សាក្សី៖ ខ្មែរក្រហមចាប់ខ្លួន ជនជាតិវៀតណាម និងអ្នកជាប់ សែស្រឡាយវៀតណាម

ភ្នំពេញ៖ អ្នកស្រី សៅ សាក់ មានអាយុ ៦២ ឆ្នាំ មានស្រុកកំណើតនៅ ស្រុកកំពង់ពោធិ៍រៀង ខេត្តព្រៃវែង ជាសាក្សីថ្មី មួយរូបទៀតដែល ត្រូវបានកោះហៅ ដោយអង្គជំនុំជម្រះសាលាដំបូង ដើម្បីស្តាប់សក្ខីកម្មទាក់ទង នឹងឧក្រិដ្ឋកម្ម ប្រល័យពូជសាសន៍ប្រឆាំងនឹងជនជាតិវៀតណាមប្រឆាំងនឹងអតីតមេដឹកនាំ ខ្មែរក្រហម នួន ជា និងខៀវ សំផន ក្នុង សំណុំរឿង ០០២/០២ បានថ្លែងថា ខ្មែរក្រហមចាប់ខ្លួនជនជាតិវៀតណាម និងអ្នកជាប់សែស្រឡាយវៀតណាម។

អ្នកស្រីបានថ្លែងថា ម្តាយអ្នកស្រីជាជនជាតិវៀតណាម និងបានរស់នៅទីនោះក្នុង អំឡុងពេលនៃរបបខ្មែរក្រហម និងឱ្យដឹងថាមានគ្រួសារជនជាតិវៀតណាម និងមានកូនកាត់វៀតណាមប្រមាណជាបីគ្រួសារ។សាក្សីបាន រៀបរាប់ ថានៅអំឡុងឆ្នាំ ១៩៧៨ ក្រុមខ្មែរក្រហមបានកោះហៅម្តាយអ្នក ស្រីទៅប្រជុំ ដោយនាំទៅជាមួយនូវកូនស្រី របស់ អ្នកស្រីម្នាក់ផងដែរ។

អ្នកស្រីបានដឹងថា ម្តាយរបស់អ្នកស្រីត្រូវបាន ឃាត់ខ្លួន ដោយមិនដឹងថាមានកំហុសអ្វីឡើយ។ អ្នកដែលមាន ជាប់ សែស្រឡាយ វៀតណាមតែងតែត្រូវបានក្រុមខ្មែរក្រហមចាប់ខ្លួន និងមិនបានទទួលដំណឹងរហូត។

អ្នកស្រីបានថ្លែងថា ខ្មែរក្រហមបានចាប់ខ្លួនទៅលើជនជាតិវៀតណាម និងអ្នកជាប់សែស្រ ឡាយវៀតណាម និងគេបាននិយាយថា បញ្ជូនទៅប្រទេសវៀតណាមវិញ ប៉ុន្តែលោកស្រីបានថ្លែងថាក្រោយមកបានដឹងថា ជនជាតិ វៀតណាម និងអ្នកជាប់សែស្រឡាយទាំងនេះត្រូវបានគេសម្លាប់ចោល។

ការផ្តល់សក្ខីកម្មរបស់សាក្សី សៅ សាក់ ធ្វើឡើងបន្ទាប់ពីអង្គជំនុំជម្រះសាលាដំបូងបញ្ចប់ការស្តាប់សក្ខីកម្ម របស់ ដើមបណ្តឹងរដ្ឋប្បវេណី ប្រាក់ ឌឿន។ នៅចុងក្រោយនៃការផ្តល់សក្ខីកម្មរបស់ខ្លួន លោកប្រាក់ ឌឿន បានថ្លែង ថា រហូតមកទល់ពេលនេះគឺលោកនៅតែមានភាពតក់ស្លុតចំពោះការបាត់បង់ក្រុមគ្រួសាររបស់គាត់ទាំងម្តាយ ប្រពន្ធ កូនៗរបស់គាត់ ព្រមទាំងបានទាមទារសំណងពីតុលាការផងដែរ។

យោងតាមដីកា ដំណោះស្រាយ គោលនយោបាយមួយក្នុងចំណោមគោលនយោបាយចំនួន ៥ ដែលអនុវត្តដោយ បក្សកុម្មុយនីស្តកម្ពុជា (ប.ក.ក) ដើម្បីការពារបដិវត្តន៍សង្គមនិយម គឺការដាក់ក្រុមជាក់លាក់ ជាគោលដៅតាម រយៈការប្រើប្រាស់មធ្យោបាយចាំបាច់នានា។

អង្គជំនុំជម្រះសាលាដំបូងនឹងបន្តសវនាការនៅថ្ងៃចន្ទសបា្តហ៍ក្រោយដោយបន្តស្តាប់សក្ខីកម្មរបស់សាក្សី សៅ សាក់ ហើយសាក្សី និងដើមបណ្តឹងរដ្ឋប្បវេណីមួយចំនួនទៀតក៏ត្រូវកោះហៅមកផ្តល់សក្ខីកម្មផងដែរ៕