ម៉ៅ សុ​ចាន់​ធី មាន​ជម្លោះ​ជាមួយតារា​ថ្មី​ រតនៈ វិបុល​ តាម​ហ្វេ​ស​ប៊ុ​ក

រាជធានី​ភ្នំពេញ ៖ អតីត​តារា​សម្តែង​នាង​ម៉ៅ សុ​ចាន់​ធី មាន​ជម្លោះ​ជាមួយ​តារា​សម្តែង​ថ្មី​លោក រតនៈ វិបុល តាម​ហ្វេ​ស​ប៊ុ​ក​ពាក់ព័ន្ធ​ព័ត៌មាន​លោក​ហេង ដា​រី និង​ស្ត្រី​អាណិកជន​នៅ​អា​មេ​រិ​ក​ម្នាក់ ។
អ្នក​នាង​ម៉ៅ សុ​ចាន់​ធី ខឹង​ខ្លាំង​បន្ទាប់​ពី​តារា​ថ្មី​រូប​នោះ​ប្រើ​ពាក្យ​អសុរោះ​លើ​រូប​នាង​ដោយ​នាង​ចាត់​ទុក​ថា វា​ជា​រឿង​អាប់ឱន​មួយ​ក្នុង​សង្គម​សិល្បៈ​ខ្មែរ ក្នុង​នាម​អ្នក​នាង​ក៏​ធ្លាប់​ជា​អ្នកសិល្បៈ​មួយ​រូប បើ​ទោះបីជា​បច្ចុប្បន្ន​បាន​ចាក​ចេញពី​ពិភព​សិល្បៈ​ជា​ច្រើន​ឆ្នាំ​ក៏​ដោយ ។

អតីត​តារា​សម្តែង​ក្នុង​រឿង «​ម៉ាក​ភូ​យុង​កែវ​» អ្នក​នាង​ម៉ៅ សុ​ចាន់​ធី ប្រាប់​កោះសន្តិភាព​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃ​ទី​៣ ធ្នូ ២០១៥​ថា រឿងហេតុ​នេះ​កើតឡើង បន្ទាប់​ពី​នាង​ចែករំលែក​ព័ត៌មាន​(Share) តាម​ហ្វេ​ស​ប៊ុ​ក​ពី​រឿង​របស់​លោក​ហេង ដា​រី ហើយ​លោក រតនៈ វិបុល បាន​ឆ្លើយឆ្លង ថា «​កុំ​ចេះ​ដឹង​រឿង​គេ​» ។

អតីត​តារា​សម្តែង​ដែល​កំពុង​ផ្ញើខ្លួន​នៅ​លើ​ទឹកដី​អា​មេ​រិ​ក​ម៉ៅ សុ​ចាន់​ធី និយាយ​ថា «​ដំបូង​ខ្ញុំ​ទាស់ទែង​សម្តី​ជាមួយ​នាង​ម្នាក់​ឈ្មោះ​ហាន់​ណា ដែល​ថា​មក​ខ្ញុំ ហើយ​នាង​ម្នាក់​នោះ​ជា​អ្នក​និយាយ​កាន់ជើង​លោក​ហេង ដា​រី​។ បន្ទាប់​ពី មាន​ជម្លោះ​ជា​បន្តបន្ទាប់​មក លោក​វិបុល​នេះ​ចូល​មក​ឆ្លង​ឆ្លើយ​ដែរ ដោយ​ប្រើ​ពាក្យ​អាក្រក់​ៗ​មក​លើ​ខ្ញុំ សុទ្ធតែ​អាស​មក​រមាស់​រឿង​គេ​។ ខ្ញុំ​បាន​ឆ្លើយ​តបត​ទៅ​វិញ​ជា​ភាសា​ឈ្លោះប្រកែក​តែ​ម្តង ។ ក្រោយមក​លោក​វិបុល បាន​ឆ្លើយ​មក​វិញ​ថា គាត់​និយាយ​តែឯង​ទេ ហើយ​ខ្ញុំ​ក៏​តប​វិញ​ថា ខ្ញុំ​ក៏​និយាយ​តែ​ម្នាក់​ខ្ញុំ​ដែរ បន្ទាប់​មក​ជម្លោះ​ក៏​បាន​បន្ត​រហូត​ដល់​លោក​វិបុល នេះ​បញ្ចេញ​ឈ្មោះ និង​ថា​ឲ្យ​ខ្ញុំ ចំ​ៗ​តែ​ម្តង ។

បន្ទាប់​ពី​ជេរ​ខ្ញុំ​ដោយ​ភាសា​អាក្រក់​នោះ នាង​ខ្ញុំ​ក៏​មាន​អារម្មណ៍​កាន់តែ​ក្តៅ​ឆួល និង​បាន​ព្រមាន​ប្តឹង​លោក​វិបុល​នេះ តែ​លោក​វិបុល បាន​បិទ​(Block)​ហ្វេ​ស​ប៊ុ​ក​ជាមួយ​ខ្ញុំ​ចោល ។ បន្ទាប់​មក​ខ្ញុំ​ក៏​បើក​គណនេយ្យ​មួយទៀត ហើយ​បាន​ផ្ញើ​សារ​ជា​សំឡេង​ទៅ​កាន់​លោក​វិបុល​ថា  មិនបាច់រ​ត់ទៅ​ណា​ឡើយ រឿង​នេះ​អ្នកឯង​មិន​រួចខ្លួន​ឡើយ ហើយ​លោក​វិបុល​នេះ​ក៏​បាន​ឆ្លើយ​តប​មក​ដោយ​ពាក្យ អាក្រក់​ៗ​ជា​ច្រើន​ហូរហែ​ដូច​ហែកសំពត់ និង​ពោល​ពាក្យ​ថា «​អញ​មិន​ខ្លាច​នាង​ឯង​ទេ​» ហើយ​បាន​ព្រមាន​មក​ខ្ញុំ​ថា «​ប្រយ័ត្ន​គេ​បាញ់​ស្លាប់​ពេល​មក​ស្រុក​ខ្មែរ​» ។

ទោះជា​យ៉ាងណា​ក្តី ការ​ទម្លាយ​ព័ត៌មាន​នេះ​ត្រូវ​អ្នក​នាង​ម៉ៅ សុ​ចាន់​ធី បញ្ជាក់​ថា ចង់​បង្ហាញ​ថា​សង្គម​សិល្បៈ​ខ្មែរ​មិន​គួរ​មាន​អ្នកសិល្បៈ​ដែល​ប្រើ​ពាក្យ​អាក្រក់ និង​ជេរ​នាង​ជា​ស្រី ហើយ​ជាតា​រា​រៀមច្បង​ម្នាក់​ឡើយ បើ​ទោះបីជា​នាង​បាន​ចេញ​កាន់តែ​ឆ្ងាយ​ពី​ពិភព​សិល្បៈ​ក៏​ដោយ ។ ក្នុង​នាម​ជា​រៀមច្បង​ម្នាក់​នាង​មិន​សុខចិត្ត​ចំពោះ​អ្នកសិល្បៈ​ជំនាន់​ក្រោយ​វ័យក្មេង​ប្រមាថ​ឡើយ​។ ការ​ធ្វើ​បែប​នេះ​អ្នក​នាង​ចាន់​ធី​ចាត់​ទុក​ថា​ជះ​ឥទ្ធិពល​អាក្រក់​ដល់​អ្នកសិល្បៈ​ជំនាន់​ក្រោយ ។

កោះសន្តិភាព​មិន​បាន​ទទួល​ការ​បកស្រាយ​ពី​លោក​រតនៈ វិបុល​ទេ ដូច្នេះ​ក៏​មិន​ចាត់​ទុក​ការ​លើក​ឡើង​របស់​អ្នក​នាង​ម៉ៅ សុ​ចាន់​ធី ថា​ពិត ឬ​មិន​ពិត​ដែរ ៕