ឡៅ​ ស៊ីណាត ថា​ ខ្សែក្រវាត់​​​គូប៊ូតា​​ពិបាក​វ៉ៃ


ឡៅ​ ស៊ីណាត ថា​ ខ្សែក្រវាត់​​​គូប៊ូតា​​ពិបាក​វ៉ៃ

ក្នុង​ចំណោម​បេក្ខភាព​ទាំង​ ៣​នាក់​មិន​អាច​មើល​រំលង​បាន​មិន​ថា ម៉ឺន សុភា វង្ស ណយ និង​ឡុង សុវណ្ណឌឿន ​ពោល​គឺ​ពិបាក​វ៉ៃ​ដណ្ដើម​​​យក​​​ពាន​​​​រង្វាន់​មួយ​នេះ​។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់ ឡៅ​ ស៊ីណាត ដែល​បាន​ចូល​រួម​​ប្រកួត​ដណ្ដើម​ខ្សែគូប៊ូតា ​នៅ​សង្វៀន​បាយ័ន​បឹង​ស្នោ​​​រៀងរាល់​ថ្ងៃ​អាទិត្យ​​។

 

ឡៅ​ ស៊ីណាត ថា​ ខ្សែក្រវាត់​​​គូប៊ូតា​​ពិបាក​វ៉ៃកីឡាករ​ ឡៅ ស៊ីណាត

 

​ខ្លា​ចាស់ ឡៅ ស៊ីណាត បាន​ឲ្យ​ដឹង​ថា ​បេក្ខភាព​ដណ្ដើម​ខ្សែក្រវាត់​ខាង​លើ​ពិបាក​វ៉ៃ ពី​​​ព្រោះ​សុទ្ធ​តែ​ជា​ជើង​ខ្លាំង​ដូច​គ្នា​ បើ​ថា​អ្នក​ខ្សោយ​ដូច​ជា​គ្មាន​​ពួក​គេ​ទាំង​​៣​នាក់​សុទ្ធ​តែ​​​ខ្លាំង​ និង​មាន​បទពិសោធន៍​ប្រកួត​ច្រើន​។ បើ​ថា​ វង្ស ណយ​ ខ្លាំង​​​ ម៉ឺន សុភា ​និង​ ឡុង សុវណ្ណឌឿន ក៏​មិន​អន់​ ហេតុ​នេះ​​ខ្សែក្រវាត់​​គូប៊ូតា ​ពិបាក​ស្មាន​ថា​អ្នក​​ណា​នឹង​​ក្លាយ​ជា​ម្ចាស់​បាន​ណាស់។

 

អ្នក​ប្រដាល់​នៅ​ខេត្ត​កំពង់​ស្ពឺ​រូប​នេះ​បន្ត​ថា កម្ម​វិធី​ប្រកួត​ដណ្ដើម​ខ្សែ​ក្រវាត់​នេះ​ពិបាក​ស្មាន​លទ្ធផល​ឈ្នះ​ឬ​ចាញ់​បំផុត​​ ព្រោះ​កីឡាករ​ទាំង​អស់​​មាន​ក្បាច់​ប្រយុទ្ធ​ផ្សេង​ៗ​គ្នា​។ ​ពេល​ឡើង​សង្វៀន​ត្រូវ​តែ​ប្រយ័ត្ន​រៀងៗ ខ្លួន ​បើ​ហ៊ាន​ធ្វេសប្រហែស​តែ​បន្តិច​នោះ​ពិត​ជា​ត្រូវ​សន្លប់​​មិន​ខាន។

 

​ទន្ទឹម​នឹង​នោះ​ដែរ​ជើង​ឯក​រង​​ខ្សែក្រវាត់​ខារ៉ាបាវ​រដូវ​កាល​ទី២ បាន​​បញ្ជាក់​ផង​ដែរ​ថា​ ទោះបី​ជា​រូប​​គេ​ចាញ់​មួយ​ប្រកួត​ក្រោម​​ដៃ​ វង្ស ណយ ប៉ុន្តែ​​ក៏​មិនទាន់​ធ្វើ​ឲ្យ​គេ​អស់សង្ឃឹម​ក្នុង​ការ​ប្រកួត​ប្រជែង​ដណ្ដើម​ខ្សែក្រវាត់​ថ្មី​នេះ​ដែរ។ កីឡាករ​រូប​នេះ​​ នឹង​ខំ​ប្រឹង​ប្រែង​ឲ្យ​អស់​ពី​សមត្ថភាព​សម្រាប់​ប្រកួត​បន្ទាប់​ៗ ដែល​នៅ​សល់​ ដើម្បី​ដណ្ដើម​បាន​​ខ្សែ​ក្រវាត់​ និង​ប្រាក់​រង្វាន់​យក​ទៅ​ផ្គត់ផ្គង់​ក្នុង​គ្រូ​សារ។

 

ឡៅ ស៊ីណាត បាន​ប្រកួត​ចាញ់ ​វង្ស ណយ​ ដោយ​ពិន្ទុ​សម្រាប់​​​ជំនួប​ជុំ​ទី១ ​​ក្នុង​វគ្គ​សន្សំ​ពិន្ទុ​របស់​ខ្លួន​ ​​ហើយ​នា​ថ្ងៃ​អាទិត្យ​​​សប្ដាហ៍​ក្រោយ​រូប​គេ​នឹង​ឡើង​សង្វៀន​​គូប៊ូតា​​ម្ដង​ទៀត​ដើម្បី​ជួប ​ឡុង សុវណ្ណឌឿន ​ប្រជែង​យក​ ៣​ពិន្ទុ​៕ ​

 

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​​​​