របរ​រត់​កង់​បី​មួយ​យប់​ទល់​ភ្លឺ​ព្រោះ​តែ​គ្មាន​ជម្រើសការ​ងារ​ផ្សេង​​មែន​ទេ?


របរ​រត់​កង់​បី​មួយ​យប់​ទល់​ភ្លឺ​ព្រោះ​តែ​គ្មាន​ជម្រើសការ​ងារ​ផ្សេង​​មែន​ទេ?

មាន​មុខ​របរ​ជា​ច្រើន​ដែល​ប្រជា​ពល​រដ្ឋ​ទូទៅ​អាច​ធ្វើ​បាន​ ប៉ុន្តែ​​ក៏​ទាម​ទារ​ឲ្យ​​មាន​ប្រាក់​ធ្វើ​ដើមទុន​ដើម្បី​​រក​ស៊ីផងដែរ​ ​​មុខ​របរ​រត់​កង់​បី​មួយ​យប់​ទល់​​ភ្លឺ​គឺ​ជា​​ការងារ​មួយ​កំពុង​ពេញ​និយម​សម្រាប់​ប្រជា​ពល​រដ្ឋ​មួយ​ចំនួន​ក្នុង​ប្រទេស​កម្ពុជា។ តើ​ការងារ​នេះ​គឺ​ជា​ជម្រើស​សម្រាប់​អ្នក​មិន​អាច​​​ប្រកប​​​​មុខ​របរ​ផ្សេង​ឬ​យ៉ាង​ណា?

 

របរ​រត់​កង់​បី​មួយ​យប់​ទល់​ភ្លឺ​ព្រោះ​តែ​គ្មាន​ជម្រើសការ​ងារ​ផ្សេង​​មែន​ទេ?

 

​តាម​ការ​ឲ្យ​ដឹង​ពី​បុរស​ម្នាក់​ឈ្មោះ​ ម៉ៅ ​អ្នក​រត់​កង់​បី​មួយ​យប់​ទល់​ភ្លឺ​នៅ​មុខ​ហាង​ផឹក​​ស៊ី​ខារ៉ាអូខេ​មួយ​កន្លែង​បាន​ប្រាប់​ថា លោក​រត់​កង់​បី​មួយ​យប់​ទល់​ភ្លឺ​ជាង​ ៣​ឆ្នាំ​មក​ហើយ​។ ការ​ងារ​នេះ​គឺ​ជា​ជម្រើស​ចុង​ក្រោយ​សម្រាប់​លោក​ ពី​ព្រោះ​មិន​ដឹង​ប្រកប​ការងារ​អ្វី​ផ្សេង​ឡើយ។ ​ប្រសិន​បើ​ទៅ​ធ្វើ​ជា​កម្មករ​សំណង់​​ រឹត​តែ​ពិបាក​​​ត្រូវ​ទ្រាំ​និង​កម្ដៅ​ថ្ងៃ​ ឬ​​​មេការ​​ជេរប្រមាថ​។

 

អ្នក​រត់​កង់​បី​រូប​នេះ​បន្ត​ថា ​ការ​ងារ​នេះ​កាល​ដំបូង​ឡើយ​ពិបាក​ទ្រាំ​ និង​ការ​អត់​ងងុយ​ដែរ ប៉ុន្តែ​មក​ដល់​ពេល​នេះ​ដូច​ជា​ធម្មតា​​ទៅ​ហើយ។ មូល​ហេតុ​មក​រត់​កង់​បី​ពេល​យប់​មក​ពី​ម៉ូយ​ប្រចាំ​ជិះ​សុទ្ធ​តែ​ភ្ញៀវ​ស្រី ៗ​ធ្វើ​ការ​ក្នុង​ខារ៉ាអូខេ​ ហេតុ​នេះ​​បើ​រត់​ពេល​ថ្ងៃ​ដូច​​អ្នក​ដទៃ​រក​ម៉ូយ​​ជិះ​មិន​បាន​ឡើយ។​ របរ​រត់​កង់​បី​មួយ​យប់​ទល់​ភ្លឺ​របស់​បុរស​វ័យ​កណ្ដាល​រូប​នេះ​អាច​រក​បាន​ចន្លោះ​ពី​ ៤ទៅ​ ៥​ម៉ឺន​រៀល​ក្នុង​មួយ​យប់។

 

​ងាក​ទៅ​បុរស​ឈ្មោះ​ បូរ៉ា អ្នក​រត់​កង់​បី​មួយ​យប់​ទល់​ភ្លឺ​នៅ​ក្បែរ​ទី​នោះ​​បាន​ប្រាប់​ឲ្យ​ដឹង​​​ដែរ​ថា ​​បើ​ឲ្យ​ធ្វើ​ការ​ងារ​ផ្សេង​ពី​នេះ​មិន​ដឹង​​រក​​មុខ​របរ​អ្វី​នោះ​​ទេ។ ពី​មុន​ធ្លាប់​ធ្វើ​ការ​សំណង់​​ ប៉ុន្តែ​ពី​ព្រោះ​តែ​ទ្រាំ​​ និង​ការ​ជេរប្រមាថ​​របស់​មេការ​មិន​បាន​​ក៏​ខ្ចីបុល​គេ​ខ្លះ​មក​ទិញ​កង់​បី​នេះ​រត់​​បាន​ជាង ១​ឆ្នាំ​ហើយ​។ ធ្វើ​ការ​ខ្លួន​ឯង​ស្រួល​ម្យ៉ាង​ដែរ​ ចង់​រក​ក៏​រក​មិន​ចង់​ទេ​ដេក​ផ្ទះ​គ្មាន​អ្នក​ណា​ស្ដី​​ថា​អី​ឲ្យ៕

 


អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​​​​​​​​
រូប​ថត៖​ ទូរសព្ទ​ដៃ