រើនតែ​ចំណាយពេល​រិះគន់​បក្ស​កាន់ អំណាច​។​តែ​ខ្លួនឯង​មិន​ព្រម​តាមដាន​មើល​ការ​កំណែទម្រង់​នេះ​ឲ្យ​បាន​ដិតដល់​»​។​លោក បន្ថែមថា​៖«​ដូចជា​រឿង​ព្រំដែន គណបក្សប្រឆាំង​ត្រូវ​តាមដាន​សកម្មភាព​រដ្ឋា​ភិ​បាល អាជ្ញាធរ តាម​ព្រំដែន​ឲ្យ​ឈប់​ឲ្យ​ពលរដ្ឋ​ជួល​ដីស្រែ ចំការ​ឲ្យ​ប្រទេសជិតខាង​។​ហើយ​ការតាមដាន​នេះ វា​អាច​ជម្រុញ​ឲ្យ​ការ​កំណែទម្រង់​រដ្ឋាភិបាល​ទៅមុខ​លឿន មិនមែន​ចេះតែ​រិះគន់​ដើម្បី​ឲ្យ​មាន ភាព​តានតឹង​នយោបាយ​កើតឡើង​ទេ​»​។​

​ទាំង​លោក កែម ឡី ទាំង​លោក មាស នី យល់ឃើញថា រយៈពេល​៥​ឆ្នាំ នៅក្នុង​អាណត្តិ​ទី ៥​នេះ នឹង​គ្មាន​ដំណោះស្រាយ​សង្គម និង​ការអភិវឌ្ឍ​ប្រទេស ដូចជា​ការសន្យា​របស់​អ្នកនយោបាយ​នោះឡើយ​។​

​ជា​ឆ្លើយតប​លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​ទីស្ដីការគណរដ្ឋមន្ត្រី អះអាងថា ក្នុង​រយៈ​២​ឆ្នាំនេះ រដ្ឋាភិបាល បានសម្រេច​ការអភិវឌ្ឍ​ជាច្រើន​ដូចជា ហេដ្ឋារចនាសម្ព័ន្ធ កំណើន​សេដ្ឋកិច្ចជាតិ និង​សន្ដិភាព​ជាតិ ជាដើម ។ លោក ផៃ ស៊ី​ផាន បញ្ជាក់ថា បញ្ហានយោបាយ គឺ​ត្រូវ​ដោះស្រាយ តាមផ្លូវ​នយោបាយ ហើយ​បើ​អ្នកនយោបាយ​ធ្វើ​ខុស​រំលោភច្បាប់ ត្រូវ​ដោះស្រាយ​តាមច្បាប់​។​«​នេះ​គ្រាន់តែ​ជាការ​លើកឡើង​របស់គេ​ប៉ុណ្ណោះ​។​ក្នុង​រយៈពេល​២​ឆ្នាំនេះ​រដ្ឋាភិបាល​បាន​សងស្ពាន​ចំនួន​២ កំណើត​សេដ្ឋកិច្ច​ក្នុងស្រុក​១៧​ភាគរយ លំនឹង​ហិរញ្ញវត្ថុ កាត់បន្ថយ​ភាពក្រីក្រ មាន​សន្ដិភាព សន្ដិសុខសម្រាប់​ប្រជាពលរដ្ឋ នេះ​ជា​អ្វីដែល​រដ្ឋាភិបាល​សម្រេច​បាន​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក ផៃ ស៊ី​ផាន​៕


​តើ​ប្រព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យជួ​យ​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​អ្វីខ្លះ​ក្នុ​ង​កា​រ​ស្វែង​រ​ក​កា​រ​ងា​រ​ធ្វើ​?​​