ព្រឹទ្ធសភា នឹងបើកកិច្ចប្រជុំ ពិនិត្យពិភាក្សា លើច្បាប់ហិរញ្ញវត្ថុ និងច្បាប់ ទូរគមនាគមន៍

ភ្នំពេញ៖ គណៈកម្មាធិការ អចិន្ត្រៃយ៍ព្រឹទ្ធសភា នឹងបើកកិច្ចប្រជុំពិភាក្សាពិនិត្យ និងសម្រេចលើរបៀបវារៈចំនួន៣ ក្រោមអធិបតីភាពលោក នៃ ប៉េណា ប្រធានស្តីទីព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ។

យោងតាមសេចក្តីជូនដំណឹង របស់អគ្គលេខាធិដ្ឋានព្រឹទ្ធសភា បានឲ្យដឹង នៅរសៀលថ្ងៃទី៤ ធ្នូ ឆ្នាំ២០១៥ថា របៀបវារៈទាំងបីនោះ រួមមាន៖ ទី១ ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការទី២ ព្រឹទ្ធសភាសុំដាក់សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០១៦ នៅក្នុងរបៀបវារៈប្រជុំវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៣ ។ ទី២  ពិនិត្យ និងសម្រេចលើសំណើ របស់កម្មការទី៩ ព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ ស្តីពីទូរគមនាគមន៍ នៅក្នុងរបៀប វារៈប្រជុំវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៣។ និងទី៣  កំណត់របៀបវារៈ និងកាលបរិច្ឆេទបន្តប្រជុំវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៣នៃព្រឹទ្ធសភា ។

គួរបញ្ជាក់ថា សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ ២០១៦ និងសេចក្តីព្រាងច្បាប់ស្តីពីទូរគមនាគមន៍ ត្រូវបានសមាជិករដ្ឋសភា មកពីគណបក្សប្រជាជនកម្ពុជា បានអនុម័តកាលពីពេលថ្មីៗកន្លងមកនេះ ដោយសំឡេងគាំទ្រ៦៦លើ៦៦៕

ព្រឹទ្ធសភា នឹងបើកកិច្ចប្រជុំ ពិនិត្យពិភាក្សា លើច្បាប់ហិរញ្ញវត្ថុ និងច្បាប់ ទូរគមនាគមន៍