អង់គ្លេស សម្រេច ចូលរួមក្នុង សង្គ្រាមដែនអាកាស នៅស៊ីរី ខណៈពូទីន ប្តេជ្ញាបន្ថែម ទណ្ឌកម្មលើតួគី

ទីក្រុងឡុងដ៍៖ ចក្រភពអង់គ្លេស ប្រកាសចូលរួមជាមួយ សម្ព័ន្ធមិត្តដែលដឹកនាំ ដោយសហរដ្ឋអាម៉េរិក ក្នុងការវាយ ប្រហារក្រុមឧទ្ទាមរដ្ឋឥស្លាមISIS ក្នុងប្រទេស ស៊ីរីនៅថ្ងៃព្រហស្បតិ៍នេះ ខណៈដែលលោកប្រធានាធិបតី Vladimir Putin បានលើកឡើងថា មិនលើកលែងចំពោះ ប្រទេស តួគីដែលបាញ់ទម្លាក់យន្តហោះរុស្ស៊ី ដែលចំណុចនេះបាន បង្ហាញពីភាព មិនចុះសម្រុងគ្នា លើឆាកអន្តរជាតិ នេះបើយោងតាមសេចក្តីរាយការណ៍របស់ភ្នាក់ងារសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៥នេះ។

យន្តហោះរបស់ចក្រភពអង់គ្លេស បានចេញដំណើរពីមូលដ្ឋាន ទ័ពអាកាស Akrotiri តាំងពីព្រឹកព្រហាម ដើម្បីធ្វើការ វាយប្រហារ ក្នុងរយៈពេលប៉ុន្មានម៉ោងបន្ទាប់ពីសភា អង់គ្លេសបោះឆ្នោតសម្រេច ពង្រីកប្រតិបត្តិការ វាយប្រហារតាម ដែនអាកាសក្នុងប្រទេស អ៊ីរ៉ាក់ និងស៊ីរី ដោយទទួលបាន សម្លេងគាំទ្រចំនួន៣៩៧ទល់នឹង២២៣សម្លេង ។ ចក្រភពអង់គ្លេសបានឲ្យដឹងថា យន្តហោះបានផ្តើមវាយប្រហារទីតាំងអណ្តូងប្រេង ដែលជាប្រភពហិរញ្ញវត្ថុ ដ៏សំខាន់របស់ពួកឧទ្ទាមISIS។

រដ្ឋមន្ត្រីការពារជាតិអង់គ្លេស លោក Michael Fallon បានលើកឡើងថា នៅមានតំបន់គោលដៅជាច្រើនទៀត ដែលស្ថិតនៅតំបន់ភាគខាងកើត និងភាគខាងជើងស៊ីរី ដែលអង់គ្លេស គ្រោងនឹងវាយប្រហារក្នុងរយៈពេលប៉ុន្មានថ្ងៃ ឬប៉ុន្មានសប្តាហ៍ខាងមុខ។

សូមជម្រាបថា បច្ចុប្បន្នមានប្រទេសមហាអំណាចជាច្រើនកំពុងចូលរួម វាយប្រហារតាមផ្លូវអាការក្នុងប្រទេស អ៊ីរ៉ាក់ និងស៊ីរី ដើម្បីប្រឆាំងក្រុមឧទ្ទាមISIS ដែលយុទ្ធនាការនេះ បានបណ្តាលឲ្យមនុស្ស២៥០ពាន់នាក់ស្លាប់ និង១១លាននាក់ផ្សេង ទៀតត្រូវបង្ខំចិត្តចាកចេញពីលំនៅដ្ឋានរបស់ខ្លួន៕

អង់គ្លេស សម្រេច ចូលរួមក្នុង សង្គ្រាមដែនអាកាស នៅស៊ីរី ខណៈពូទីន ប្តេជ្ញាបន្ថែម ទណ្ឌកម្មលើតួគី