កុមារ​ប្រុស​ស្រី​អាយុ​៥​ទៅ​៨​ឆ្នាំ​លង់ទឹក​ស្រះ​មរណៈ​ស្លាប់​៤​នាក់

កុមារ​ប្រុស​ស្រី​អាយុ​៥​ទៅ​៨​ឆ្នាំ​លង់ទឹក​ស្រះ​មរណៈ​ស្លាប់​៤​នាក់

ខេត្តកំពង់ស្ពឺ ៖ យ៉ាង​ហោច​ណាស់ ក្មេង​ប្រុស​ម្នាក់​ត្រូវ​បាន​ជួយ​សង្គ្រោះ​ទាន់​ពេល និង​៤​នាក់​ទៀត បាន​ស្លាប់​បាត់បង់​ជីវិត​បន្ទាប់​ពី​ពួក​គេ​នាំ​គ្នា​ទៅ​មុជទឹក​ស្រះ ខណៈ​ម្តាយ​ឪពុក​រវល់​ទៅ​ច្រូតស្រូវ​នៅ​ឯ​ស្រែ​ឆ្ងាយ​ពី​ផ្ទះ ។
ហេតុការណ៍​នេះ​កើតឡើង​កាលពី​ថ្ងៃ​ទី​៣ ធ្នូ វេលា​ម៉ោង​៩​ព្រឹក នៅ​ស្រះ​ទឹក​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​ចំ​ប៉ី ឃុំ​ហោង​សំណុំ ស្រុក​ឱ​រ៉ា​ល់ ។

លោក​វរសេនីយ៍ត្រី ប៊ុត ប៊ុ​ន​ធឿ​ន អធិការ​នគរបាល​ស្រុក​ឱ​រ៉ា​ល់ បានឱ្យ​ដឹង​ថា តាម​ការ​សាកសួរ​ក្មេង​ៗ​នៅ​ក្នុងភូមិ បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ពួកក្មេង​ៗ៥​នាក់ បាន​នាំ​គ្នា​ទៅ​មុជទឹក​ស្រះ ដែល​នៅ​ចម្ងាយ​ប្រមាណ​៥០​ម៉ែត្រ​ពី​ភូមិ ។ ពេល​នោះ​មាន​ក្មេង​ម្នាក់​បាន​លង់ទឹក ហើយ​ក៏​ស្រវា​ចាប់​អ្នក​ដែល​មុជទឹក​ក្បែរ​គ្នា​ឱ្យ​ជួយ ក៏​ចេះ​តែ​ស្រវា​តោង​ទាញ​ត​ៗ​គ្នា បណ្តាល​ឱ្យ​លង់​ស្លាប់​៤​នាក់ និង​រួច​ជីវិត​តែ​ម្នាក់​ប៉ុណ្ណោះ ។ ពេល​នោះ​ក្មេង​ៗ ដែល​ឃើញ​ហេតុការណ៍ បានរ​ត់ទៅ​ហៅ​ចាស់​ៗ​ក្នុងភូមិ ឱ្យមក​ជួ​ួ​យ​ដែរ តែ​អកុសល​ពួក​គេ​បាន​ស្លាប់​អស់​៤​នាក់​ទៅ​ហើយ ។

លោក​អធិការ​បន្ត​ថា ក្មេង​ៗ​រង​គ្រោះ​ទាំងនេះ​មាន ១-​ឈ្មោះ ឡុ​ង ស្រី​លក្ខណ៍ ភេទ​ស្រី អាយុ​៨​ឆ្នាំ ២-​ឈ្មោះ ភី ដា​នី ភេទ​ស្រី អាយុ​៦​ឆ្នាំ ៣-​ឈ្មោះ សែ នី​ណៃ ភេទ​ស្រី អាយុ​៥​ឆ្នាំ ៤-​ឈ្មោះ ទូច វ័​ន្ត ភេទ​ប្រុស អាយុ​៥​ឆ្នាំ ៥-​ឈ្មោះ សែ សុខ​ឃា ភេទ​ស្រី អាយុ​៨​ឆ្នាំ (​នៅ​រស់​) ។ កុមារ​រង​គ្រោះ​ខាងលើ ជា​កូនចៅ​អ្នក​ភូមិ ដែល​មាន​លំនៅ​ឋាន​ក្បែរ​ៗ​គ្នា ។

លោក​អធិការ​បន្ត​ថា ក្មេង​រង​គ្រោះ​ទាំងអស់ ត្រូវ​ឪពុក​ម្តាយ​ពួក​គេ​ទុក​ឱ្យ​នៅផ្ទះ ខណៈ​ពួក​គាត់​រវល់​ទៅ​ច្រូតស្រូវ​នៅ​ឯ​ស្រែ ក្បែរ​ភូមិ ។ ក្រោយ​កើតហេតុ សព​កុមារ​រង​គ្រោះ​ទាំង​៤​នាក់ ត្រូវ​ក្រុម​គ្រួសារ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​រៀង​ៗ​ខ្លួន ដោយ​ក្តី​វិយោគ​បំផុត ៕