នារី​កា​រ៉ា​អូ​ខេ​ក្លឹប​អេស​អេ​ចម្នាក់ ស្រវឹង​ត្រូវ​ក្រុម​សន្តិសុខ​ក្លឹប​ចាប់វាយ​ដាល់​អោយ​ឈាម​ច្រមុះ​ជាំ​ឈាម​ក្នុង​គ្រាប់ភ្នែក នាង​ដ​ង្ហើ​យ​ហៅ​ឲ្យ​សមត្ថកិច្ច​ជួយ​រក​យុត្តិធម៌​

​ខេត្តកំពង់ឆ្នាំង​៖ នារី​ម្នាក់​បំរើសេវា​កា​រ៉ា​អូ​ខេ ក្លឹប​អេស​អេ​ច​ផា​ឡេស បាន​រងរបួស​ធ្ងន់​ជាំ​ឈាម​ក្នុង គ្រាប់ ភ្នែក​ខាងឆ្វេង ដោយសារតែ​ក្រុម​សន្តិសុខ​ចាប់វាយ​អូស​ចេញពី​ក្លឹប ព្រោះតែ​នាង​ស្រវឹង​ទាស់​ជាមួយ ភ្ញៀវ​។ ប៉ុន្តែ​ប្រធាន​សន្តិសុខ​ក្លឹប​បាន​ឆ្លើយ​ដោះសា​រថា នាង​រើបំរះ​ដួល​ចំ​តុ​នៅពេល​ក្រុម​សន្តិសុខ ចាប់ អូស​ចេញ​។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​០០ និង​៨​នាទី​យប់ ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅក្នុង​ក្លឹប ស្ថិតក្នុង​ភូមិ​ទួល​ក្រឡាញ់ សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង​។ ករណីនេះ​ក្រោយ ពេល​កើតហេតុ​៤​ថ្ងៃ​ទើប​នារី​រងគ្រោះ​ចេញមុខ​ប្តឹង ព្រោះតែ​នាង​របួសធ្ងន់​ក្រីក្រ​គិត​អ្វី​មិន​ចេញ និង​ទៅ ណា​មិន​រួច​។​ ​ ​

នារី​រងគ្រោះ​បានអោយ​ដឹ​ថា​៖ នាង​ឈ្មោះ សោ ស្រស់ អាយុ​២០​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ក្រសាំង ឃុំ​ចំប៉ី ស្រុក​គរ​ជ័យ ខេត្តកំពត ដោយសារតែ​ភាពក្រីក្រ​ក្នុង​គ្រួសារ​នាង​បាន​ចាក​ចេញពី​ម្តាយ​ចាស់ និង​បងប្អូន​បង្កើត​ចំនួន​១០​នាក់ (​នាង​ជា​កូន​ទី​៦) មក​ធ្វើជា​នារី​បំរើសេវា​កា​រ៉ា​អូ​ខេ​នៅ​ស្រុក​ឧ​ត្តុ​ង្គ ខេត្ត កំពង់ ស្ពឺ​បាន​ជាង​១​ខែ រួច​ក៏​បានមក​ស្នាក់នៅ​ជាមួយ​បងស្រី​បង្កើត​នៅក្នុង​ផ្ទះជួល​ក្នុងភូមិ ត្រពាំង​ចឹក​សារ សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង​។

​បន្ទាប់មក​នាង​ក៏​បានមក​ចុះឈ្មោះ​សុំ​មេការ​ក្លឹប​កា​រ៉ា​អូ​ខេ​ក្លឹប​អេស​អេ​ច​ផា​ឡេស ធ្វើការ​ជា​អ្នកបំរើ​សាវា កា​រ៉ា​អូ​ខេ​នៅក្នុង​បន្ទប់​លេខ​៥៥៥ នៅ​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៥ ដោយ​មេការ​សន្យាថា នឹង​អោយ ប្រាក់ខែ​ក្នុង​១​ខែ​១០០​ដុល្លា​។ នៅ​យប់កើតហេតុ​ភ្ញៀវ​ម្នា​ក់បាន​ហៅ​នាង​ចេញពី​បន្ទប់​កា​រ៉ា​អូ​ខេ អោយ មក​កំដរ​គាត់​ផឹកស្រា​នៅក្នុង​ក្លឹប​រាំ ក្នុងពេលនោះ​ភ្ញៀវ​បាន​លូកលាន់​រាងកាយ​នាង​ក៏បាន​រើប​រះ ក៏​កើតមាន​ទំនាស់​ឡើង ហើយ​ក្រុម​សន្តិសុខ​ក៏បាន​ចាប់​អូស​នាង​មក​ក្រៅ ដោយបាន​ដាល់​ចំ​មុខ​នាង​២​ដៃ​ឈាម​ច្រុះ និង​ជាំភ្នែក​បើក​មិន​រួច និង​ទាត់​ធាក់​នាង​ថែមទៀត​។ ក្រោយពេល​កើតហេតុ​នាង​នៅ សម្ងំ​ពួន ក្នុងផ្ទះ​ស្អំ​ភ្នែក ព្រោះតែ​នាង​ក្រីក្រ​គ្មាន​ប្រាក់​ទៅ​ព្យាបាល​របួស​នៅ​មន្ទីរពេទ្យ​។ នាង​សំណូមពរ ដល់​សមត្ថ កិច្ច និង​អ្នកច្បាប់​ជួយ​នាង​ផង ព្រោះ​នាង​មិនដឹង​ច្បាប់ទម្លាប់​ប្តឹងផ្តល់​អ្នកណា​ឡើយ​។​ ​ ​

ទាក់ទង​ក្នុង​រឿងនេះ លោក​ធី ប្រធាន​ក្លឹប និង​លោក ជា ប៊ុនធឿន ប្រធាន​សន្តិសុខ​ក្លឹប បានបញ្ជាក់​អោយដឹងថា​៖ នាង​រី​ខាងលើនេះ​លោក​មិន​ស្គាល់ឈ្មោះ និង​មិន​ស្គាល់​អាស័យដ្ឋាន​នៅឯណា​ទេ គឺ​នាង​ ​ទើបតែ​មកសុំ​ធ្វើការ​មិនទាន់​ទទួល និង​ចុះឈ្មោះ​ទេ ដោយ​អោយ​នាង​សាកល្បង​សិន គឺ​ធ្វើ​ការងារ​បាន ២​ថ្ងៃ​ក៏មាន​រឿង​តែម្តង​។ ក្នុងពេល​កើតហេតុ​នាង​ស្រវឹង​បាន​យក​ដែក​ដង្កៀប​ចាប់​ទឹកកក​មកចាក់​ភ្នែក​ភ្ញៀវ ហើយ​ភ្ញៀវ​បាន​សុំអោយ​ក្រុម​សន្តិសុខ​ចាប់យក​នាង​ចេញ​ក្រៅ​។ នៅក្នុងពេល​ក្រុម​សន្តិសុខ​ចាប់​អូស​នាង​ចេញមកក្រៅ​ក្លឹប នាង​បាន​រើបំរះ​ដួល​ចំ​តុ ទើប​នាង​មាន​របួស​បែបនេះ​គឺ​គ្មាន​អ្នកណា​វាយដំ​នាង​ឡើយ​។​

​ដោយឡែក​សមត្ថកិច្ច​នគ​របាល​ដែល​កំពុង​ស៊ើបអង្កេត​រឿងនេះ ក៏បាន​អោយដឹង​ដែរ​ថា​៖ លោក​ក៏មាន​សាក្សី​ជានា​រី​បំរើសេវា​នៅក្នុង​ក្លឹប និង​ភ្ញៀវ​មួយចំនួន​បានដឹងថា នារី​រងគ្រោះ​ពិតជា​ត្រូវ​ក្រុម​សន្តិសុខ​វាយ​ពិតមែន​នៅក្នុង​យប់នោះ គឺ​មានតែ​អ្នក​ឈរ​មើល​គ្នាន​អ្នកណា​ហ៊ាន​ជួយ​នាង​ទេ ដូច្នេះ​គេ​មិនអាច​លាក់បាំង​អំពើហិង្សា​ទៅលើ​នារី​ភេទ​ទន់ខ្សោយ​បែបនេះ​បានឡើយ​។ សំណូមពរ​ដល់​ម្ចាស់​ក្លឹប និង​ប្រធាន​សន្តិសុខ​ក្លឹប​ជួយ​សហការ​ក្នុង​រឿងនេះ​ផង បើ​ហ៊ាន​ហើយ​ធ្វើ​ម្តេចក៏​មិន​ហ៊ាន​ទទួលខុសត្រូវ​..!!​។

នៅ​រសៀល​ថ្ងៃទី​១ ខែធ្នូ ឆ្នាំ​២០១៥​នេះដែរ លោក ប្រាក់ សោ​ភ័​ណ្ឌ នាយក​ប្រតិបត្តិ​សាខា​កាកបាទក្រហម​ខេត្ត ក៏បាន​នាំយក​អំណោយ​មាន​អង្ករ​៣០​គីឡូ ,​មី​១​កេះ , ត្រីខ​មួយ​យួរ , ខី​ត​១​កញ្ចប់ និង​ថវិកា​ចំនួន​៩​ម៉ឺន​រៀល ផ្តល់ជូន​នារី​រងគ្រោះ​ក្រក្រី និង​សំណូមពរ​ដល់​ប្រធាន​មន្ទីរ​កិច្ចការនារី​ខេត្ត និង​សមត្ថកិច្ច​មេត្តាជួយ​ស្រាវជ្រាវ​ផ្តល់​យុ​ត​តិ​ធម៌​ជូន​នារី​រងគ្រោះ​ផង​៕ រិ​ទ្ធិ ជ័យ

KA-03-12-2015-11 KA-03-12-2015-12 KA-03-12-2015-13 KA-03-12-2015-14​ ​