Update: ផ្លូវចម្ការរដូង ចរាចរណ៍ជាធម្មតាវិញ ក្រោយពីសមត្ថកិច្ចដកគោលដៅ ត្រួតពិនិត្យ រថយន្តចង្កូតស្តំា និងកញ្ចក់ខ្មៅ

ភ្នំពេញ៖ សេចក្តីរាយការណ៍ ពីភ្នាក់ងារដើមអម្ពិល នារសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៥ នេះ ការកកស្ទះ នៅផ្លូវលេខ២១៧ ហៅផ្លូវចំការដូង ម្តុំស្ពានព្រែកជ្រៅ បានធូស្រាល និងអាចធ្វើចរាចរណ៍ ជាធម្មតាវិញហើយ ក្រោយពីកម្លាំងសមត្ថកិច្ច បានដកគោលដៅត្រួតពិនិត្យ រថយន្តចង្កូតស្តំា និងរថយន្តកញ្ចក់ខ្មៅ។

ស្នងការនគរបាល រងរាជធានីភ្នំពេញ លោក អ៊ុច សុខុន បានប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ឲ្យដឹងថា អាជ្ញាធរ បានដាក់គោលដៅត្រួតពិនិត្យ ចំនួន៣កន្លែង ក្នុងរាជធានីភ្នំពេញ គោលដៅទី១ស្ថិតនៅផ្លូវជាតិលេខ៤ គោលដៅទី២ នៅផ្លូវជាតិលេខ៣ និងគោលដៅទី៣ នៅផ្លូវលេខ២១៧ ហៅផ្លូវចំការដូងនេះ។

លោក អ៊ុច សុខុន បានបន្តទៀតថា ការដាក់គោលដៅនេះ គឺដើម្បីត្រួតពិនិត្យ រថយន្តដឹកទំនិញធន់ធ្ងន់ចូលក្រុងពេលថ្ងៃ ពិនិត្យមើលប័ណ្ណបើកបរ និងឯកសាររថយន្តផ្សេងៗពាក់ព័ន្ធនិងការប្រើប្រាស់រថយន្ត ជាមួយគ្នានោះក៏ធ្វើការត្រួតពិនិត្យ រថយន្តចង្កូតស្តំា រថយន្តបិទកញ្ចក់ខ្មៅផងដែរ។

ស្នងការនគរបាលរងរូបនេះ បានបញ្ជាក់ រថយន្តដែលពុំមានឯកសារគ្រប់គ្រាន់ និងមានឯកសារខុសច្បាប់ សមត្ថកិច្ច នឹងធ្វើការឃាត់ ដើម្បីធ្វើការពិន័យទៅតាមផ្លូវច្បាប់។

សវតារឿង៖

សូមបញ្ជាក់ថា នៅម៉ោងប្រមាណ២រសៀលថ្ងៃទី៣ ខែធ្នូ នេះ អ្នករាយការណ៍របស់មជ្ឍមណ្ឌលព័ត៌មាន ដើមអម្ពិល បានឲ្យដឹងថា មានការកកស្ទះចរាចរណ៍ នៅផ្លូវ២១៧ ហៅថ្លូវចំការដូរ ម្តុំស្ពានព្រែកជ្រៅ មូលហេតុនៃការចរាចរណ៍នេះ ដោយសារតែសមត្ថកិច្ច នគរបាលរាជធានីភ្នំពេញ បានដាក់គោលដៅ ត្រួតពិនិត្យរថយន្តចង្កូតស្តាំ និងត្រួតពិនិត្យរថយន្តដឹកទំនិញ ធ្ងន់ៗចូលក្នុងទីក្រុង ។

ក្នុងនោះសង្កេតឃើញថា មានរថយន្តដឹក ដីប្រមាណ៣០រថយន្ត ដែលភ័យកងកំលំាង ចាប់ពិន័យ ក៏បានឈប់ ធ្វើឲ្យមានការកកស្ទះជាបន្តបន្ទាប់៕