គ្រូពេទ្យ​​​​ដែល​​​​ធ្វើ​ឲ្យ​ឆ្លង​​មេរោគ​​​អេដស៍​​យ៉ាង​រាល​ដាល ​រួច​ពី​ទោស​ជាប់​ពន្ធនាគារ​មួយ​ជីវិត​

ក្រុង​បាត់ដំបង-​ លោក យ៉ែម ជ្រិន ​​ជា​គ្រូ​ពេទ្យ​ភូមិ​​​គ្មាន​អាជ្ញាប័ណ្ណ​ដែល​​ជា​អ្នក​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ចម្លង​មេរោគ​អេដស៍​ទៅ​ប្រជាពលរដ្ឋ​​​ដល់​ទៅ​ជាង​២៨០​នាក់​​ក្នុង​ឃុំ​រការ ខេត្ត​បាត់ដំបង ត្រូវ​បាន​​តុលាការ​ផ្ដន្ទា​ទោស​​ឲ្យ​ជាប់ពន្ធនាគារ​រយៈ​ពេល​២៥​ឆ្នាំ​កាលពី​ព្រឹក​ម្សិល​មិញ។

នៅ​ឯ​សាលា​ដំបូង​​​ខេត្ត​បាត់​ដំបង ​ចៅ​ក្រម​​ជំនុំជម្រះ​​ យិច ឈាណាវី ​បាន​ប្រកាស​ថា លោក យ៉ែម ជ្រិន អាយុ​៥៦​ឆ្នាំ​​មាន​ពិរុទ្ធភាព​ពីបទ​ព្យាបាល​អ្នក​​ជំងឺ​ដោយ​គ្មាន​​អាជ្ញាប័ណ្ណ​​វេជ្ជសាស្ត្រ មាន​ចេតនា​ចម្លង​មេរោគ​អេដស៍​​​ទៅ​អ្នក​ដទៃ​ និង​អំពើ​ឃោរឃៅ​​មាន​ទារុណ​​​កម្ម​ដែល​បណ្ដាល​​​​ឲ្យ​​​មនុស្ស​​ស្លាប់​មាន​ស្ថាន​ទម្ងន់ទោស​។

លោក យ៉ែម ជ្រិន ​បាន​​រួច​​​ពី​ទោស​ជាប់​​ពន្ធនាគារ​​មួយ​ជីវិត ​​បន្ទាប់ពី​តុលាការ​បាន​​​សម្រាល​បទ​ចោទ​ប្រកាន់​​ដំបូង​​ពីបទ​ឃាត​កម្ម​ដោយ​មាន​ទារុណកម្ម​ អំពើ​ឃោរឃៅ ឬ​រំលោភ​សេព​សន្ថវៈ​។

ជ្រិន តុលា ជា​​​កូន​​​ស្រី​​​ម្នាក់​​​ក្នុង​​​ចំណោម​​​កូនស្រី​​​បួន​​​នាក់​​​​​​របស់​​​លោក យ៉ែម ជ្រិន​​​ យំ​​​នៅ​​​ខាង​​​ក្រៅ​​​សាលា​​​ដំបូង​​​ខេត្ត​​​បាត់​​​ដំបង​​​កាល​​​ពី​​​ម្សិលមិញ​​​ បន្ទាប់​​​ពី​​​ឪពុក​​​របស់​​​នាង​​​ត្រូវ​​​បានផ្តន្ទាទោស​​​ឲ្យជាប់​​​ពន្ធនាគារ​​​២៥​​​ឆ្នាំ​​​។ រូបថតៈ សីុវ​​​  ចាន់​​​ណា/The Cambodia Daily

ជ្រិន តុលា ជា​​​កូន​​​ស្រី​​​ម្នាក់​​​ក្នុង​​​ចំណោម​​​កូនស្រី​​​បួន​​​នាក់​​​​​​របស់​​​លោក យ៉ែម ជ្រិន​​​ យំ​​​នៅ​​​ខាង​​​ក្រៅ​​​សាលា​​​ដំបូង​​​ខេត្ត​​​បាត់​​​ដំបង​​​កាល​​​ពី​​​ម្សិលមិញ​​​ បន្ទាប់​​​ពី​​​ឪពុក​​​របស់​​​នាង​​​ត្រូវ​​​បានផ្តន្ទាទោស​​​ឲ្យជាប់​​​ពន្ធនាគារ​​​២៥​​​ឆ្នាំ​​​។ រូបថតៈ សីុវ​​​ ចាន់​​​ណា/The Cambodia Daily

ចៅក្រម​ យិច ឈាណាវី ​​បាន​ប្រាប់​ទៅ​មនុស្ស​ប្រហែល​៣០​នាក់​​ដែល​ភាគច្រើន​​​ជា​សមាជិក​គ្រួសារ​​របស់​គ្រូពេទ្យ​​រូប​នេះ​​ដែល​​​ប្រមូល​ផ្ដុំគ្នា​នៅក្នុង​​សាល​សវនាការ​​ថា ”​តុលា​​​​ការ​គិត​ថា គាត់​​ជាប់​ពិរុទ្ធភាព​គ្រប់គ្រាន់​ពីបទ​ព្រហ្មទណ្ឌ​​គឺ​ការ​​​ព្យាបាល​​អ្នកជំងឺ​ដោយ​​​គ្មាន​អាជ្ញាប័ណ្ណ​ ចម្លង​មេរោគ​អេដស៍​ទៅ​អ្នក​ជំងឺ​ និង​ការ​ធ្វើ​ទារុណកម្ម​​​បណ្ដាល​ឲ្យ​ជន​រង​គ្រោះ​ស្លាប់។ តុលាការ​សម្រេច​​​លើ​បទ​ចោទ​ប្រកាន់​​​ដូច​តទៅ​​​​នេះ ទី១​​ប្ដូរ​បទ​ចោទ​ប្រកាន់​ពីបទ​​អំពើ​ឃោរឃៅ​មាន​ទារុណកម្ម​​​ចែង​​ក្នុង​មាត្រា​​​២០៥ ដែល​បង្ក​ឲ្យ​ជន​រង​គ្រោះ​ស្លាប់​រហូត​ដល់​មាត្រា​២១៥ ការ​ធ្វើ​ទារុណកម្ម​ដែល​បណ្ដាល​ឲ្យ​​​មនុស្ស​ស្លាប់។ ទី២ ​សម្រេច​ផ្ដន្ទា​ទោស​ យ៉ែម ជ្រិន ឲ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​​​២៥​ឆ្នាំ​ ហើយ​​បង្គាប់​ឲ្យ​គាត់​បង់​ប្រាក់​ពិន័យ​​៥លាន​រៀល [ប្រហែល​១.២៥០​ដុល្លារ​]”។

នៅ​ពេល​ចៅក្រម​​ យិច ឈាណាវី អាន​សាល​ក្រម​ឮៗ គ្រួសារ​របស់​លោក យ៉ែម ជ្រិន បាន​​​នាំ​គ្នា​យំ​​។ តុលាការ​​ក៏​បង្គាប់​ឲ្យ​លោក យ៉ែម ជ្រិន បង់​សំណង​​ជំងឺ​ចិត្ត​​​ដល់​ជន​រង​គ្រោះ​​​ចំនួន​១០៧​នាក់​ ចាប់​ពី​៥ម៉ឺន​រៀល​ (ប្រហែល​១២,៥០​ដុល្លារ​) ដល់​១២លាន​រៀល​ (ប្រហែល​៣.០០០​ដុល្លារ​) ហាមមិន​ឲ្យ​ព្យា​បាល​​​អ្នក​ជំងឺ​​តទៅ​ទៀត​​​ទៅ​ថ្ងៃ​​មុខ​។

ពេល​ចេញពី​សាល​សវនាការ​ក្រោយ​​ប្រកាស​សាល​ក្រម​ លោក យ៉ែម ជ្រិន បាន​​និយាយ​បន្តិច​បន្តួច​​ដោយ​គ្រាន់​តែ​​ប្រាប់​អ្នក​យក​ព័ត៌មាន​​ថា គាត់​ជា​មនុស្ស​ស្លូត​ត្រង់​។ ​ខណៈ​​​ពេល​ឆ្មាំ​ពន្ធនាគារ​ខេត្ត​​ក្រៀក​​គាត់​ចេញ​​​​​​ទៅ​ គាត់​និយាយ​ថា “​អយុត្តិធម៌​ណាស់ ព្រោះ​ខ្ញុំ​មិន​បាន​ប្រព្រឹត្ត​​​ [បទល្មើស​] ​”។

នៅ​​ខាង​ក្រៅ​សាល​សវនាការ​ អ្នកស្រី យូម ចិន្តា ប្រពន្ធ​របស់​លោក យ៉ែម ជ្រិន បាន​​ព្យាយាម​រក្សា​ភាព​ស្ងប់​ស្ងាត់​។ អ្នកស្រី​និយាយ​​​​ថា ”​សេចក្ដី​សម្រេច​របស់​តុលាការ​អយុត្តិធម៌​ណាស់ ពីព្រោះ​ប្ដី​របស់​ខ្ញុំ​ជាមនុស្ស​ល្អ​ ហើយ​គាត់​តែង​តែ​ជួយ​ព្យាបាល​​អ្នក​ភូមិ​ទាំង​នោះ។ ​​ខ្ញុំ​ស្នើ​សុំ​​ឲ្យ​​សម្ដេច​ ហ៊ុន សែន ​ជួយ​អន្តរាគមន៍​ក្នុង​សំណុំ​រឿង​នេះ​​​ដើម្បី​ដោះលែង​​ប្ដី​របស់​ខ្ញុំ​មក​វិញ។ ខ្ញុំ​និយាយ​​ទៀត​​​លែង​ចេញ​ហើយ ព្រោះ​ខ្ញុំ​មាន​អារម្មណ៍​ចង់​គាំង​បេះដូង”។

​ស្រែក​ទៅ​កាន់​មនុស្ស​​​នៅ​​សល់​ប៉ុន្មាន​នាក់​​​ដែល​ប្រមូល​ផ្ដុំគ្នា​ក្នុង​បរិវេណ​តុលាការ​​ បន្ទាប់ពី​​លោក យ៉ែម ជ្រិន ត្រូវ​បាន​​រថយន្ត​ដឹក​​ទៅ​កាន់​ពន្ធនាគារ​ខេត្ត អ្នកស្រី ឡាយ សាវ៉ន អាយុ​៦០​ឆ្នាំ ដែល​ជា​បង​ថ្លៃ​របស់​​​គ្រូពេទ្យ​រូប​នេះ ​​ខក​ចិត្ត​ចំពោះ​​សេចក្ដី​សម្រេច​​​របស់​តុលាការ​។ អ្នកស្រី​និយាយ​ថា “​ប្អូន​ខ្ញុំ​នឹង​​​ស្លាប់​ បើ​គាត់​ជាប់​ពន្ធនាគារ​២៥​ឆ្នាំ”។

cam-photo-front-channa6អំឡុង​សវនាការ​ជំនុំជម្រះ​​​រយៈ​ពេល​៥​ថ្ងៃ​កាលពី​ខែ​តុលា អយ្យការ​​បាន​​លើក​ឡើង​ថា លោក យ៉ែម ជ្រិន បាន​​បង្ក​ឲ្យ​​​​ឆ្លង​​មេរោគ​អេដស៍​យ៉ាង​រាល​ដាល​ដោយ​សារ​ការ​​​​មិន​​​​ប្ដូរ​​​បរិក្ខារ​​ពេទ្យ​​អំឡុង​​​ពេល​ព្យា​បាល​​​ដោយ​​ការ​បន្តោក​សេរ៉ូម ​ការ​ប្រើ​ប្រាស់​សឺរ៉ាំង​​ដែល​​ផ្ទុក​មេរោគ​​ទៅ​លើ​អ្នក​ជំងឺ​ជាច្រើន​នាក់​ ជា​ការ​អះអាង​មួយ​​ដែល​លោក យ៉ែម ជ្រិន បាន​ទទួល​ស្គាល់​អំឡុង​ពេល​នគរ​បាល​សាក​សួរ ប៉ុន្តែ​​បដិសេធ​នៅ​ក្នុង​តុលាការ​។

​អ្នក​ភូមិ​ដែល​ឆ្លង​មេរោគ​អេដស៍​ជិត​៨០​នាក់ បាន​ផ្ដល់​សក្ខី​កម្ម​អំឡុង​ពេល​សវនាការ​ ដោយ​ភាគច្រើន​ប្រាប់​តុលាការ​ថា ​គ្រូពេទ្យ​តែ​ម្នាក់​ដែល​ធ្លាប់​ព្យាបាល​ពួកគាត់​ គឺ​លោក យ៉ែម ជ្រិន​។

លោក ជេមស៍ ម៉ាកខេប ​(James McCabe) ​នាយក​​ប្រតិបត្តិការ​​​​នៅ​អង្គភាព​គាំពារ​កុមារ ​ជា​អង្គភាព​​​បង្កើត​​គោល​នយោបាយ​​មួយ​ ​​ដែល​​​​ទទួល​បាន​ការ​​ឧបត្ថម្ភ​គាំទ្រ​ពី​មូលនិធិ​កុមារ​កម្ពុជា ដែល​បាន​ជួយ​​ដល់​ការ​ស៊ើប​អង្កេត​បឋម​នៅ​ក្នុង​ឃុំរការ ​មាន​ប្រសាសន៍​ថា ​​​​ការ​​​មិន​​​​​បាន​ចុះ​បញ្ជី​​ត្រឹម​ត្រូវ និង​​ការ​មិន​ទទួល​​​​​បាន​ការ​បណ្ដុះ​បណ្ដាល​ផ្នែក​វេជ្ជសាស្ត្រ​ឲ្យ​បាន​គ្រប់គ្រាន់​​​របស់​លោក យ៉ែម ជ្រិន អាច​ចាត់​ទុក​​បាន​ថាជា​​បំណង​​មួយ។

លោក​មាន​ប្រសាសន៍​ទៀត​ថា ”​ខ្ញុំ​គិត​ថា ​គ្មាន​​អ្វី​គួរ​​ឲ្យ​ឆ្ងល់​ទេ​ដែល​គាត់​គិត​​ថា​​ គាត់​ធ្វើ​បាន​ល្អ​បំផុត​​តាម​​ដែល​គាត់​អាច​ធ្វើ​ទៅ​បាន​។ នៅ​ពេល​ចៅក្រម​ពិចារណា​​បទ​ចោទ​ប្រកាន់​​​ ​ខ្ញុំ​ហ៊ាន​និយាយ​ថា​ ពួកគេ​​​​​បាន​ពិនិត្យ​មើល​អ្វី​ដែល​បាន​កើត​ឡើង​ ​និង​​អ្វី​ដែល​អាច​ទប់​ស្កាត់​​បាន​ ហើយ​​​ការ​មិន​បាន​ចាត់​វិធាន​ការ​ទាំង​នោះ​​​​​គឺ​ជា​បំណង​មួយ​”។

​លោក ប៊ី បេងសោ ​ប្រធាន​មណ្ឌល​សុខ​ភាព​​​ឃុំរការ ​បាន​លើក​ឡើង​ថា អ្នក​ភូមិ​ដែល​ឆ្លង​មេរោគ​អេដស៍​​មាន​ចំនួន​សរុប​២៨៣​នាក់ ហើយ​ចាប់​តាំង​ពីពេល​នោះ​មក​​​ ១១​នាក់​ក្នុង​​ចំណោម​​​នោះ​បាន​ស្លាប់​​ដោយសារ​ជំងឺ​​ពាក់​ព័ន្ធ​នឹង​មេរោគ​អេដស៍​​នេះ។

លោក ប៊ី បេងសោ ដែល​​ជា​អ្នក​នៅ​ជួរ​មុខ​គេ​ពេល​ឆ្លើយ​តប​ទៅ​នឹង​​ការ​ផ្ទុះ​ករណី​ឆ្លង​​​មេរោគ​អេដស៍​​នេះ​ចាប់​តាំងពី​​​មាន​សេចក្ដី​​រាយការណ៍​​​ដំបូង​កាលពី​​១ឆ្នាំ​មុន​​នោះ​ ​ថ្លែង​​​​ថា “​ខ្ញុំ​គិត​ថា ជាប់​ពន្ធនាគារ​២៥​ឆ្នាំ​គឺ​ស័ក្ដិសម ពីព្រោះ​​​ពេល​នេះ​គាត់​ចាស់​ទៅ​ហើយ​”។

ទោះ​ជាយ៉ាង​ណា ប្រជាពលរដ្ឋផ្សេង​ទៀត​​​​ដែល​រស់​នៅ​ក្នុង​ឃុំរការ​​បាន​សម្ដែង​ការ​ខក​ចិត្ត​​ចំពោះ​សេចក្ដី​សម្រេច​របស់​តុលាការ​​​ដក​បទ​ចោទ​ប្រកាន់​​មនុស្ស​ឃាត​​​ប្រឆាំង​លោក យ៉ែម ជ្រិន។

លោក​ ហាន ស្រី ​ជា​អ្នក​ភូមិ​ឆ្លង​មេរោគ​​​​អេដស៍​ដែល​ត្រូវ​​​តុលាការ​​សម្រេច​ផ្ដល់​សំណង​​​​ជំងឺ​ចិត្ត​ចំនួន​១២​លាន​រៀល (ប្រហែល​៣.០០០​​​​ដុល្លារ​) ​និយាយ​ថា សេចក្ដី​​​សម្រេច​នេះ​គឺ​ស្រាល​ពេក​​​ហើយ​សម្រាប់​​អ្នក​ដែល​បាន​​ចម្លង​មេរោគ​ទៅ​កូនៗ​របស់​គាត់​​ធ្វើ​ឲ្យ​ពួកគេ​មាន​ជំងឺ​​ប្រចាំកាយ​អស់​មួយ​ជីវិត។

គាត់​បាននិយាយ​ទៀត​ថា “​ខ្ញុំ​គិត​ថា ការ​ផ្ដន្ទាទោស​របស់​តុលាការ​​​សម្រាប់​លោក យ៉ែម ជ្រិន គឺ​ខ្លីណាស់​ ពីព្រោះ​គ្រួសារ​ខ្ញុំ​មាន​មនុស្ស​បី​នាក់​ កូនប្រុស​របស់​ខ្ញុំ​​អាយុ​១៨​ឆ្នាំ កូន​ស្រី​របស់​ខ្ញុំ​អាយុ​៨​ឆ្នាំ និង​ខ្លួន​ខ្ញុំ​ដែល​ត្រូវ​គាត់​ចម្លង​មេរោគ​។ ខ្ញុំ​ចង់​ឲ្យ​តុលាការ​​ផ្ដន្ទាទោស​លោក យ៉ែម ជ្រិន ឲ្យ​ជាប់​ពន្ធនាគារ​មួយជីវិត​ ព្រោះ​កូនៗ​របស់​ខ្ញុំ​​និង​ខ្ញុំ​​ក៏​​​ត្រូវ​លេប​ថ្នាំ​អស់​មួយ​ជីវិត​ដែរ​”។

អ្នកស្រី​ ចក់ ចិន្តា ​ដែល​​កូន​ប្រុស​​តូច​របស់​គាត់​បាន​ស្លាប់​ដោយ​សារ​ជំងឺ​ពាក់ព័ន្ធ​មេរោគ​អេដស៍ បាន​យល់​ស្រប​ថា ការ​ផ្ដន្ទាទោស​នេះ ​ស្រាល​ពេក​​។អ្នកស្រី​និយាយ​ថា “​ខ្ញុំ​ចង់​ឲ្យ​តុលាការ​​​ផ្ដន្ទាទោស​គាត់​ឲ្យ​ជាប់ពន្ធនាគារ​​មួយ​ ជីវិត​ ព្រោះ​ខ្ញុំ​​ផ្ទុក​មេរោគ​អេដស៍​ ហើយ​កូន​​របស់​ខ្ញុំ​អាយុ​​​៤ខែ​ដែល​ឆ្លង​មេរោគ​​បាន​ស្លាប់​ បាត់​ហើយ​”។ អ្នកស្រី​បាន​បន្ត​ថា សាច់​ញាតិ​របស់​ គាត់​ជាង​១០​នាក់​ក៏​ឆ្លង​មេរោគ​​នេះ​ដែរ​។

ស្ត្រី​វ័យ​៣២​ឆ្នាំ​រូប​នេះ​​បាន​និយាយ​ទៀត​ថា “​តើ​ឲ្យ​ខ្ញុំ​យក​​ប្រាក់​សំណង​ជំងឺ​ចិត្ត​៣លាន​រៀល (ប្រហែល​៧៥០ដុល្លារ​) ​ទៅ​ធ្វើ​អី​កើត​? ខ្ញុំ​មិន​ចង់​យក​​ទេ​ ខ្ញុំ​ចង់​ឲ្យ​តុលាការ​ផ្ដន្ទាទោស​គាត់​​​ឲ្យ​ជាប់​ពន្ធនាគារ​មួយ​ជីវិត”។

ទោះ​ជាយ៉ាង​ណា អ្នក​ភូមិ​ម្នាក់​ទៀត​ឈ្មោះ ​​រឿម ស្រីយ៉ា អាយុ​២៥​ឆ្នាំ ​ដែល​​ឆ្លង​មេរោគ​អេដស៍និយាយ​ថា សេចក្ដី​សម្រេច​របស់​តុលា​ការ​​​​សម្រាល​បទ​ចោទ​ប្រកាន់​​​ប្រឆាំង​លោក យ៉ែម ជ្រិន ហាក់​ដូច​ជា​មាន​ឥទ្ធិពល​​​តិច​តួច​​​ប៉ុណ្ណោះ​​លើ​ការ​ផ្ដន្ទាទោស​​ចុង​ក្រោយ​​នេះ។ ​​គាត់​និយាយ​ទៀត​ថា “​ខ្ញុំ​គិត​ថា ការ​ជាប់​​ពន្ធនា​គារ​​​​​២៥​ឆ្នាំ​សម្រាប់​លោក យ៉ែម ជ្រិន ​គឺ​ដូច​ទោស​​​ជាប់​ពន្ធនាគារ​មួយ​ជីវិត​អ៊ីចឹង​ ព្រោះ​គាត់​មាន​អាយុ​ជាង​៥០​ឆ្នាំ​ទៅ​ហើយ​”៕ សុខុម

 

 

The post គ្រូពេទ្យ​​​​ដែល​​​​ធ្វើ​ឲ្យ​ឆ្លង​​មេរោគ​​​អេដស៍​​យ៉ាង​រាល​ដាល ​រួច​ពី​ទោស​ជាប់​ពន្ធនាគារ​មួយ​ជីវិត​ appeared first on ខេមបូឌា ដេលី.