ទោស​ចម្លង​អេ​ដស៍ តុលាការ​ប្រកាស​សាលក្រម​ដាក់គុក​២៥​ឆ្នាំ ក្រុម​គ្រួសារ​ស្រែក​ទ្រហោយំ

ទោស​ចម្លង​អេ​ដស៍ តុលាការ​ប្រកាស​សាលក្រម​ដាក់គុក​២៥​ឆ្នាំ ក្រុម​គ្រួសារ​ស្រែក​ទ្រហោយំ

ខេត្តបាត់ដំបង ៖ សំឡេង​ស្រែក​ខ្លាំង​ៗ​ថា «​អយុត្តិធម៌​» បាន​បន្លឺ​ឡើង​ភ្លាម​ៗ​ពី​ក្រុម​គ្រួសារ​ជនជាប់ចោទ បន្ទាប់​ពី​ប្រធាន​ចៅក្រម​ជំនុំជម្រះ​ប្រកាស​បិទ​សវនាការ និង​ក្រោយ​ពេល​ប្រកាស​សាលក្រម​សម្រេច​ផ្ដន្ទាទោស អតីត​គ្រូពេទ្យ​ប្រចាំ​ភូមិ​ឈ្មោះ យ៉ែ​ម ជ្រិ​ន ដាក់​ពន្ធនាគារ​ចំនួន​២៥​ឆ្នាំ និង​បង់​សំណង​រដ្ឋប្បវេណី​ដល់​ជន​រង​គ្រោះ​ចំនួន​១២០​នាក់ ក្នុង​ម្នាក់​ៗ​ចាប់ពី​២​លាន​រៀល រហូត​ដល់​១២​លាន​រៀល ។

សាលក្រម​ព្រហ្មទណ្ឌ​លេខ​៧៥​ញ ចុះ​ថ្ងៃទី​០៣ ខែធ្នូ ឆ្នាំ​២០១៥ ក្នុង​សំណុំរឿង​ព្រហ្ម​លេខ​៧៦៨ ចុះ​ថ្ងៃ​ទី​២១ ខែធ្នូ ឆ្នាំ​២០១៤ ត្រូវ​បាន​ប្រកាស​ជា​សាធារណៈ​នៅ​ព្រឹក​ថ្ងៃ​ទី​០៣ ខែធ្នូ ឆ្នាំ​២០១៥ ដោយ​លោកស្រី យិ​ច ឈា​ណា​វី ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ លោក លិ សុខា ចៅក្រម​ប្រឹក្សា លោក​អ៊ុ​ក សុ​វ​ណ្ណា​រិ​ទ្ធ ចៅក្រម​ប្រឹក្សា លោក ហេង លុយ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត និង​លោក អាំង ប៊ុ​ន​ធឿ​ន ក្រឡាបញ្ជី ដែល​ធ្វើ​ឡើង​នៅ​ចំពោះ​មុខ​ជនជាប់ចោទ​ឈ្មោះ យ៉ែ​ម ជ្រិ​ន ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ មេធាវី​ជនជាប់ចោទ សាច់ញាតិ​ជនជាប់ចោទ តំណាង​ជន​រង​គ្រោះ មន្ត្រី​អង្គការ​សង្គម​ស៊ី​វិល និង​ក្រុម​អ្នក​សារព័ត៌មាន​ជា​ច្រើន​រូប នៅ​ក្នុង​បន្ទប់​សវនាការ​នៃ​សាលាដំបូង​ខេត្ត ។

នៅ​ក្នុង​សាលក្រម​ព្រហ្មទណ្ឌ​លេខ​៧៥​ញ ក្រុមប្រឹក្សា​ជំនុំជម្រះ បាន​ប្ដូរ​បទ​ចោទ​លើ​ជនជាប់ចោទ​មួយ​ករណី​ក្នុង​ចំណោម​បទ​ចោទ​ចំនួន​៣ គឺ​ពី​បទ «​ឃាតកម្ម​ដោយ​អំពើ​ឃោរឃៅ​» តាម​បញ្ញត្តិ​មាត្រា​២០៥ នៃ​ក្រមព្រហ្មទណ្ឌ​មក​ជា​បទ «​ទារុណកម្ម​ដែល​មាន​ស្ថាន​ទម្ងន់ទោស​ដោយសារ​តែ​មរណភាព​នៃ​ជន​រង​គ្រោះ​» តាម​បញ្ញត្តិ​មាត្រា​២១៥ នៃ​ក្រមព្រហ្មទណ្ឌ​វិញ តែ​បទ​ចោទ​ចំនួន​២​ទៀត​នៅ​រក្សា​ដដែល ។

ដូច្នេះ តុលាការ​សម្រេច​ផ្តន្ទាទោស​ជនជាប់ចោទ​ឈ្មោះ យ៉ែ​ម ជ្រិ​ន អាយុ​៥៦​ឆ្នាំ រស់នៅ​ភូមិ​រកា ឃុំ​រកា ស្រុក​សង្កែ ដាក់​ពន្ធនាគារ​កំណត់​២៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចំនួន​៥​លាន​រៀល​ចូល​ថវិការ​ដ្ធ ពី​បទ​-​បើក​កន្លែង​ពិគ្រោះ​ព្យាបាល​ជំងឺ​ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​ក្រសួងសុខាភិបាល បទ​-​ប្រព្រឹត្ត​ដោយ​ចេតនា​ចម្លង​មេរោគ​អេ​ដស៍​ដល់​អ្នក​ដទៃ និង​បទ​-​ទារុណកម្ម​ដែល​មាន​ស្ថាន​ទម្ងន់ទោស​ដោយសារ​តែ​មរណភាព​នៃ​ជន​រង​គ្រោះ ។ បន្ថែម​លើ​នេះ​តុលាការ​បាន​ហាមឃាត់​ជនជាប់ចោទ​រូប​នេះ​មិន​ឲ្យ​ប្រកប​មុខ​វិជ្ជាជីវៈ​ឯកជន​ក្នុង​វិស័យ​វេជ្ជសាស្ត្រ​អម​វេជ្ជសាស្ត្រ និង​ជំនួយ​វេជ្ជសាស្ត្រ​ជា​ស្ថាពរ​ទៀត​ផង ។ ចំពោះ​សំណង​បណ្ដឹងរដ្ឋប្បវេណី​វិញ តុលាការ​បង្គាប់​ឲ្យ​ជនជាប់ចោទ​ឈ្មោះ​យ៉ែ​ម ជ្រិ​ន បង់​សំណង​ជំងឺ​ចិត្ត​ទៅ​ជន​រង​គ្រោះ​ចំនួន​១២០​នាក់ ជាដើម​បណ្ដឹងរដ្ឋប្បវេណី​ក្នុង​ម្នាក់​ៗ​ចាប់ពី​២​លាន​រៀល​រហូត​ដល់​១២​លាន​រៀល ។

ក្រុម​គ្រួសារ​ជនជាប់ចោទ បាន​បង្ហូរទឹកភ្នែក​ភ្លាម​ៗ​នៅ​ក្នុង​បន្ទប់​សវនាការ ពេល​ទ​ទូល​បានការ​ប្រកាស​សាលក្រម​នេះ ។ ក្រោយ​ពី​ការ​ប្រកាស​បិទ​សវនាការ គេ​ឃើញ​ក្រុម​គ្រួសារ​ជនជាប់ចោទ មាន​ប្រពន្ធ កូន និង​សាច់ញាតិ​បងប្អូន​ប្រមាណ​ជិត​១០​នាក់ បន្ត​ស្រែក​ទ្រហោយំ​កាន់តែ​ខ្លាំង នៅ​ខាង​មុខ​អគារ​តុលាការ ដោយ​ខ្លះ​យំ​បោក​ខ្លួន​ជាមួយនឹង​សម្រែក «​អយុត្តិធម៌​ណាស់​ៗៗៗ..» ។

ស្រែកយំ​បណ្ដើរ​លើកដៃ​សំពះ​បួងសួង​បណ្ដើរ  ស្ត្រី​វ័យ​ជិត​៦០​ឆ្នាំ​ម្នាក់​ដែល​អះអាង​ថា ត្រូវជា​បងស្រី​បង្កើត​របស់​ទណ្ឌិត យ៉ែ​ម ជ្រិ​ន បាន​ស្រែក​ទាមទារ​ឲ្យ​សម្ដេច​តេ​ជោ​ជួយ​រក​យុត្តិធម៌ ដោយ​បាន​ប្រកាស​ចំពោះ​មុខ​អ្នក​សារព័ត៌មាន​ថា «​តុលាការខេត្ត​បាត់ដំបង​មិន​មាន​យុត្តិធម៌​ទេ សម្រាប់​ប្អូនប្រុស​ខ្ញុំ​.. ប្អូនប្រុស​ខ្ញុំ​ជា​មនុស្ស​ត្រឹមត្រូវ​ណាស់​» ។

ជាមួយនឹង​សម្រែក​ទាម​ទារក​យុត្តិធម៌​ពី​សំណាក់​សាច់ញាតិ​ជនជាប់ចោទ​ខាងលើ​នេះ លោក ឯម សុវណ្ណ មេធាវី​ការពារ​ក្ដី​ឲ្យ​ជនជាប់ចោទ យ៉ែ​ម ជ្រិ​ន បាន​បញ្ជាក់​ប្រាប់​អ្នក​សារព័ត៌មាន​ថា លោក​បាន​ប្រឹងប្រែង​យ៉ាង​ខ្លាំង​ក្នុង​ការ​ទាមទារ​ឲ្យ​តុលាការ​ផ្លាស់​ប្ដូរ​បទ​ចោទ និង​បន្ធូរ​បន្ថយទោស​ដល់​កូនក្ដី​របស់​លោក ។ បើ​តុលាការ​ចោទ​ក្នុង​មាត្រា​២០៥​នៃ​ក្រមព្រហ្មទណ្ឌ គឺ​ហាក់ដូចជា​ធ្ងន់ធ្ងរ​ពេក មិន​ស័ក្ដិសម​ទៅ​នឹង​ការ​ប្រព្រឹត្ត​របស់​កូនក្ដី​លោក​ឡើយ ។ លោក​មេធាវី​បាន​ពន្យល់​ថា បើ​តាម​ទ​ង្វើ​ជាក់ស្ដែង និង​ស្ដាប់​ចម្លើយ​ជន​រង​គ្រោះ​ភាគច្រើន កូនក្ដី​លោក​ហាក់​មិន​មាន​ចេតនា​បង្ក​ឲ្យ​មានរឿង​នេះ​ទេ ។ ដូច្នេះ​លោក​នឹង​ពិភាក្សា​ជាមួយ​កូនក្ដី​របស់​លោក និង​ក្រុម​គ្រួសារ​ជនជាប់ចោទ​បន្ត​ទៀត​ថា តើ​ត្រូវ​ធ្វើការ​ប្ដឹង​ទាស់​នឹង​សាលក្រម​នេះ​ទៅ​សាលាឧទ្ធរណ៍​ទៀត ឬ​យ៉ាងណា ?
គួរ​រំឭក​ថា ទណ្ឌិត យ៉ែ​ម ជ្រិ​ន ដែល​ជា​អតីត​គ្រួ​ពេទ្យ​គ្មាន​វិជ្ជាជីវៈ គ្មាន​ក្របខ័ណ្ឌ ប្រចាំ​ភូមិ​រកា ឃុំ​រកា ស្រុក​សង្កែ ត្រូវ​គេ​រក​ឃើញ​កំហុស​ថា បាន​ធ្វើ​ឲ្យ​មនុស្ស​ជិត​៣០០​នាក់​នៅ​ក្នុង​ឃុំ​នេះ «​ឆ្លង​មេរោគ​អេ​ដស៍​» តាម​រយៈ​ការ​ប្រកប​វិជ្ជាពេទ្យ​ដោយ​គ្មាន​វិជ្ជាជីវៈ ដែល​ប្រព្រឹត្ត​ចាប់តាំងពី​អំឡុង​ឆ្នាំ​១៩៩៦​រហូត​ដល់​ឆ្នាំ​២០១៤ ។ បើ​តាម​សេចក្ដីរាយការណ៍​បាន​ឲ្យ​ដឹង​ថា រហូត​មក​ដល់​ពេល​នេះ ក្នុង​ចំណោម​អ្នក​ឆ្លង​មេរោគ​អេ​ដស៍​ជិត​៣០០​នាក់ នៅ​ក្នុង​ឃុំ​រកា ក្រោម​ស្នាដៃ​លោកគ្រូ​ពេទ្យ យ៉ែ​ម ជ្រិ​ន បាន​ស្លាប់​ជា​បន្តបន្ទាប់​អស់​ជាង​១០​នាក់​ហើយ ដែល​ភាគច្រើន​ជា​មនុស្ស​ចាស់ជរា រីឯ​មួយ​ចំនួន​ទៀត​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ដុនដាប ក្រោម​ការ​ជួយ​សង្គ្រោះ និង​ឧបត្ថម្ភ​ពី​មន្ទីរ​សុខាភិបាល​ខេត្ត អាជ្ញាធរ​ខេត្ត និង​អង្គការ​ពាក់ព័ន្ធ​មួយ​ចំនួន​ផង ។

ជុំវិញ​ការ​សម្រេច​សាលក្រម​នេះ គេ​នៅ​មិន​ទាន់​មាន​ព័ត៌មាន​ប្រតិកម្ម​បែប​ណា​ពី​ក្រុម​ជន​រង​គ្រោះ​នៅឡើយ​ទេរ​ហូត​មក​ដល់​ពេល​នេះ ៕