នាំ​កូនភ្លោះ​2​ឱ្យ​ជួប​ម្តាយ​ថ្ងៃ​បើក​សវនាការ

រាជធានី​ភ្នំពេញ ៖ សាលាដំបូង​រាជធានី​ព្រឹក​ថ្ងៃ​ទី​៣ ធ្នូ ម្សិលមិញ បាន​លើកយក​សំណុំរឿង​ជន​ត្រូវ​ចោទ​ជា​ម្តាយកូន​ភ្លោះ​ប្រុស​ស្រី​អាយុ​១​ឆ្នាំ មក​បើក​សវនាការ​ជំនុំជម្រះ​ទោស​ពាក់ព័ន្ធ​បទល្មើស​ជួញដូរ​សារធាតុ​ញៀន​ដោយខុសច្បាប់ ។

ប្រធាន​ក្រុមប្រឹក្សា​អង្គ​ជំនុំជម្រះ​លោក កោ វ​ណ្ឌី អនុប្រធាន​សាលាដំបូង និង​តំណាង​អយ្យការ​លោកស្រី ស៊ឺ វ​ន្នី ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ។ សវនាការ​នេះ​បាន​ធ្វើ​ឡើង​នៅ​ចំពោះ​មុខ​ជន​ត្រូវ​ចោទ​ឈ្មោះ​ហេង លី​លី ហៅ​អូន ភេទ​ស្រី អាយុ​២២​ឆ្នាំ និង​អម​ដោយ​មេធាវី​ការពារ​ក្តី​គឺ​លោក អ៊ិ​ត ពិសិដ្ឋ​រង្សី ។

អង្គ​សវនាការ​បាន​សាកសួរ​ដេញដោល​ជន​ត្រូវ​ចោទ​អស់​រយៈពេល​ច្រើន​ម៉ោង នាង​ហេង លី​លី នៅ​តែ​រក្សា​ចម្លើយ​ថា ថ្ងៃ​ដែល​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ចាប់ខ្លួន​គឺ​ថ្ងៃ​ទី​១៧ មិថុនា មាន​ស្ត្រី​ម្នាក់​ជិះ​ម៉ូតូឌុប​បាន​យក​កញ្ចប់​១ រុំ​ជិត​មក​ហុច​ឲ្យ​ខ្លួន​នៅ​ក្បែរ​ផ្ទះ​ជួល​ក្នុងភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ដែល​ខ្លួន​នាង​មិនដឹង​ទាល់តែ​សោះ ថា​ក្នុង​កញ្ចប់​នោះ​មានអ្អី​ផង ។

ស្ត្រី​ម្នាក់​នោះ​មាន​ប្រាប់​ខ្លួន​ថា បន្តិចទៀត​មាន​មនុស្ស​ប្រុស​ម្នាក់​គេ​មក​ទទួលយក ហើយ​បុរស​នោះ​គេ​នឹង​ឲ្យ​ប្រាក់​មក​នាង​ចាយ ។

ចម្លើយ​ក្នុង​សវនាការ នាង ហេង លី​លី បាន​បញ្ជាក់​ជូន​អង្គ​សវនាការ​ទៀត​ថា គ្រាន់តែ​ស្ត្រី​ម្នាក់​នោះ​ហុច​កញ្ចប់​ដល់​ដៃ ស្រាប់តែ​ត្រូវ​កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​រាជធានី ចាប់ខ្លួន ដោយ​ចោទប្រកាន់​ថា នាង​ជា​អ្នក​ជួញដូរ​គ្រឿងញៀន ហើយ​សមត្ថកិច្ច​អាវុធហត្ថ​បាន​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​កាន់​សាលាដំបូង​រាជធានី និង​ត្រូវ​បាន​តុលាការ​ចេញ​ដីកាឃុំខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស ធ្វើ​ឱ្យ​នាង​រស់នៅ​ឃ្លាត​ពី​កូនភ្លោះ​ប្រុស​ស្រី​ដែល​ពួក​គេ​ទើបតែ​មាន​អាយុ​៥​ខែ ឱ្យ​នៅ​ជាមួយ​ម្តាយ​ជរា​មាន​ជំងឺអេដស៍​ទៀត​ផង ។

ជន​ត្រូវ​ចោទ​បាន​ធ្វើ​ឲ្យ​ប្រធាន​ក្រុមប្រឹក្សា​យក​ទៅ​ពិចារណា ទាក់ទង​ទៅ​និង​កូនភ្លោះ​ទាំង​២​នាក់​ដែល​គ្មាន​អ្នកគ្រប់គ្រង និង​ម្តាយ ផ្ទុកមេរោគ​អេ​ដស៍​គ្មាន​អ្នក​ថែរក្សា ។ អង្គ​សវនាការ​បាន​លើក​ពេល​ប្រកាស​សាលក្រម​លើ​សំណុំរឿង​នេះ ទៅ​ថ្ងៃ​ទី​២២ ធ្នូ ខាង​មុខ ។

គួរ​បញ្ជាក់​ថា នៅ​ព្រឹក​ថ្ងៃ​សវនាការ​នោះ​អ្នក​ជិតខាង​២​នាក់​បាន​ព​បីកូន​ភ្លោះ​ម្នាក់​មួយ​មក​ជួប​ម្តាយ ដែល​នាង​ហេង លី​លី មាន​ទឹកភ្នែក​ហូរ​រហាម អាណិត​និង​រលឹក​អោប​កូន​នៅ​ពេល​ដែល​ស្ត្រី​បីកូន​ប្រាប់​ថា ពួក​គេ​ឈឺ​២.៣​ថ្ងៃ​ហើយ និង​នៅ​សម្រាក​ក្នុង​មន្ទីរពេទ្យ ។ ប៉ុន្តែ ដោយសារ​ចង់​ឲ្យ​ម្តាយ​បាន​ជួប​កូន ទើប​គាត់​បង្ខំចិត្ត​ចេញ​ប្រាក់​ជិះ​រ៉ឺ​ម៉ក​ម៉ូតូ នាំ​កូនភ្លោះ​ទាំង​២​ឱ្យមក​ជួប​ម្តាយ ៕