រថយន្ត​កៀរ​រ៉ឺ​ម៉ក​ដឹក​បន្លែ​ជ្រុល​ទៅ​បុក​ជញ្ជាំង​ផ្ទះ​រង​របួស​២​នាក់

​រាជ​ធានី​ភ្នំពេញ ៖ ​បុរស​​​២នាក់​ ម្នាក់​​​​​​រង​របួស​បែកក្បាល​ ​ម្នាក់​គ្រេច​​ជើង ខណៈ​​​កំពុង​បើក​រ៉ឺ​ម៉ក​​ដឹក​បន្លែ​ ត្រូវ​រថយន្ត​បើក​កៀរ​រុញ​ទៅ​បុក​ជញ្ជាំង​ផ្ទះ​ប្រជាពលរដ្ឋ​​ កាលពី​វេលា​ម៉ោង​១១​​និង៥​​នាទី​យប់​ថ្ងៃ​ទី​៣ ខែធ្នូ នៅចំណុច​មុខ​ដេប៉ូ​លក់​ស័ង្កសី​​ ស្ថិត​តាម​បណ្តោយ​មហា​វិថី​​ព្រះ​មុនី​វង្ស សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន ។

តាម​ប្រភព​ព័​ត៌​មាន​ពី​ជន​រង​គ្រោះ​ដែល​មិន​ប្រាប់​ឈ្មោះ​ អាយុ​ជាង​៤០​ឆ្នាំ​ បាន​និយាយ​ថា ​នៅ​មុន​ពេល​កើតហេតុ​ គាត់​​ជិះ​រ៉ឺ​ម៉ក​​ដឹក​បន្លែ​​២​នាក់​ តាម​បណ្តោយ​​មហាវិថី​ព្រះ​មុនី​វង្ស​ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង លុះ​មក​ដល់​ចំណុច​កើតហេតុ​ ​​ស្រាប់តែ​មាន​រថយន្ត​មួយ​គ្រឿ​ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ ពណ៌​ស្ករ មិន​ចាំ​ស្លាក​លេខ បើក​កៀរ​ពីក្រោយ​បណ្តាល​ឱ្យ​​រ៉ឺ​ម៉ក​របស់​គាត់​ជ្រុល​ទៅ​បុក​ជញ្ជាំង​ផ្ទះថ្ម​​ធ្វើ​ឲ្យ​រង​របួស​អ្នក​បើក​រ៉ឺ​ម៉ក​គ្រេចជើង​ម្ខាង ​និង​អ្នក​រួម​ដំណើរ​ជាមួយ​បែកក្បាល​ហូរ​ឈាម​របួសធ្ងន់ ចំណែក​រថយន្ត​បង្ក​បើក​រត់គេច​បាត់​ស្រមោល ។

ក្រោយ​ពេល​កើតហេតុ​ ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​ត្រូវ​បាន​សាច់ញាតិ​ដឹក​ទៅ​ព្យាបាល​នៅ​មន្ទី​ពេទ្យ រីឯ​រ៉ឺ​ម៉ក​ដឹក​បន្លែ​ដែល​ខូចខាត​យក​ទៅ​ជួសជុល​ដោយ​ខ្លួនឯង រីឯ​ជញ្ជាំង​ផ្ទះ​ក៏​មិន​មាន​ខូច​ខាត​ដែរ ៕