សារភាព​ស្នេហ៍​​ចាស់​គំរឹល ​តែ​នៅ​តែ​ខក​ចិត្ត

សារភាព​ស្នេហ៍​​ចាស់​គំរឹល ​តែ​នៅ​តែ​ខក​ចិត្ត

តាំង​ពី​ដើម​មក​ខ្ញុំ​មិន​ដែល​ជឿ​​ថា​មាន​អ្នក​ណា​ស្រឡាញ់​ខ្ញុំ​ទេ។ ព្រោះ​ខ្ញុំ​មិន​មែន​ជា​ស្រី​ស្អាត ខ្ញុំ​ទាប​ ស ច្រមុះ​កំ​ពិត មិន​ធាត់​ទេ តែ​មាន​សាច់​មាន​ឈាម​ជ្រុល​ ដែល​ធ្វើ​អោយ​កំភួន​ជើង​ឡើង​ធំ​ៗ រៀន​មិន​សូវ​ពូកែ​ មិន​ចេះ​តុប​តែង​ខ្លួន​ ហើយ​ឡប់ៗ​ទៀត! តើ​មាន​អ្នក​ណា​ស្រឡាញ់?

 

​​ប៉ុន្តែ​ខ្ញុំ​ចាំ​ថា​កាល​ខ្ញុំ​រៀន​ថ្នាក់​ទី​ ៩ ពេល​ចេញ​ទៅ​ផ្ទះ​ខ្ញុំ​ស្រាប់​តែ​បាន​ឃើញ​សំបុត្រ​មួយ​សន្លឹក​ នៅ​ក្នុង​កន្ត្រក​កង់។ ពេល​នោះ​ខ្ញុំ​ជ្រួល​ជ្រើម​រក​ថា​មិន​ត្រូវ មិន​មែន​ព្រោះ​តែ​សំបុត្រ​ហ្នឹង​ទេ តែ​ខ្ញុំ​ឆ្ងល់​ថា​អ្នក​ណា​លេង​សើច​អី​បែប​នេះ​? ខ្ញុំ​ខំ​សម្លឹង​រក​មើល​ដែរ​ក្រែង​មាន​មិត្ត​ខ្ញុំ​មក​លេង​សើច​ តែ​គ្មាន​ទេ​ព្រោះ​ឃើញ​វលក្ខណ៍ អាកែវ វ៉ាន់ឌី និង ស្រីណុច​ឈរ​និយាយ​គ្នា​មុខ​ថ្នាក់​នៅ​ឡើយ។

 

ពេល​ទៅ​ដល់​ផ្ទះ​ខ្ញុំ​យក​សំបុត្រ​នោះ​អាន​ ក្នុង​សេចក្ដី​ថា គេ​លួច​ស្រឡាញ់​ខ្ញុំ ហើយ​គេ​​កំពុង​រៀន​ថ្នាក់​ទី​ ១០​ គេ​ឃើញ​ខ្ញុំ​រាល់​ថ្ងៃ​ គេ​ចូល​ចិត្ត​ចរិត​មិន​សូវ​ចេះ​និយាយ​ច្រើន​របស់​ខ្ញុំ​ គេ​ប្រាប់​ទៀត​ថា​ គេ​មាន​ប្អូន​ស្រី​ម្នាក់​រៀន​ថ្នាក់​ទី ៧ នៅ​សាលា​ជាមួយ​គ្នា​នោះ​ដែរ​ គេ​ដឹង​ថា​មិត្តភ័ក្ដិ​ខ្ញុំ​ចូល​ចិត្ត​បង្អាប់​ថា​កង់​ខ្ញុំ​កញ្ចាស់​។ គេ​មិន​បាន​បញ្ជាក់​ឈ្មោះ​ទេ​ គ្រាន់​តែ​ប្រាប់​ថា គេ​ត្រកូល​ សុខ និង​ឈ្មោះ​កាត់ វ ថ​ ហើយ​គេ​ប្រាប់​ទៀត​ថា ម្ដាយ​គេ​ជា​ម្ចាស់​សម្អាង​ការ​ ឪពុក​គេ​ជា​ភីឡុត​បើក​យន្តហោះ។ ឆ្ងល់​ដែរ! ហើយ​មក​ប្រាប់​ខ្ញុំ​ធ្វើ​អី​ទាំង​មុខរបរ​ឪពុក​ម្ដាយ​ខ្លួន​ឯង​ទៀត?​

 

លុះ​ស្អែក​ឡើង​ខ្ញុំ​ក៏​យក​សំបុត្រ​នោះ​អោយ​មិត្តភ័ក្ដិ​ខ្ញុំ​ទាំង​បួន​នោះ​អាន ហើយ​ប្រាប់​នាង​ថា​ បើ​ចង់​ធ្វើ​បាប​ខ្ញុំ​មិន​ងាយ​ទេ​ ប៉ុន្តែ​ពួក​គេ​ម្នាក់ៗ​ដណ្ដើម​សំបុត្រ​នោះ​ទៅ​អាន ដោយ​ធ្វើ​ជ្រួល​ជ្រើម​ ផង​ហើយ​បែរ​ជា​បង្អាប់​ខ្ញុំ​ថា​ខ្ញុំ​នៅ​ក្មេង​សោះ​តែ​មាន​អ្នក​តាម​ស្រឡាញ់​ហើយ។

 

ខ្ញុំ​អត់​នឹង​មិន​សង្ស័យ​មិន​បាន​ព្រោះ​ពួក​មិត្ត​ខ្ញុំ​ពូកែ​បោក​សឹង​អី ប៉ុន្តែ​ម្នាក់ៗ​ប្រាប់​ថា​ពិត​ជា​មិន​ដឹង​រឿង​មែន​ ដោយ​វ៉ាន់ឌី​អះ​អាង​ថា បើ​មិន​ជឿ​មើល​អក្សរ​ទៅ​។ វ៉ាន់ឌី​និយាយ​ត្រូវ​ព្រោះ​ អក្សរ​ពួក​នាង​មិន​មាន​របៀប​ដូច​ម្ចាស់​សំបុត្រ​នោះ​ទេ និយាយ​ទៅ​វា​មិន​មែន​ជា​អក្សរ​របស់​ពួក​គេ​មែន។

 

ហើយ​ពួក​គេ​ទាំង​បួន​ក៏​នាំ​គ្នា វិភាគ​ពី​ឈ្មោះ​ម្នាក់​ វ ថ នោះ​ ខ្លះ​ថា​ សុខ វិថី​ ខ្លះ​ថា​ សុខ វិថេន ប៉ុន្តែ​ជា​រួម​ពួក​មហាមិត្ត​ខ្ញុំ​បែរ​ជា​នាំ​គ្នា​សន្មត​ថា ម្នាក់​នោះ​ឈ្មោះ​ សុខ វិញ​ថោក​ ទៅ​វិញ។

 

 

សារភាព​ស្នេហ៍​​ចាស់​គំរឹល ​តែ​នៅ​តែ​ខក​ចិត្ត

(រូបតំណាង)

 

ក្រោយ​មក​ទៀត​ក៏​មាន​សំបុត្រ​ទី ២ មក​នៅ​ក្នុង​កន្ត្រក​កង់​កញ្ចាស់​របស់​ខ្ញុំ​ទៀត សំបុត្រ​ពី​ម្ចាស់​ដដែល​ទេ​ គេ​ប្រាប់​ថា​ម្សិល​មិញ​ឃើញ​ខ្ញុំ​លេង​ជា​មួយ​មិត្តភ័ក្ដិ​ខ្ញុំ​ ដឹង​ទៀត​ថា​ខ្ញុំ​ស្លៀកពាក់​បែប​ណា ស្គាល់​ទាំង​ឈ្មោះ​ខ្ញុំ​ច្បាស់​ទៀត​ ព្រម​ទាំង​ប្រាប់​ថា​ម្សិល​មិញ​ពេល​​នៅ​កន្លែង​ហែក​សំបុត្រ​កង់​ គេ​ឈប់​ម៉ូតូ​ទន្ទឹម​ខ្ញុំ​ដែរ តែ​ខ្ញុំ​មិន​ចាប់​អារម្មណ៍។ ពេល​នោះ​ខ្ញុំ​ព្យាយាម​រក​នឹក​មើល​ ថា​តើ​ម្នាក់​ឈ្មោះ​វិញ​ថោក​នោះ​ជា​អ្នក​ណា ហេតុ​អី​នៅ​តែ​ប្រាប់​តាម​សំបុត្រ​ថា ចូល​ចិត្ត​ខ្ញុំ​មិន​ព្រម​បង្ហាញ​មុខ​សោះ។

 

ខ្ញុំ​តែង​ស្រមៃ​ថា​បើ​ថ្ងៃ​ណា​ មួយ​ម្នាក់​ហ្នឹង​បង្ហាញ​ខ្លួន​មក តើ​ខ្ញុំ​ត្រូវ​ធ្វើ​មុខ​បែប​ណា? ពួក​នោះ​ប្រាកដ​ជា​បង្អាប់​ខ្ញុំ​បែក​ផ្សែង​ហើយ ហើយ​ខ្ញុំ​ពិត​ជា​​ក្រហម​មុខ​ទប់​មិន​បាន​ជា​មិន​ខាន។

 

ប៉ុន្តែ​រឿង​ហួស​ចិត្ត​បាន​កើត​ឡើង…

 

មុនី​រ័ត្ន​ ដែល​អង្គុយ​តុ​ជិត​ខ្ញុំ​បាន​ប្រាប់​ខ្ញុំ​ថា សំបុត្រ​នោះ​គឺ​ពួក​ម៉ាក​សំណព្វ​ចិត្ត​ខ្ញុំ​អ្នក​ក្លែង​សរសេរ​ទេ ព្រោះ​នាង​បាន​ឮ​ពួក​គេ​ខ្សឹប​ខ្សៀវ​គ្នា​ ថា​ល្ងាច​នេះ​រៀប​ដាក់​សំបុត្រ​មួយ​ទៀត​ក្នុង​កន្ត្រក​កង់​ខ្ញុំ។ គិត​មិន​ខុស​មែន! ថា​ពួក​ហ្នឹង​ពួក​ហ្នឹង​ហើយ…

 

ខ្ញុំ​មិន​បាន​ទៅ​រក​រឿង​ពួក​នាង​ទេ តែ​ប្រាប់​ថា​ខ្ញុំ​តាម​ទាន់​ល្បិច​ពួក​គេ​ហើយ មុន​ដំបូង​ពួក​គេ​មិន​ចង់​សារភាព​ទេ​ តែ​ដល់​ខ្ញុំ​ធ្វើ​មុខ​ក្រញូវ​ទើប​ពួក​គេ​សារភាព។ វ៉ាន់​ឌី​គឺ​ជា​មេ​ក្លោង ជា​អ្នក​សរសេរ​សេណារីយ៉ូ​រឿង​ ហើយ​ពឹង​អោយ​រីយ៉ា​ សិស្ស​ពូកែ​ប្រចាំ​ថ្នាក់​និង​អក្សរ​ស្អាត ឱ្យ​ជួយ​សរសេរ​សំបុត្រ។ ឯ​វលក្ខណ៍​ជា​អ្នក​លៃលក​យក​សំបុត្រ​ទៅ​ដាក់​នៅ​កន្ត្រក​កង់​ ចំណែក​អា​កែវ​និង​ ស្រី​ណុច​ ជា​ជំនួយ​ការ​ឆ្វេង​ស្ដាំ​លាក់​រឿង​ជិត​ឈឹង។ ពួក​នេះ​ លេង​មួយ​ក្បាច់​ម៉ោ បោក​ខ្ញុំ​ឡើង​ឈ្ងុយ!

 

ខ្ញុំ​មិន​បាន​យក​ទោសពៃរ៍​អ្វី​ពី​ពួក​គេ​ទេ ព្រោះ​ពួក​គេ​ជា​មិត្ត​ឡប់ៗ​របស់​ខ្ញុំ តែ​ចុង​បញ្ចប់​វ៉ាន់ឌី ថែម​ទាំង​មក​រំលើក​ទៀត​ថា​ ទម្រាំ​រៀប​ក្រឡា​បោក​ខ្ញុំ​បាន​គេ​ត្រូវ សរសេរ​សាច់​រឿង​ហើយ​ទៅ​អង្វរ​អោយ​រីយ៉ា​​ជួយ​សរសេរ ទម្រាំ​រីយ៉ា​ព្រម​វ៉ាន់​ឌី​អស់​ទឹក​មាត់​មិន​ស្ទើរ។

 

ធ្វើ​បាប​ខ្ញុំ​ហើយ​ ពួក​គេ​មាន​មុខ​មក​សួរ​ខ្ញុំ​ទៀត​ថា «ណៃ​ឯង​មាន​ស្រឡាញ់ សុខ វិញ​ថោក​ហ្នឹង​អត់?»។ ឱ្យ​ខ្ញុំ​ឆ្លើយ​ថា​ម៉េច? ចង់​ស្រឡាញ់​ក៏​ស្រឡាញ់​មិន​ចេញ​ដែរ បើ​គ្មាន​មនុស្ស​ពិត​ផង​ហ្នឹង តែ​បើ​តាម​សំបុត្រ​ល្មម​នឹង​លង់​ដែរ​ហ្នឹង តែ​ចុង​ក្រោយ​ខក​ចិត្ត​ទទេ!

 

រឿង​នេះ​វា​កើត​ឡើង ៦ ឆ្នាំ​ហើយ​ តែ​ពេល​រំឭក​រឿង​នេះ​ជាមួយ​កំពូល​មិត្ត​ខ្ញុំ​ ពួក​យើង​សើច​ដាច់​មាត់​ចោល ដោយ​សារ​នឹក​ឃើញ​ហួស​ចិត្ត​ អនុស្សាវរីយ៍​កាល​ពី​ថ្នាក់​ទី​ ៩។ ចាប់​ពី​ពេល​នោះ​មក​ខ្ញុំ​តែង​តែ​ប្រយ័ត្ន​ ប្រយែង​ខ្លួន​ជាង​មុន ព្រោះ​មិត្ត​ឡប់ៗ​របស់​ខ្ញុំ​ពូកែ​និពន្ធ​រឿង​ណាស់ ស្រួល​មិន​ស្រួល​វា​ប្រឌិត​រឿង​មក​ធ្វើ​បាប​ខ្ញុំ​ទៀត​ហើយ៕

 

អត្ថបទ៖ អាណៃ