កូរ៉េខាងជើង មិនអាចគេចផុត ពីការតាមដាន របស់ អាមេរិក ជប៉ុន និង កូរ៉េខាងត្បូង

វ៉ាស៊ីនតោន៖ មន្ត្រីការទូត ជាន់ខ្ពស់នៃ សហរដ្ឋអាមេរិក ជប៉ុន និង កូរ៉េខាងត្បូង បានបញ្ជាក់ ពីការ ប្តេជ្ញារបស់ពួកគេបន្ថែមទៀត កាលពីថ្ងៃព្រហស្បតិ៍ ទៅលើការរួមដៃគ្នាតាមដានឲ្យបាន ដិតដល់ ទៅលើបញ្ហាជាច្រើន ពាក់ព័ន្ធនឹងកូរ៉េខាងជើង ជាពិសេសគឺ កម្មវិធីនុយក្លេអ៊ែរ និង ការអភិវឌ្ឍ ក្បាលគ្រាប់មីស៊ីល ជាដើម។

ទីភ្នាក់ងារព័ត៌មានជប៉ុន ក្យូដូ ចេញផ្សាយនៅថ្ងៃសុក្រ ទី០៤ ខែធ្នូ ឆ្នាំ ២០១៥ នេះទៀតថា មន្ត្រីទាំងបី ភាគីខាងលើនេះ ក៏បានព្រមព្រៀងគ្នាផងដែរ ថានឹងលើកទឹកចិត្តឲ្យកូរ៉េខាងជើង ងាកមកចូលរួមតុចរចា ៦ភាគីឡើងវិញ ដើម្បីលុបបំពាក់អាវុធនុយក្លេអ៊ែរ នៅក្នុងរដ្ឋ កុម្មុយនិស្តមួយនេះ។ កិច្ចចរចា ៦ភាគី មានការចូលរួមពីប្រទេសរុស្ស៊ី និង ចិន ផងដែរ។

គួរបញ្ជាក់ថា កិច្ចប្រជុំត្រីភាគី រវាងសម្ព័ន្ធមិត្តទាំងបី ក្នុងរដ្ឋធានី វ៉ាស៊ីនតោន បានកើតឡើង បន្ទាប់ពីកូរ៉េខាងជើង បានធ្វើតែស្តសាកល្បង ក្បាលគ្រាប់មីស៊ីល បាញ់ចេញពីនាវាមុជទឹក ក្នុងដែនសមុទ្រជប៉ុន កាលពីសប្តាហ៍មុន។ បើទោះបីជាវាត្រូវបានគេអះអាងថា បានទទួល បរាជ័យក៏ដោយ ក៏អន្តរជាតិ មានការព្រួយបារម្ភថា ទង្វើផ្ទុយនឹងច្បាប់អន្តរជាតិរបស់ទីក្រុង ព្យុងយ៉ាង នឹងអាចបង្កគ្រោះភ័យកាន់តែខ្លាំងទៅថ្ងៃខាងមុខ៕

កូរ៉េខាងជើង មិនអាចគេចផុត ពីការតាមដាន របស់ អាមេរិក ជប៉ុន និង កូរ៉េខាងត្បូង