លោក កឹម សុខា សន្យាប្រើសមត្ថភាព ឲ្យអស់ពីលទ្ធភាព ដើម្បីឲ្យខ្មែរទុកចិត្តគ្នា

ភ្នំពេញ៖ ប្រធានស្តីទី គណបក្សសង្គ្រោះជាតិ (CNRP) លោក កឹម សុខា បានសន្យាដោយអួតអាង ថា លោកនឹងប្រើប្រាស់ សមត្ថភាពរបស់ខ្លួន ឲ្យអស់ពីលទ្ធភាព ដើម្បី ឲ្យខ្មែរគ្រប់និន្នការនយោ បាយ ទាំងអស់ជឿទុកចិត្តគ្នា រួមសាមគ្គីគ្នា អភិវឌ្ឍប្រទេសជាតិ។

ថ្លែងទៅកាន់មន្ត្រី និងក្រុមយុវជន របស់គណបក្សសង្រ្គោះជាតិ កាលពីរសៀលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៥ នាទីស្តីស្នាក់គណបក្សប្រឆាំង លោក កឹម សុខា បានមាន ប្រសាសន៍ថា ដើម្បីឲ្យប្រទេសខ្មែរសុខសាន្ត ហើយមានការរីកចម្រើនពិតប្រាកដទាល់តែយើងមានឯកភាពជាតិ  ជាតិណាក៏ដោយកាលណាបាត់បង់ឯកភាពជាតិ គឺធ្លាក់ចុះ។ ការឯកភាពជាតិនេះ រកឃើញថាគ្រប់ភាគីទាំងអស់ ចេះឲ្យតម្លៃគ្នាទៅវិញទៅមក ហើយត្រូវជៀសវាងកុំធ្វើឲ្យអ្នកដទៃឈឺចាប់ ជៀសវាងកុំឲ្យអ្នក ដទៃ ភ័យខ្លាច។

លោក បានបន្តថា “ខ្ញុំជឿថា យើងនឹងទៅដល់ចំណុចមួយជឿទុកចិត្តគ្នា ការជឿទុកចិត្តគ្នាគឺជាគ្រឹះ ដើម្បីឈានទៅដល់ឯកភាពជាតិ ដើម្បីឲ្យជឿទុកចិត្តគ្នាទាល់តែឈប់ ធ្វើឲ្យភាគីណាមួយឈឺចាប់ ហើយឈប់ធ្វើឲ្យអ្នកដទៃភ័យខ្លាច រហូតដល់ធ្វើឲ្យខ្លួនឯងភ័យខ្លាចខ្លួនឯង។ ហ្នឹងបានបាត់ភ័យខ្លាច បាត់ឈឺចាប់ទាំងអស់គ្នា ពេលហ្នឹងរក ឯកភាពជាតិឃើញ ហើយយើងនឹងអភិវឌ្ឍប្រទេសជាតិមួយដោយសុខដុមរម្មនាទាំងគ្នា។ នេះជាចក្ខុវិស័យរបស់គណបក្សសង្គ្រោះជាតិ ហើយខ្ញុំនឹងព្យាយាមប្រើ អស់ លទ្ធភាព សមត្ថភាពរបស់ខ្ញុំ ដើម្បីធ្វើឲ្យកើតមានកិច្ចព្រមព្រៀងក្នុងចិត្តរវាងអ្នកនយោបាយ អ្នកដឹកនាំខ្មែរ ដើម្បីសម្រេចបានឯកភាពជាតិនៅថ្ងៃណាមួយ”។

សូមបញ្ជាក់ថា នៅរសៀលថ្ងៃព្រហស្បតិ៍ ទី៣ ខែធ្នូ ឆ្នាំ២០១៥ លោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ និងមន្ត្រីជាន់ខ្ពស់របស់គណបក្ស បានជួបជាមួយ តំណាងយុវជនគណបក្សសង្គ្រោះជាតិទាំង២៥រាជធានី-ខេត្ត នៅទីស្នាក់ការកណ្ដាលគណបក្ស៕

លោក កឹម សុខា សន្យាប្រើសមត្ថភាព ឲ្យអស់ពីលទ្ធភាព ដើម្បីឲ្យខ្មែរទុកចិត្តគ្នា

លោក កឹម សុខា សន្យាប្រើសមត្ថភាព ឲ្យអស់ពីលទ្ធភាព ដើម្បីឲ្យខ្មែរទុកចិត្តគ្នា