សំណុំរឿង​កាន់តែច្រើន ដីកា​កាន់តែច្រើន លោក សម រង្ស៊ី កាន់​តែមាន​ប្រជាប្រិយភាព​

អ្នកតាមដាន​ស្ថានភាព​នយោបាយ​ក្នុងប្រទេស​កម្ពុជា​បាន​កត់សម្គាល់ថា នៅពេល​មាន​សំណុំរឿង​ប្តឹងផ្តល់​និង​ដីកា​កោះហៅ​កាន់តែច្រើន គឺ​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ កាន់​តែមាន​ប្រជាប្រិយភាព​ទាំង​ក្នុង​មជ្ឈដ្ឋាន​ជាតិ​និង​អន្តរជាតិ​។ ជាពិសេស​ដីកាចាប់ខ្លួន​លោក សម រង្ស៊ី ក៏ដូចជា​ការដក​អភ័យឯកសិទ្ធិ លោក សម រង្ស៊ី កំពុងតែ​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​ជាតិ​និង​អន្តរជាតិ​រិះគន់​តែ​ខ្លាំងក្លា​ទៅលើ​រដ្ឋាភិបាល​លោក ហ៊ុន សែន និង​គណបក្សកាន់អំណាច​ក្នុងប្រទេស​កម្ពុជា​។ រាល់​សំណុំរឿង​លោក សម រង្ស៊ី នៅក្នុង​តុលាការ​គឺ​ជាប់​ពាក់ព័ន្ធ​នឹង​ការគំរាមកំហែង​ផ្នែក​នយោបាយ​ក្នុងខណៈដែល​គណបក្ស​ស​ង្គ្រោះ​ជាតិ ទទួលបាន​នូវ​ការគាំទ្រ​កាន់តែ​ខ្លាំងក្លា​ពី​ប្រជាពលរដ្ឋ​។

បន្ទាប់ពី​មាន​ដីកាចាប់ខ្លួន​លោក សម រង្ស៊ី និង​ការដក​អភ័យឯកសិទ្ធិសភា​ពី​លោក សម រង្ស៊ី បានធ្វើ​ឲ្យ​សហរដ្ឋអាមេរិក សហភាព​អឺរ៉ុប អង្គការសហប្រជាជាតិ ព្រឹទ្ធសភា​អូស្ត្រាលី និង​សភា​អាស៊ី បញ្ចេញ​ប្រ​តិ្ត​កម្ម​យ៉ាង​ខ្លាំងក្លា​។ ក្នុងនោះ​ការដែល​សភា​សហភាព​អឺរ៉ុប​ព្រមាន​ផ្តាច់ជំនួយ​សម្រាប់​កម្ពុជា ប្រសិនបើ​លោក សម រង្ស៊ី មិនអាច​វិលត្រឡប់​ចូល​ស្រុក​វិញ គឺជា​បញ្ហា​ដែល​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​ជាតិ​និង​អន្តរជាតិ​មើលឃើញ​យ៉ាងច្បាស់​ចំពោះ​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា​។ អាច​និយាយបានថា នៅពេល​មាន​សំណុំរឿង​និង​ដីកា​កាន់តែច្រើន​គឺ​លោក សម រង្ស៊ី កាន់​តែមាន​ប្រជាប្រិយភាព ហើយ​រដ្ឋាភិបាល​លោក ហ៊ុន សែន និង​គណបក្សកាន់អំណាច​កាន់តែ​បាត់បង់​ការគាំទ្រ ព្រមទាំង​ទទួលរង​នូវ​ការរិះគន់​ជុំ​ទិស​។

​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​០៣ ខែធ្នូ ឆ្នាំ​២០១៥ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​មានប្រសាសន៍ថា លោក ហេង សំរិន ប្រធានរដ្ឋសភា ពុំមាន​មូលដ្ឋាន​ក្នុងការ​ចោទ​រូបលោក​ពីបទ​បរិហាកេរ្តិ៍​តាម​ប្រព័ន្ធ​សង្គម​ហ្វេ​ស​ប៊ុ​ក​នោះទេ ព្រោះ​លោក​មិនបាន​និយាយ​ចំឈ្មោះ​នរណាម្នាក់​ក្នុងការ​សរសេរ​ឡើយ​។ លោក សម រង្ស៊ី បាន​ប្រាប់​បណ្ដាញ​ព័ត៌មាន​ថា ការសរសេរ​របស់លោក​នៅលើ​ហ្វេ​ស​ប៊ុ​ក​មិនបាន​លើក​ពី​ឈ្មោះ​របស់លោក ហេង សំរិន នោះទេ​។ លោក សម រង្ស៊ី បាន​សង្កត់ធ្ងន់ថា​«​ដូច្នេះ​លោក ហេង សំរិន ពុំមាន​មូលដ្ឋាន​ណាមួយ​ក្នុង​ការប្តឹង​ប្រឆាំង​ខ្ញុំ ពីព្រោះ​ខ្ញុំ​បង្ហោះ​វីដេអូ​ឃ្លី​ប​ដែល​គេ​បង្ហោះ​នៅលើ​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​ត​យូ​ធូប​(Youtube)​ជាង​៣០​ឆ្នាំ​មកហើយ​»​។

អ្នកតាមដាន​ស្ថានភាព​នយោបាយ​ក្នុងប្រទេស​កម្ពុជា បាន​វាយតម្លៃ​ទុកជាមុន​ថា ប្រហែល​ជាមាន​ពាក្យបណ្តឹង​ប្រឆាំង​លោក សម រង្ស៊ី ច្រើន​ករណី​ទៀត​ជា​បន្តបន្ទាប់ ព្រោះ​រដ្ឋាភិបាល​លោក ហ៊ុន សែន និង​គណបក្សកាន់អំណាច​កំពុង​ប្រើប្រាស់​ប្រព័ន្ធតុលាការ ដើម្បី​ផលប្រយោជន៍​នយោបាយរ​បស់​ខ្លួន​។ ប៉ុន្តែ​នៅពេល​មាន​បណ្តឹង មាន​ដីកាចាប់ខ្លួន និង​ដីកា​កោះហៅ​កាន់តែច្រើន គឺ​លោក សម រង្ស៊ី ទទួលបាន​នូវ​ការគាំទ្រ​ពី​មជ្ឈដ្ឋាន​ជាតិ​និង​អន្តរជាតិ​កាន់តែខ្លាំង ហើយ​រដ្ឋាភិបាល​លោក ហ៊ុន សែន និង​គណបក្ស​ប្រជាជន​ទៅវិញ​ទេ ដែល​ត្រូវ​ខាត់​បង់​ប្រជាប្រិយភាព​និង​ប្រឈម​នឹង​ការរិះគន់​សព្វបែបយ៉ាង​។ ជាក់ស្តែង​សហគមន៍​អន្តរជាតិ បង្ហាញ​នូវ​ជំហរ​គាំទ្រ​លោក សម រង្ស៊ី និង​គណបក្ស​សង្គ្រោះ​ជាតិ​កាន់តែច្រើន ហើយ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន ឈប់​ធ្វើទុក្ខបុកម្នេញ​លើ​មេដឹកនាំ តំណាងរាស្ត្រ មន្ត្រី និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​តទៅទៀត​៕

12291845_999353876788012_6815005784284100098_o 12304042_999353786788021_4005148484579567564_o