ប៉ម​សម័យ​បារាំង​ខ្ពស់​ត្រដែត​ តែ​បាំង​ភ្នែក​អ្នកទេសចរ​នៅ​ខេត្ត​ត្បូងឃ្មុំ


ប៉ម​សម័យ​បារាំង​ខ្ពស់​ត្រដែត​ តែ​បាំង​ភ្នែក​អ្នកទេសចរ​នៅ​ខេត្ត​ត្បូងឃ្មុំ

ប៉ម​សម័យ​បារាំង​ខ្ពស់​ត្រដែត​ តែ​បាំង​ភ្នែក​អ្នកទេសចរ​នៅ​ខេត្ត​ត្បូងឃ្មុំ

 

អ្នក​ធ្វើ​ដំណើរ​កាត់ស្ពាន​មិត្តភាព​កម្ពុជា-ជប៉ុន​គីហ្សូណា​​មិន​សូវ​​​ខ្វាយខ្វល់​ចាប់​អារម្មណ៍​នឹង​សំណង់​ប៉ម​ពណ៌​ក្រហម​​ចំណាស់​ដែល​ឈរ​ក្បែរ​ស្ពាន​នៅ​ត្រើយ​ខាង​កើត​ឡើយ។ ​​​​​​​អ្នក​ទេសចរ​ ភាគ​ច្រើន​បាន​មើល​រំលង​ទីនេះ​ តែ​មិន​ដឹង​ថា​វា​ជា​កន្លែង​ដ៏​វិសេស​មួយ​ ដែល​អាច​ឲ្យ​យើង​មើល​​ឃើញ​ទិដ្ឋភាព​ដ៏​ស្រស់​ស្អាត​នៃ​ទឹក​ទន្លេ​មេគង្គ​ដែល​ហូរ​កាត់​ទី​រួម​ខេត្ត​នេះ​ មើល​ទិដ្ឋភាព​មួយ​ផ្នែក​នៃ​ក្រុង​កំពង់ចាម​ពី​ទី​ខ្ពស់​មួយ។

 

 ប៉ម​សម័យ​បារាំង​ខ្ពស់​ត្រដែត​ តែ​បាំង​ភ្នែក​អ្នកទេសចរ​នៅ​ខេត្ត​ត្បូងឃ្មុំ

 

លោក​ឡុង ​ជា​គ្រូ​បង្រៀន​នៅ​សាលា​បឋមសិក្សា​កំពង់​ឫស្សី​ ភូមិ​កំពង់​ឫស្សី​ ឃុំ​ជីរោទិ៍​ទី​១ ​ស្រុក​ត្បូងឃ្មុំ​ ខេត្ត​ត្បូងឃ្មុំ ​បាន​ប្រាប់​ភ្នាក់ងារ​ Sabay ​ថា​រូប​លោក​ផ្ទាល់​ក៏​មិន​កើត​ទាន់​ពេល​គេ​កសាង​ប៉ម​នេះ​ដែរ​ តែ​លោក​បាន​ដឹង​ព័ត៌មាន​ខ្លះ​ៗ​ពី​ប៉ម​នេះ​តាមរយៈ​ព្រឹទ្ធាចារ្យ​មួយ​រូប​​​​ឈ្មោះ​ ប៉ិម​(ឥឡូវ​គាត់​បាន​អនិច្ចកម្ម​បាត់​ហើយ)​។ ​គាត់​ធ្លាប់​​ប្រាប់​ថា ​ ប៉ម​នេះ ​បាន​កសាង​ឡើង​ដោយ​អាណានិគម​បារាំង​ ទុក​សម្រាប់​មើល​ពួក​ខ្មាំង​សត្រូវ​ដែល​ធ្វើ​ដំណើរ​តាម​ទឹក  ឬ​កន្លែង​ផ្សេងៗ​ទៀត​ ព្រោះ​ប៉ម​នេះ​មាន​កម្ពស់​ខ្ពស់​អាច​មើល​ឃើញ​បាន​ឆ្ងាយ។ ​​​​​មួយ​វិញ​ទៀត​កាល​ពី​ដើម​នៅ​ខាង​លើ​កំពូល​មាន​ជួង​មួយ​ធំ​ ដែល​គេ​សម្រាប់​វាយ​ម៉ោង​ តែ​សព្វ​ថ្ងៃ​ជួង​នោះ​មិន​ដឹង​ជា​បាត់​ទៅ​ណា​ទេ។ ប្រភព​ខាងលើ​បន្ត​ទៀត​ថា​ កាល​ពី​ប្រហែល ​៧-៨ ​ឆ្នាំ​មុន​ ប៉ម​នេះ​ត្រូវ​គេ​ជួសជុល​ និង​លាប​ថ្នាំ​ឡើងវិញ។

 

​លោក​ សាវី ​ជា​ពលរដ្ឋ​​រស់នៅ​ក្នុង​ភូមិ​ខាងលើ ​បាន​ប្រាប់​ដែរ​ថា​ ប៉ម​នេះ​មាន​គេ​ឡើង​លេង​ដែរ​ តែ​ភាគច្រើន​ជា​បរទេស ​ខ្មែរ​យើង​មិន​សូវ​ជា​ចាប់អារម្មណ៍​ឡើង​ទៅ​លេង​ទេ។​  ប៉ម​បុរាណ​នេះ​ខ្ពស់​ដែរ ​(ប្រហែល​ ៤០​ម៉ែត្រ)​ តែ​ក្រោយ​ពី​សាងសង់​ស្ពានគីហ្សូ​ណា​ហើយ​ ធ្វើ​ឲ្យ​ប៉ម​នេះ​ត្រូវ​បាន​បាំង ​ឃើញ​ខ្ពស់​ជាង​ស្ពាន​តែ​បន្តិច​ប៉ុណ្ណោះ។ វា​មាន​លក្ខណៈ​ពិសេស​មួយ​ទៀត​ បើ​អ្នក​ឈរ​ពី​មុខ​សាលា​ខេត្ត​កំពង់ចាម​​ នោះ​អ្នក​នឹង​ឃើញ​ប៉ម​នេះ​នៅ​ចំ​កណ្ដាល​ទ្រូង​ផ្លូវ​តែ​ម្ដង។​

 

ប៉ម​សម័យ​បារាំង​ខ្ពស់​ត្រដែត​ តែ​បាំង​ភ្នែក​អ្នកទេសចរ​នៅ​ខេត្ត​ត្បូងឃ្មុំ

 

​បើ​អ្នក​ចូល​ទៅ​ជិត​ថត​រូប​សំណង់​ដ៏​ចំណាស់​នេះ​ក៏​អាច​ឡើង​​ទៅ​លើ​បាន​ដែរ ប៉ុន្តែ​ដើម្បី​សុវត្ថិភាព​​ជៀសវាង​​​គ្រោះថ្នាក់​ជាយថាហេតុ​ ​​​​​​អ្នក​ដែល​ចង់​សាកល្បង​ឡើង​លើ​ប៉ម​នេះ ​គួរ​កុំ​ឡើង​ខ្ពស់​ពេក​ ព្រោះ​ជណ្ដើរ​​មាន​សភាព​​​​​ចោត​បន្តិច​ និង​ដោយសារ​វ័យ​ចំណាស់​​វា​មិន​ធានា​ភាព​មាំ​ទាំ​ប៉ុន្មាន​ទេ។ ​បើ​អាច​ជៀស​បាន​កុំ​ឡើង​ជា​ការ​ប្រសើរ។

 

ពី​ដំបូង​ឡើយ ​​ប៉ម​នេះ​​​​ស្ថិត​ក្នុង​ខេត្ត​កំពង់ចាម ​តែ​នៅ​ពេល​ខេត្ត​ត្រូវ​បាន​កាត់ផ្តាច់​ជា​ពីរ​​ពោល​គឺ​​​​ ត្រើយ​ខាង​កើត​នៃ​ទន្លេ​មេគង្គ​​​ក្លាយ​ជា​ខេត្ត​ត្បូងឃ្មុំ ​ឯ​ត្រើយ​ខាង​លិច​​​ក្លាយ​ជា​​​ក្រុង​កំពង់ចាម​ ​វា​ត្រូវ​បាន​ចាត់​បញ្ចូល​ទៅ​ក្នុង​ខេត្ត​ត្បូង​ឃ្មុំ​តែ​ម្ដង៕

 

ប៉ម​សម័យ​បារាំង​ខ្ពស់​ត្រដែត​ តែ​បាំង​ភ្នែក​អ្នកទេសចរ​នៅ​ខេត្ត​ត្បូងឃ្មុំ

 

ជណ្តើរ​ឡើង​ទៅ​លើ​ប៉ម​ផ្នែក​ខាង​ក្នុង

 

ប៉ម​សម័យ​បារាំង​ខ្ពស់​ត្រដែត​ តែ​បាំង​ភ្នែក​អ្នកទេសចរ​នៅ​ខេត្ត​ត្បូងឃ្មុំ

 

ប៉ម​សម័យ​បារាំង​ខ្ពស់​ត្រដែត​ តែ​បាំង​ភ្នែក​អ្នកទេសចរ​នៅ​ខេត្ត​ត្បូងឃ្មុំ

 

អត្ថបទ៖​ ឡុច គីមសាយ