ខណៈនេះ​ សមត្ថកិច្ចចម្រុះកំពុងចុះ​អនុវត្តន៍សាលដីកា​ពាក់ព័ន្ឋទំនាស់ដីធ្លីរវាង​ប្រជាពលរដ្ឋ​និងក្រុមហ៊ុន​ផានអ៊ីម៉ិច

រាជធានីភ្នំពេញ ៖ ​បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាព​បានឲ្យដឹងជំហានដំបូងមកថា ​នៅម៉ោងជិត៩ព្រឹកថ្ងៃទី០៤ ​ធ្នូនេះ​សមត្ថកិច្ចចម្រុះ​ដឹកនំាដោយតំណាង​អយ្យការ​​​អម​​សាលា​ដំបូង​​​រាជធានី​ភ្នំពេញ ​បានចុះអនុវត្តន៍សាលដីកា​ពាក់ព័ន្ឋនឹងទំនាស់ដីធ្លីរវាង​ប្រជាពលរដ្ឋ​​និងក្រុមហ៊ុនផាន​អ៊ីម៉ិច ។

សេចក្តីរាយការណ៍​បានបញ្ជាក់ទៀតថា​ មកដល់ម៉ោង៩ព្រឹកថ្ងៃសុក្រដដែលនេះ​ ភាគីទំនាស់កំពុងខ្វែងគំនិត​គ្នាដោយសារលោក លឹម វណ្ណា ​តំណាងប្រជាពលរដ្ឋដែល​ជា​ភាគីឈ្នះក្តីបាន​ចង្អុលទីតំាងប្លង់ដី​ដែលតុលាការកាត់ប្រគល់​មកឲ្យគ្រប់គ្រងនោះខុស ។

ដោយឡែកប្រភពមួយទៀត​បានទម្លាយឲ្យដឹងថា ​ការណ៍ដែលភាគីខាងប្រជាពលរដ្ឋ​តំណាងដោយឈ្មោះ លឹម វណ្ណា ​ចង្អុលទីតំាងដីទំនាស់ខុស ​ដោយសារមានការ​ឃុបឃិត​ពីមន្រ្តី​ជំនាញក្រសួងដែនដីនគរូបនីយកម្ម ​និងសំណង់ និងមន្រ្តីតុលាការ​ក្នុងការធ្វើប្លង់ដីទំនាស់នោះ​ ។

យ៉ាងណាក៍ដោយ​ ការចុះអនុវត្តន៍សាលដីកាខាងលើនេះ​ មិនមានអំពើហិង្សា​ណាមួយផ្ទុះឡើងនោះទេ ។

ព័ត៌មានលម្អិតនឹង​មានផ្សាយជូននៅលើសារព័ត៌មាន​កោះសន្តិភាព ៕