ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ចាប់​ដៃគូ​ជាមួយ​អង្គការ​Grow Asia​លើកកម្ពស់​វិស័យ​កសិកម្ម​នៅ​កម្ពុជា​

ភ្នំពេញ​: ​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​បានប្រកាស​កាលពី​ថ្ងៃ​ពុធ​នេះ​ថា​ក្រសួង​បាន​ចាប់​ដៃគូ​ជាមួយ​អង្គការ Grow Asia ដែល​អង្គការ​នេះ​ជា​ផ្នែក​នៃ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ដើម្បី​បង្កើន​ផលិតភាព​និង​និរន្តរភាព​ក្នុង​វិស័យ​កសិកម្ម​នៅ​កម្ពុជា​។​

​អង្គការ Grow Asia ដែលជា​ដៃគូ​មួយ​របស់​លេខាធិការដ្ឋាន​អាស៊ាន​ផងដែរ​គឺជា​អង្គ​ការដែល​ដើរតួ​ជា​វេទិកា​សម្រាប់​ភាគី​ពាក់ព័ន្ធ​ផ្សេងៗ​នៅក្នុង​វិស័យ​កសិកម្ម​ពី​ក្រុម​កសិករ​រហូតដល់រ​ដ្ឋា​ភិ​បាល​និង​ក្រុមហ៊ុន​អន្តរជាតិ​អាចធ្វើ​ការរួម​គ្នា​ដើម្បី​អភិវឌ្ឍ​វិស័យ​កសិកម្ម​ប្រកបដោយ​ចីរភាព​បាន​។​

​ឯកឧត្តម ទី សុគន្ធ រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​មានប្រសាសន៍ថា​៖ “​ឥឡូវនេះ​យើង​កំពុងតែ​បង្កើត​ភាពជា​ដៃគូ​ដែល​គេ​ហៅថា​ភាពជា​ដៃគូ​រវាង​វិស័យ​សាធារណៈ​ឯកជន និង​អ្នក​ផលិត​។ ចង់ភ្ជាប់​កសិករ​យើង​ហ្នឹង​ពី​វាលស្រែ​ហ្នឹង ទៅដល់​ទីផ្សារ​។ អ៊ីចឹង​យើង​ធ្វើ​ម៉េច​ឲ្យ​គាត់​ទទួលបាន​នូវ​តម្លៃ​សមស្រប​ពី​ផ​លិ​ល​ផល​ដែល​គាត់​បាន​ផលិត​ហ្នឹង​។​”

​យោងតាម​ការប្រកាសរ​បស់​សភាពាណិជ្ជកម្ម​អន្តរជាតិ​នៃ​កម្ពុជា​នៅក្នុង​កម្មវិធី​នេះ​អង្គការ Grow Asia នឹង​បង្កើត​លេខាធិការដ្ឋាន​អចិន្ត្រៃយ៍​មួយ​នៅក្នុង​ប្រទេស​កម្ពុជា​ហើយនឹង​រៀបចំ​វេទិកា​ថ្នាក់​តំបន់​មួយ​នៅក្នុង​រាជធានី​ភ្នំពេញ​នៅ​ឆ្នាំ​ក្រោយនេះ​។

​សភាពាណិជ្ជកម្ម​អន្តរជាតិ​នៃ​កម្ពុជា​បាន​នឹង​កំពុង​ដើរតួនាទី​សំខាន់​មួយ​ក្នុង​ការភ្ជាប់​ទំនាក់ទំនង​រវាង​វេទិកា​សេដ្ឋកិច្ចពិភពលោក​និង​អង្គការ Grow Asia ជាមួយនឹង​រដ្ឋាភិបាល​និង​វិស័យ​ឯកជន​នៅ​កម្ពុជា​សំដៅ​លើកកម្ពស់​បរិយាកាស​អាជីវកម្ម​នៅ​កម្ពុជា​ដើម្បី​ជំរុញ​កំណើន​ការវិនិយោគ​ផ្ទា​ល់ពី​បរទេស​និង​ការធ្វើ​អាជីវកម្ម​ប្រកបដោយ​និរន្តរភាព​។​

​អង្គការ Grow Asia បាន​បង្កើត​ភាពជា​ដៃគូ​នៅក្នុង​ប្រទេស​វៀតណាម​ឥណ្ឌូនេស៊ី​មី​យ៉ាន់​ម៉ា​និង​ប្រទេស​ហ្វីលីពីន​រួចមកហើយ​ដែល​អង្គការ​បាន​នឹង​កំពុងធ្វើការ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ក្នុងប្រទេស​ទាំងនោះ​ដើម្បី​ដោះស្រាយ​បញ្ហា​ផលិតភាព​របស់​កសិក​រ​ដាំ​ដំណាំ​មួយចំនួន​។​

​នៅក្នុង​បទ​បង្ហាញ​មួយ​ដែល​ធ្វើឡើង​ដោយ​អ្នកស្រី​Jenny Costello នាយក​ប្រចាំ​ប្រទេស​របស់​អង្គការ Grow Asia បានឱ្យដឹងថា​ជាការ​ចាប់ផ្តើម​អង្គការ Grow Asia​នឹងត្រូវ​ចំណាយពេល​វេលា​ដើម្បី​កំណត់​អត្តសញ្ញាណ​ភាគី​ពាក់ព័ន្ធ​ក្នុង​វិស័យ​កសិកម្ម​នៅ​កម្ពុជា​និង​កំណត់​មុខសញ្ញា​នូវ​អ្វី​ដែលជា​បញ្ហាសំខាន់ ដែល​កំពុង​ប៉ះពាល់​ដល់​ផលិតភាព​របស់​កសិក​រ​ជាងគេ​។​

​អ្នកស្រី​បាន​បន្ថែមទៀតថា​ដំណាំ​ដែល​អង្គការ Grow Asia​នឹង​ផ្តោតជាសំខាន់​នៅក្នុង​ប្រទេស​កម្ពុជា​គឺ​ស្រូវ​អង្ករ​បន្លែ​ម្ទេស​ដំឡូង​មី​ពោត​និង​កៅស៊ូ​។​អ្នកស្រី​និយាយថា​នេះ​គ្រាន់តែ​ជា​ដំណាំ​ចម្បងៗ​សម្រាប់​ពេល​បច្ចុប្បន្ននេះ​ប៉ុណ្ណោះ​ហើយ​នៅពេល​អនាគត​ទៅមុខទៀត​អង្គការ Grow Asia​អាច​នឹងចូលរួម​លើកកម្ពស់​វិស័យ​ជលផល​និង​ចិញ្ចឹមសត្វ​ដែលជា​វិស័យ​ឯកទេស​បន្ថែមទៀត​រប​ស់​អង្គការ​ផងដែរ​។​

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ចាប់​ដៃគូ​ជាមួយ​អង្គការ​Grow Asia​លើកកម្ពស់​វិស័យ​កសិកម្ម​នៅ​កម្ពុជា​