មន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ ជំនាញកិច្ចការបោះឆ្នោត ដើរចេញពីបក្ស ដោយសារ មេទាំងពីរ កែមិនឡើង

ភ្នំពេញ៖ សមាជិកគណៈកម្មាធិការនាយក គណបក្សសង្រ្គោះជាតិ លោក អ៊ុក ស៊ុយ និងជាប្រធាននាយកដ្ឋាន កិច្ចការបោះឆ្នោត និងនីតិកម្ម បានសម្រេចចិត្តដាក់ពាក្យលាលែង ដោយគ្មានអឡោះអាល័យ ពីគណបក្សប្រឆាំង ដោយសារខ្លួនមើលឃើញថា មេដឹកនាំទាំងពីរ ឃុបឃិតគ្នា ជាមេដឹកនាំឯទៀត ប្រព្រឹត្តិអំពើអយុត្តិធម៌ក្នុងគណបក្ស និងមិនគោរពសម្តីសន្យា ចំពោះរាស្រ្តម្ចាស់ឆ្នោត។

យោងតាមលិខិតសុំលាលែងរបស់ អ៊ុក ស៊ុយ ចុះថ្ងៃ ទី៣ ខែធ្នូ ឆ្នាំ ២០១៥ គោរពជូនលោក សម រង្ស៊ី ប្រធាន និង លោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ ឲ្យដឹងថា “ឯកឧត្តមប្រធាន និងឯកឧត្តមអនុប្រធាន និងថ្នាក់ដឹកនាំ ក្នុងបក្សចំនួន៤រូបទៀត ដឹកនាំបក្សគ្មានសីលធម៌ និងគ្មានគុណធម៌ មកលើថ្នាក់ដឹកនាំក្នុងបក្ស ជាពិសេសមកលើប្រជាពលរដ្ឋខ្មែរ រាប់លាននាក់ ដែលលោកបានខិតខំ ផ្តល់សេចក្តីទុកចិត្ត ឲ្យគណបក្សសង្រ្គោះជាតិ កន្លងមក”។

ដោយនិយាយត្រង់ៗ និងឥតលាក់លៀម លោក អ៊ុក ស៊ុយ ដែលជាមន្រ្តីជំនាញលើកិច្ចការបោះឆ្នោត និងច្បាប់ របស់បក្សសង្រ្គោះជាតិ បានគូសបញ្ជាក់ថា “ការដឹកនាំសព្វថ្ងៃនេះ ឯកឧត្តមប្រធាន និងឯកឧត្តមអនុប្រធាន បានឃុបឃិតគ្នាជាមួយថ្នាក់ដឹកនាំបួនរូបទៀត ប្រព្រឹត្តិអំពើអយុត្តិធម៌ផ្ទៃក្នុងបក្ស តែងតាំងមនុស្សចាប់ពីថ្នាក់ជាតិ រហូតដល់ថ្នាក់រាជធានី/ខេត្ត ក្រុង ស្រុក ខណ្ឌ”។ “ខ្ញុំបានស្នើសុំឲ្យកែចរិតដឹកនាំ ក្នុងពេលប្រជុំគណៈកម្មាធិការនាយកម្តងៗ ឯកឧត្តមប្រធាន ឯកឧត្តមអនុប្រធាន យកអង្គប្រជុំរបស់គណៈកម្មាធិការនាយក ទាត់លេងដូចបាល់ ជាពិសេសមិនគោរពសម្តីរបស់ខ្លួន ដែលបានសន្យាមកលើប្រជាពលរដ្ឋខ្មែររាប់លាននាក់ថា មិនចូលរដ្ឋសភា តែទីបញ្ចប់ចូលដើម្បីយកតំណែង រឺឯថា សំឡុតមិនខ្លាច គេមិនទាន់ធ្វើអីផង គ្រាន់តែចេញដីការកោះ រត់បាត់អស់”។

បន្ថែមលើសពីនេះ លោក អ៊ុក ស៊ុយ ព្រលយជាមុនថា បើគណៈកម្មាធិការនាយក ហៅរូបលោក ទៅបំភ្លឺ លោកនឹងទៅបំភ្លឺជូន ប៉ុន្តែស្នើសុំឲ្យមានអ្នកសារព៏័ត៌មាន ជាតិនិងអន្តរជាតិចូលរូមផងដែរ។

លោក អ៊ុក ស៊ុុយ បើទោះជាដើរចេញពីគណបក្សសង្រ្គោះជាតិយ៉ាងណាក៏ក្តី ប៉ុន្តែលោកនៅរក្សាជំហររបស់លោកដដែល គឺបន្តឧត្តមគតិរបស់ខ្លួន ដោយសុខចិត្តមករួមរស់ក្នុងជីវភាពនយោបាយជាមួយលោក ម៉ម សូណង់ដូ នៃគណបក្សសំបុកឃ្មុំ សង្គមប្រជាធិតេយ្យ ដែលកំពុងមានប្រជាប្រិយភាព។

គួរបញ្ជាក់ថា គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ របស់លោក ម៉ម សូណង់ដូ ម្ចាស់ស្ថានីយ វិទ្យុសំបុកឃ្មុំ FM105 MHz ត្រូវបានបង្កើតឡើង នាឆ្នាំ១៩៩៨ និងធ្លាប់ចូលរួមការបោះឆ្នោត នាពេលកន្លងមក។ នាពេលថ្មីៗនេះ សកម្មភាព ចុះជួបសកម្មជនរបស់លោក ម៉ម សូណង់ដូ ទទួលបានការគាំទ្រជាបន្តបន្ទាប់ ជាពិសេសមានការផ្តាច់ខ្លួន ពីសមាជិក គណបក្សសង្រ្គោះជាតិជាច្រើនពាន់ នៅតាមបណ្តាខេត្តមួយចំនួនថែមទៀត។

គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ត្រូវបានមើលឃើញ កំពុងតែឡើងប្រជាប្រិយភាព ជាបន្តបន្ទាប់ តាមរយៈការចួលរួមពីសមាជិកគណបក្សសង្រ្គោះជាតិ ដែលលែងមានជំនឿ លើមេដឹកនាំបក្សប្រឆាំង ដែលចេះតែសន្យា និងយកជាការមិនបាន៕

 

មន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ ជំនាញកិច្ចការបោះឆ្នោត ដើរចេញពីបក្ស ដោយសារ មេទាំងពីរ កែមិនឡើង