ប៉ូលិស៖ អ្នក​បាញ់ប្រហារ​នៅ​រដ្ឋ California ជា​ប្តី​ប្រពន្ធ​មួយ​គូ ហើយ​ពួកគេ​មាន​អាវុធ​យ៉ាង​ច្រើន

ប៉ូលិស៖ អ្នក​បាញ់ប្រហារ​នៅ​រដ្ឋ California ជា​ប្តី​ប្រពន្ធ​មួយ​គូ ហើយ​ពួកគេ​មាន​អាវុធ​យ៉ាង​ច្រើន

មន្រ្តី​ប៉ូលិស​ម្នាក់​រើស​កាំភ្លើង​ពី​កន្លែង​ស៊ើបអង្កេត​នៅ​ជុំវិញ​កន្លែង​ដែល​រថយន្ត​ស្ព័រ​ ទី​ដែល​ជន​សង្ស័យ​ពីរ​នាក់​ត្រូវ​បាន​បាញ់​សម្លាប់​ដោយ​ប៉ូលិស ​បន្ទាប់​ពី​មាន​ការ​បាញ់​សម្លាប់​រង្គាល​នៅ​ក្នុង​ក្រុង San Bernardino រដ្ឋ California កាលពី​ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៥។

ប៉ូលិស​បាន​ថ្លែង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ អ្នក​បាញ់ប្រហារ​ជា​ប្តីប្រពន្ធ​ដែល​បាន​បាញ់​សម្លាប់​មនុស្ស​ចំនួន​១៤នាក់​នៅ​ក្នុង​ពិធី​ជប់លៀង​មួយ​នៅរដ្ឋ California បាន​ធ្វើ​ការ​បាញ់​ប្រហារ​ចំនួន​៧៥​គ្រាប់​ នៅ​ក្នុង​ការ​សម្រុក​ចូល​បាញ់​ប្រហារ​ដ៏​គួរ​ឲ្យ​រន្ធត់​នេះ​ ហើយ​បាន​បន្សល់នូវ​ឧបករណ៍​បញ្ជា​កូន​ឡាន​ជ័រ​មួយ​ដែល​បំពាក់​ដោយគ្រាប់​បែក​បំពង់​កែ​ច្នៃ​ចំនួន​៣គ្រាប់​ដែល​មិន​បាន​ផ្ទុះ​នោះ​ទេ។ ​

ស្នងការ​ប៉ូលិស​នៃ​ទីក្រុង San Bernardino ក្នុង​រដ្ឋ​ California គឺ​លោក Jarrod Burguan​ បាន​មាន​ប្រសាសន៍​ថា ប្តី​ប្រពន្ធ​មួយ​គូ​នេះ ដែល​ប្តី​គឺ​ជា​មន្រ្តី​អធិការកិច្ច​ផ្នែក​សុខភាព​នៅ​ក្នុង​ទីក្រុង​នេះ​ និង​ប្រពន្ធ​ជា​ជនជាតិ​ប៉ាគីស្ថាន​បាន​រត់គេច​កាល​ពី​ថ្ងៃ​ពុធ​ តាមរយៈ​រថយន្ត​ស្ព័រ​មួយ​គ្រឿង​ដែល​ពួកគេ​បាន​ជួល មុនពេល​ដែល​ប៉ូលិស​បាន​បាញ់​សម្លាប់​ពួកគេ​នៅ​ក្នុង​ការ​បាញ់​ត​ដៃ​គ្នា​ទៅ​វិញ​ទៅ​មក ​នៅ​លើ​ផ្លូវ​មួយ​នៅ​ក្នុង​ក្រុង Redlands ដែល​មាន​ចម្ងាយ​ប្រមាណ​៣គីឡូម៉ែត្រ​ពី​កន្លែង​កើតហេតុ។ ​

លោក Burguan បាន​ថ្លែង​ថា បុរស​ជា​ប្តី​ ដែល​មាន​អាយុ​២៨​ឆ្នាំ មាន​ឈ្មោះ​ថា Syed Rizwan Farook និង​ស្ត្រី​ជា​ប្រពន្ធ​មាន​ឈ្មោះ​ថា Tashfeen Malik អាយុ​២៧​ឆ្នាំ បាន​បាញ់​កាំភ្លើង​ចំនួន​៧៦​គ្រាប់​ត​ដៃ​ជា​មួយ​នឹង​ក្រុម​ប៉ូលិស ហើយ​ក្រុម​ប៉ូលិស​បាន​បាញ់​ត​ទៅវិញ​ចំនួន​៣៨០​គ្រាប់។ នៅ​ពេល​ដែល​ការ​បាញ់​បោះ​នេះ​បាន​បញ្ចប់ លោក Burguan បាន​ថ្លែង​ថា ប៉ូលិស​បាន​រកឃើញ​គ្រាប់​កាំភ្លើង​ចំនួន​១៦០០គ្រាប់​នៅ​លើ​ខ្លួន​ ឬ​នៅ​ក្នុង​រថយន្ត​របស់​ពួកគេ។ ​

លោក Burguan បាន​បន្ថែម​ថា អ្នក​ស៊ើបអង្កេត​បាន​រកឃើញ​គ្រាប់​បែក​បំពង់​កែច្នៃ​ចំនួន​១២​គ្រាប់ សម្ភារៈ​សម្រាប់​កែច្នៃ​គ្រាប់​បែក និង​គ្រាប់​កាំភ្លើង​ចំនួន​៤៥០០គ្រាប់​ ឬ​លើសពី​នេះ​នៅ​ក្នុង​ផ្ទះ​របស់​ប្តីប្រពន្ធ​មួយ​គូ​នេះ។

មន្រ្តី​ស៊ើបអង្កេត​ការិយាល័យ​រដ្ឋាភិបាល​សហព័ន្ធ លោក David Bowdich បាន​មាន​ប្រសាសន៍​ថា បុរស​ឈ្មោះ Farook​ នេះ​ បាន​ធ្វើ​ដំណើរ​ទៅ​បរទេស​ហើយ​បាន​ត្រឡប់​មក​សហរដ្ឋ​អាមេរិក​វិញ​ជាមួយ​នឹង​ស្ត្រី​ឈ្មោះ Malik នេះ​កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១៤ ដោយ​ស្ត្រី​នោះ​ប្រើ​លិខិត​ឆ្លងដែន​ប៉ាគីស្ថាន។ លោក Bowdich បាន​មាន​ប្រសាសន៍​ថា ​ក្រោយ​មក​ប្តីប្រពន្ធ​មួយ​គូ​នេះ​ក៏​រៀប​អាពាហ៍ពិពាហ៍​ ហើយ​ស្ត្រី​ជា​ប្រពន្ធ​ក៏​រស់​នៅ​សហរដ្ឋ​អាមេរិក​ដោយ​មាន​ទិដ្ឋាការ​មួយ។ ​

អ្នកស៊ើប​អង្កេត​បាន​ថ្លែង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា វា​លឿន​ពេក​ក្នុង​ការ​សន្និដ្ឋាន​ថា​
អ្វី​ទៅ​ជា​គោលបំណង​ក្នុង​ការ​សម្លាប់​រង្គាល​របស់​ប្តី​ប្រពន្ធ​មួយ​គូ​នេះ៕