ហង្ស​មាស ថាបើ​ ម៉ៅ ហា​ជី​ មិន​ចូលខ្លួន​ដោះស្រាយ​ទេ លែង​យោគយល់​ហើយ​ចំណាត់ការ​ចុង​ក្រោយ​គឺ​ដីកានាំខ្លួន

រាជធានី​ភ្នំពេញ ៖ មក​ទល់​ពេល​នេះ លោក​ម៉ៅ ហា​ជី នៅ​មិន​ទាន់​ចូលខ្លួន​ដោះស្រាយ​រឿង​ផលិតកម្ម​ហង្ស​មាស​ប្តឹង ក្រោយ​លេចឮ​ថា​ចុះ​កិច្ចសន្យា​ជាមួយ​ផលិតកម្ម​ថោ​ន​ទេ​។ ព័ត៌មាន​ចុង​ក្រោយ​លេចឮ​ពី​ផលិតកម្ម​ហង្ស​មាស​ថា ផលិតកម្ម​លែង​យោគយល់​ទៀត​ហើយ គឺ​ត្រូវ​តែ​ចាត់ការ​តាម​ច្បាប់ ដោយសារ​ម៉ៅ ហា​ជី មិន​ទៅ​ដោះស្រាយ គឺ​គេចវេះ​រហូត ។

រឿងរ៉ាវ​ចម្រូងចម្រាស​រំលោភ​កិច្ចសន្យា​របស់​អតីត​បេក្ខជន​កម្មវិធី Cambodian Idol ម៉ៅ ហា​ជី បាន​បន្ត​អូស​បន្លាយ​អស់​ជា​ច្រើន​ថ្ងៃ​មក​ហើយ ពោល​គឺ​ក្រោយ​ពី​បេក្ខជន​រូប​នេះ​សម្រេចចិត្ត​ចុះ​កិច្ចសន្យា​ជាមួយ​ផលិតកម្ម​ថោ​ន​មក ។ ដោយ​គ្មាន​ជម្រើស​ទូរទស្សន៍​ហង្ស​មាស​បាន​សម្រេចចិត្ត​ប្តឹង​ម៉ៅ ហា​ជី ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដូច្នេះ​គេ​ត្រូវ​ប្រឈម​នឹង​ការ​ចាត់ការ​តាម​ផ្លូវច្បាប់ ។ ម៉ៅ ហា​ជី នឹង​ត្រូវ​សង​ថ្លៃ​ជំងឺ​ចិត្តច្រើន​ម៉ឺន​ដុល្លារ ជា​ថ្នូរ​នឹង​ការ​គេច​ចេញ​មិន​ព្រម​ចូលខ្លួន​ដោះស្រាយ ក្នុង​ពេល​ហង្ស​មាស​ទុក​ឱកាស​ឲ្យ​ចូល​បកស្រាយ​ច្រើន​លើក​រួច​ទៅ​ហើយ ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​មាស រិ​ទ្ធ អគ្គនាយករង​ស្ថានីយទូរទស្សន៍​ហង្ស​មាស ប្រាប់​អ្នក​សារព័ត៌មាន​កាលពី​ពេល ថ្មី​ៗ​កន្លង​មក ។

លោក​ មាស រិ​ទ្ធ បញ្ជាក់​ថា «​ពេល​នេះ​ហង្ស​មាស​សម្រេច​ឲ្យ​មេធាវី​ដាក់​ពាក្យបណ្ដឹង​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ។ តុលាការ​នឹង​ចេញ​ដីកា​កោះហៅ​ហា​ជី​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ ហើយ​បើ​នៅ​តែ​មិន​ព្រម​ចូលខ្លួន​ដូច​អ្វី​ដែល​ខាង​ហង្ស​មាស​ព្យាយាម​ទាក់ទង​ទៅ​មិន​បាន​សម្រេច​ទៀត​នោះ គឺ​ចំណាត់ការ​ចុង​ក្រោយ​នឹង​ចាប់ខ្លួន​តែ​ម្ដង​» ។

នៅ​ក្នុង​បណ្ដឹង​នោះ ហង្ស​មាស​ទាមទារ​ឲ្យ​ម៉ៅ ហា​ជី ដោះស្រាយ​ចំពោះ​បទល្មើស​ទៅ​លើ​កម្មវិធី Cambodian Idol ដោយ​កំណត់​ឲ្យ​សងជំងឺចិត្ត ។ ទូរទស្សន៍​បាន​ទុក​ពេល​ឲ្យ​ម៉ៅ​ហា​ជី ជា​ច្រើន​ថ្ងៃ​ហើយ ប៉ុន្តែ​លទ្ធផល​គេ​នៅ​តែ​បិទ​ទូរស័ព្ទ ហើយ​បើ​លើក​ទូរស័ព្ទ​គឺ​គ្រាន់តែ​ដឹង​ថា​ហង្ស​មាស​បិទ​ចោល​តែ​ម្ដង ហេតុនេះ​ទើប​ហង្ស​មាស​ដាក់​ពាក្យបណ្ដឹង ហើយ​ស្នើ​ឲ្យ​តុលាការ​អនុវត្ត​ដីកា​កោះហៅ ឬ​ចាប់ខ្លួន​ដើម្បី​ឲ្យ​ដោះស្រាយ ។ បន្ថែម​លើ​នេះ លោក​មាស រិ​ទ្ធ លើក​ឡើង​ថា «​វា​គឺជា​ការ​ហួសពេល​ហើយ​ដែល​ត្រូវ​ដោះស្រាយ​ដោយ​ការ​យោគយល់ គឺ​មាន​តែ​ផ្លូវច្បាប់​ប៉ុណ្ណោះ ព្រោះ​ទូរទស្សន៍​បាន​ទុក​ពេល​ឲ្យ​ម៉ៅ ហា​ជី ជា​ច្រើន​ថ្ងៃ​ដើម្បី​ចូលខ្លួន​មក​ដោះស្រាយ ប៉ុន្តែ​ស្ងាត់ឈឹង​» ។

នៅ​មិន​ទាន់​អាច​សុំ​ការ​បញ្ជាក់​ពី​លោក​ម៉ៅ ហា​ជី បាន​ទេ ប៉ុន្តែ​ប្រភព​ស្និទ្ធ​នឹង​អ្នកចម្រៀង​រូប​នេះ​បញ្ជាក់​ថា មូលហេតុ​ដែល​ម៉ៅ ហា​ជី​សម្រេចចិត្ត​ចុះ​កិច្ចសន្យា​ជាមួយ​ផលិតកម្ម​ថោ​ន ព្រោះតែ​គេ​មិន​បាន​មើល​កិច្ចសន្យា​ច្បាស់លាស់​របស់​ផលិតកម្ម​ហង្ស​មាស ។ ការ​ចូល​ប្រឡង​ដល់​វគ្គ Live Show នៃ​កម្មវិធី​ខេ​ម​បូ​ឌៀ​ន​អាយ​ដល បេក្ខជន​ទាំង​១២​នាក់​ចុង​ក្រោយ​បាន​ចុះ​កិច្ចសន្យា​រយៈពេល​មួយ​ឆ្នាំ ។

អ្នកចាត់ការ​ទូទៅ​ប្រចាំ​ផលិតកម្ម​ថោ​ន​លោក​មាស សុខ​រតនៈ បញ្ជាក់​ថា លោក​មិនដឹង​រឿង​ផលិតកម្ម​លុប​កិច្ចសន្យា​ចោល ឬ​ត្រូវ​ដោះស្រាយ​ស្រាយ​បែប​ណា​ទេ ដើម្បី​ឲ្យ​លោក ហា​ជី ក្លាយជា​អ្នកចម្រៀង​ពេញ​សិទ្ធិ​នោះ ប៉ុន្តែ​លោក​គិត​ថា ម៉ៅ ហា​ជី គួរ​ដោះស្រាយ​ជាមួយ​ហង្ស​មាស​ឲ្យ​បាន​រួចរាល់​សិន មុន​ពេល​ក្លាយជា​តារាចម្រៀង​ប្រចាំ​ផលិតកម្ម​ថោ​ន ។

មហាជន​កំពុង​តាមដាន​រឿង​នេះ ដោយ​ខ្លះ​គិត​ថា ម៉ៅ ហា​ជី មិនដឹង​ជួប​បញ្ហា​អ្វី​ទៀត​ទេ​។ បើ​គេ​កុំ​ងាក​ទៅ​ផលិតកម្ម​ផ្សេង​នោះ ហង្ស​មាស​អាច​នឹង​ផ្តល់​ការងារ​ជា​ច្រើន​បន្តបន្ទាប់​តាម​ផែនការ ។ ជាក់ស្តែង​ក្នុង​ពិធីបុណ្យ​អុំទូក​បេក្ខជន​ប្រឡង​ក្នុង​កម្មវិធី​ខេ​ម​បូ​ឌៀ​ន​អាយ​ដល​ជា​ច្រើន​នាក់ ត្រូវ​ហង្ស​មាស​ឲ្យ​សម្តែង​នៅ​មុខ​ទស្សនិកជន​ច្រើន​កុះករ​អត់​ឃើញ​តែ​ហា​ជី ៕