អ្នកប្រយុទ្ធជាតិ និងអន្តរជាតិត្រៀមបង្ហាញភាពអស្ចារ្យនៅកោះពេជ្រថ្ងៃសៅរ៍នេះ

កីឡា​ករ-​កីឡា​ការិនី​​ទាំង​​២០នាក់​កំពុង​តែ​​ត្រៀម​លក្ខណៈ​រួច​ជា​ស្រេច​​ដើម្បី​​ផ្តល់​​​ភាព​រំភើប និង​​សមត្ថ​ភាព​រៀង​ៗ​ខ្លួន​របស់​ពួក​គេ​​ទៅ​កាន់​អ្នក​គាំ​ទ្រ​កម្ពុជា និង​ពិភព​លោក​ក្នុង​ព្រឹត្តិ​ការណ៍ ONE: Kingdom of Khmer នៅ​លើ​សង្វៀន​​ដាក់​ទ្រុង នៅ​រោង​មហោ​ស្រព​កោះពេជ្រ ក្នុង​រាជ​ធានី​​ភ្នំ​ពេញ​។ នៅ​​ថ្ងៃ​សៅរ៍ ទី​៥ ខែ​​ធ្នូ ឆ្នាំ​២០១៥ ការ​​ប្រកួត​​​​ចំនួន​១០គូ​​ទាំង​ជាតិ និង​អន្តរ​ជាតិ ដែល​ត្រូវ​បាន​រៀប​ចំ​ឡើង​ដោយ​អង្គ​ភាព​​ឈាន​មុខ​គេ​ប្រចាំ​ទ្វីប​​អាស៊ី ONE Championship (ONE) ត្រូវ​បាន​រំពឹង​​ទុក នឹង​ផ្តល់​ភាព​រំភើប ក៏​ដូច​ជា​កម្ម​ភាព​យ៉ាង​​ជក់​ចិត្ត​ ដែល​នឹង​ចាប់​ផ្តើម​​ពី​ម៉ោង​៦​ល្ងាច​ត​ទៅ​។ ក្នុង​សកម្ម​ភាព​ប្រកួត​ដ៏​រំ​ភើប​នេះ កីឡាករ Lowen Tynanes វ័យ​២៥​ឆ្នាំ មក​ពី​រដ្ឋ​ហាវ៉ៃ​ រំពឹង​​ថា នឹង​បង្កើត​​ភាព​អស្ចារ្យ ក៏​ដូច​ជា​រក្សា​​ភាព​ខ្លាំង​របស់​ខ្លួន​​នៅ​ពី​មុខ​អ្នក​គាំ​ទ្រ​កម្ពុជា នៅ​ពេល​ដែល​រូប​គេ​​ត្រូវ​ប៉ះ​ជា​មួយ​នឹង​កីឡាករ​រុស្ស៊ី Rasul Yakhyaev ក្នុង​ការ​ប្រកួត​កម្រិត​គូ​ឯក​ក្នុង​ទម្ងន់​៧០,៣​គីឡូ​​ក្រាម​។

កីឡាករ​ជើង​ខ្លាំង​រូប​នេះ ដែល​មាន​កំណត់​ត្រា​ឈ្នះ​ក្នុង​​ស​ង្វៀន​ដាក់​ទ្រុង​​ចំនួន​៧​លើក មិន​ដែល​ចាញ់ បាន​​ករសាង​កេរិ៍្ត​ឈ្មោះ​របស់​គេ​​នៅ​លើ​ទឹក​ដី​អាស៊ី​កាល​ពី​ឆ្នាំ​២០១១ តាម​រយៈ​ការ​ឡើង​ប្រកួត​​ក្បាច់​ប្រដាល់​ចម្រុះ (MMA) ​ជាលើ​កទី​១​របស់​គេ​នៅ​ប្រទេស​ជប៉ុន ហើយ​ជ័យ​ជម្នះ​របស់​គេ​ភាគ​ច្រើន​មិន​មែន​បញ្ចប់​ដោយ​ការ​កាត់​សេច​ក្តី​ដោយ​ពិន្ទុ​​ឡើយ​។ សម្រាប់​ការ​​ប្រកួត​នា​ពេល​ខាង​មុខ​នេះ Tynanes បាន​ឲ្យ​ដឹង​ថា៖ «ការ​​ធ្វើ​ដំណើរ​មក​កាន់​ភ្នំ​ពេញ ពិត​ជា​​រឿង​ដ៏​អស្ចារ្យ​សម្រាប់​ខ្ញុំ​។ ការ​ទទួល​បាន​បទ​ពិសោធ​​​ជា​មួយ​នឹង​​ប្រទេស​ដែល​មាន​ប្រវត្តិ​សាស្ត្រ និង​វប្បធម៌ដ៏​សម្បូរ​បែប​ដូច​​​ជា​កម្ពុជា ពិត​ជា​រឿង​ដ៏​​រំភើប​។ ខ្ញុំ​ពិត​ជា​រីក​រាយ​ក្នុង​ការ​ប្រកួត ហើយ​ខ្ញុំ​ពេញ​ចិត្ត និង​អាច​​ប្រកួត​ជា​មួយ​នឹង​កីឡាករ​រូប​​ណា​ក៏​បាន​​»​។ Yakhyaev ក៏​ជា​កីឡាករ​ជើង​ខ្លាំង​ម្នាក់​របស់​រុស្ស៊ី​ផងដែរ ខណៈ​ដែល​កីឡាករ​វ័យ​​២៤​ឆ្នាំ​រូប​នេះ មាន​កំណត់​ត្រា​ឈ្នះ​៩​លើក និង​ចាញ់​២​លើក ហើយ​ជ័យ​ជម្នះ​​របស់​គេ​ភាគ​ច្រើន​​បាន​បញ្ចប់​ដោយ​ការ​ធ្វើ​ឲ្យ​ដៃ​គូ​ចុះ​ចាញ់ និង​សន្លប់​។ គូ​ប្រកួត​គូ​ឯក​ដ៏​គួរ​​ឲ្យ​ចាប់​អារម្មណ៍​ផ្សេង​ទៀត​គឺ ការ​ជួប​គ្នារ​វាង​កីឡាករ​​ជើង​ខ្លាំង​របស់​ម៉ាឡេ​ស៊ី Gianni Subba (ឈ្នះ​៦​លើក និង​ចាញ់​១​លើក) និង​កីឡាករ​ថៃ Anatpong Bunrad (ឈ្នះ​៥លើក និង​ចាញ់​១​លើក) ក្នុង​ទម្ងន់​​៥៦,៧​គីឡូ​ក្រាម​។
1
ស្រប​ពេល​ជា​មួយ​គ្នា​នេះ សម្រាប់​ការ​ប្រកួត​គូ​អន្តរ​ជាតិ​​រវាង​​​​កីឡាករ​កម្ពុជា ចាន់ ហេង រំពឹង​ថា នឹង​អាច​បង្ហាញ​​ភាព​សមត្ថ​ភាព​ដ៏​ខ្លាំង​របស់​ខ្លួន​នៅ​ពេល​ឆាក​អន្តរ​ជាត​នៅ​ពេល​ដែល​រូប​គេ​ប៉ះ​ជា​មួយ​នឹង​កីឡាករ​​ឥណ្ឌូ​នេស៊ី Mario Satya Wirawan​ ក្នុង​ទម្ងន់​៦៥,៨​គីឡូ​ក្រាម ។ ចាន់ ហេង ដែល​​មាន​​កំណត់​ត្រា​ឈ្នះ​ក្នុង​សង្វៀន​ដាក់​ទ្រុង​៨​លើក និង​ចាញ់​២​លើក​នោះ ពិត​ជា​ស្រេក​ឃ្លាន​​ជ័យ​ជម្នះ​​យ៉ាង​ខ្លាំង​ដើម្បី​ករ​សាង​កេរិ៍​ឈ្មោះ​របស់​គេ​​នៅ​លើ​​ឆាក​​អន្តរ​ជាតិ​នៅ​ពេល​ដែល​ប៉ះ​ជា​មួយ​​អ្នក​ប្រយុទ្ធ​មិន​សូវ​មាន​បទ​ពិសោធន៍ Wirawan ដែល​មាន​កំណត់​ត្រា​ឈ្នះ​៤​លើក និង​ចាញ់​២​លើក​។ ចាន់ ហេង បាន​ឲ្យ​ដឹង​ថា៖ «ខ្ញុំ​ពិត​ជា​ស្រេក​ឃ្លាន​ក្នុង​ការ​​បង្ហាញ​ខ្លួន​ក្នុង​សង្វៀន​របស់ ONE នៅ​ថ្ងៃ​សៅរ៍​នេះ ដើម្បី​​បង្ហាញ​ឲ្យ​ពិភព​លោក​ឃើញ​ថា ខ្ញុំ​​មាន​សមត្ថ​ភាព និង​​កសាង​កេរិ៍្ត​ឈ្មោះ​របស់​ខ្ញុំ​​នៅ​លើ​ឆាក​អន្តរ​ជាតិ​»​។ ក្នុង​ការ​ប្រកួត​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​​មួយ​ទៀត ​កីឡាករ​ចាន់ រត​នា រំពឹង​​ថា អាច​​ស្តារ​មុខ​មាត់​​របស់​ខ្លួន​របស់​មក​វិញ នៅ​ពេល​ដែល​​​​​ត្រូវ​ធ្វើ​ការ​ប្រកួត​សង​សឹក​ជា​មួយ​នឹង​​កីឡាករ​សំអាង ឌុន ក្រោយ​ពី​រូប​គេ​​បាន​ចាញ់​ទាំង​ចម្រូង​​ចម្រាស់​ក្នុង​ការ​ប្រកួត ONE: Rise of the Kingdom កាល​ពី​ឆ្នាំ​មុន នៅ​លើ​សង្វៀន​​ដូច​គ្នា​នេះ ដោយ​សារ​តែ​​​បាន​​ធ្វើ​ខុស​ទៅ​នឹង​លក្ខ​ន្តិកៈ​​នៃ​​ការ​ប្រកួត​។ រត​នា វ័យ​២៩​ឆ្នាំ ដែល​​ឈ្នះ​៣​លើក និង​ចាញ់​១ ​បញ្ជាក់​ថា រូប​គេ​កំពុង​តែ​ត្រៀម​លក្ខណៈ​រួច​ជា​ស្រេច​ដើម្បី​លុប​លាង​នូវ​អ្វី​ដែល​រូប​គេ​បាន​បាត់​បង់​៕

 

កម្ម​វិធីប្រកួត​ទាំង​១០​គូនៅ​ថ្ងៃ​សៅរ៍​នេះ

គូ​ឯក Lowen Tynanes​ (ឈ្នះ​៧​លើក មិន​ដែល​ចាញ់) Vs Rasul Yakhyaev (ឈ្នះ​៩ ចាញ់​២)

Gianni Subba (ឈ្នះ​៦ ចាញ់​១) Vs Anatpong Bunrad (ឈ្នះ​៥ ចាញ់​១)

សំ​អាង​ ឌុន (ឈ្នះ​៥ ចាញ់) Vs ចាន់ រតនា (ឈ្នះ​៣ ចាញ់​១)

ចាន់ ហេង (ឈ្នះ៨ ចាញ់​២) Vs Mario Satya Wirawan (ឈ្នះ​៤ ចាញ់​២)

មាស ម៉ើ (ឈ្នះ​២​) Vs ចាន់ សំ​អាត

ស៊ីម ប៊ុន​ស្រ៊ុន (ចាញ់​៣​) Vs ខុន ស៊ី​ចាន់ (ឈ្នះ​២ ចាញ់​១)

សំ ថារ័ត្ន (ឈ្នះ​២ ចាញ់១) Vs Jeet Toshi (ឈ្នះ​២ ចាញ់​២)

សរ សី (ឈ្នះ​២ ចាញ់​១) Vs ជីម ចិត្រា (ឈ្នះ​១ ចាញ់​១)

រិន សា​រ័ត្ន (ឈ្នះ​១ ចាញ់​៣) Vs មី​ស្លីន អាលី (ចាញ់​២)

វី​ស្រី ឆៃ (ចាញ់​១) Vs អេ​ យ៉ាង​នុត