ប្រធាន​មណ្ឌល​សុខភាព​ត្រូវ​បាន​ដកហូត​មុខ​តំណែង​ក្រោយ​ធ្លាយ​រឿង​ធ្វេសប្រហែស

ប្រធាន​មណ្ឌល​សុខភាព​ត្រូវ​បាន​ដកហូត​មុខ​តំណែង​ក្រោយ​ធ្លាយ​រឿង​ធ្វេសប្រហែស

ខេត្តរតនគិរី ៖ ក្រោយ​ពី​សារព័ត៌​មានបាន​ចុះ​ផ្សាយ​ពី​ស្ដ្រី​ម្នាក់​សម្រាលកូន​លើ​បង់​អង្គុយ​រង់ចាំ កាលពី​វេលា​ទៀប​ភ្លឺ​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា  ដោយសារ​គ្មាន​ការ​អើពើ​ពី​គ្រូពេទ្យ​នៅ​មណ្ឌល​សុភាព​កាចា​ញ ក្រុង​បាន​លុង លោក លី ច័ន្ទ​រិ​ទ្ធ អនុប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​សាល​ប្រជុំ​មន្ទីរ​សុខាភិបាល​នា​រសៀល​ថ្ងៃ​ទី​២ ខែធ្នូ ។

លោក​បានឱ្យ​អ្នក​សារព័ត៌មាន​ដឹង​ថា ពេល​នេះ​ខាង​មន្ទីរ​សុខាភិបាល​ខេត្ត បាន​ចុះ​ធ្វើការ​ស្រាវជ្រាវ​ដល់​លំនៅ​ឋាន​ស្ដ្រី​ដែល​សម្រាលកូន​រួចរាល់​អស់ហើយ ។ ចំពោះ​លទ្ធផល​រក​ឃើញ​ថា កំហុស​ទាំង​អស់នេះ​ធ្លាក់​លើ​លោក គឹ​ង សាវ៉ា​ត ប្រធាន​មណ្ឌល​សុខភាព​កាចា​ញ ដែល​មានការ​ធ្វេសប្រហែស​ក្នុង​ការ​គ្រប់គ្រង​បុគ្គលិក​របស់​ខ្លួន ហើយ​មន្ទីរ​សុខាភិបាល​បាន​សម្រេច​ដក​លោក គឹ​ង សាវ៉ា​ត  មក​បម្រើ​ការ​នៅ​មន្ទីរ​សុខាភិបាល​ខេត្ត និង​ដាក់​អ្នក​ថ្មី​ជំនួស​វិញ ។

លោក លី ច័ន្ទ​រិ​ទ្ធ មាន​ប្រសាសន៍​ទៀត​ថា ខាង​មន្ទីរ​សុខាភិបាល​បាន​ជួយ​ឧបត្ថម្ភ​ដល់​គ្រួសារ​ស្ដ្រី​សម្រាលកូន ទឹកប្រាក់​ចំនួន​២០​ម៉ឺន​រៀល អង្ករ​២០​គីឡូក្រាម និង​ត្រីខ​១​យួរ ។ ចាប់ពី​ពេល​នេះ​តទៅ នៅ​តាម​មណ្ឌល​សុខភាព​ទាំងអស់ ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​សម្រាប់​ស្ដ្រី​មាន​ផ្ទៃពោះ ដោយ​គ្មាន​ការ​រើសអើង អ្នកមាន​ឬ​អ្នកក្រ ឬ​និន្នាការ​នយោបាយ​អ្វី​ទាំងអស់ ត្រូវ​ជួយ​សង្គ្រោះ​មិន​ឱ្យ​ឆក​ល្វែង​តទៅ​ទៀត​ឡើយ ។

សូម​រំលឹក​ថា ស្ដ្រី​ដែល​សម្រាលកូន​លើ​បង់​អង្គុយ​រង់ចាំ​នោះ ឈ្មោះ វ៉ា​ត់ វ៉ា​ត អាយុ​២៤​ឆ្នាំ មាន​ប្ដី​ឈ្មោះ ណែ​ត រឹទ្ធ ជា​កម្មករ​ចៀរ​ជ័រកៅស៊ូ​នៅ​ស្រុក​លំ​ផាត់ ។ ទារិកា​ដែល​សម្រាល​នេះ គឺជា​កូន​ទី​៣​របស់​ពួក​គេ ៕