គ្រូ​បង្វឹក​បឹង​កេត​បង្ហាញ​ចំណុច​ខ្លាំង​២​របស់​ក្រុម​ Chelsea ​វៀតណាម​មុន​ប៉ះ​គ្នា

គ្រូ​បង្វឹក​បឹង​កេត​បង្ហាញ​ចំណុច​ខ្លាំង​២​របស់​ក្រុម​ Chelsea ​វៀតណាម​មុន​ប៉ះ​គ្នា

លោក ប្រាក់ សុវណ្ណារ៉ា ​គ្រូ​បង្វឹក​របស់​ក្រុម​បឹង​កេតអង្គរ​បាន​បង្ហាញ​ចំណុច​ខ្លាំង​ពីរ​របស់​ក្រុម​Becamex Binh Duong ​(Chelsea ​វៀតណាម) ​គឺ​ពួកគេ​មាន​កីឡាករ​បរទេស​ម្នាក់​ជំនាញ​ខាង​ក្បាល​​ហើយ​ខ្សែ​ប្រយុទ្ធ​ជួរ​មុខ​របស់​ពួកគេ​លេង​បាន​ល្អ ​ចេះ​សហការ​គ្នា ​និង​ទី​ពីរ​កីឡាករ​របស់​ក្រុម​វៀតណាម​មួយ​នេះ​ភាគ​ច្រើន​ជំនាញ​អូស​បាល់​ស្លាប ហើយ​ចាក់​ចូល​ក្នុង​បាន​ស្អាត​ៗ​​ឱ្យ​ខ្សែ​ប្រយុទ្ធ។

 

 គ្រូ​បង្វឹក​បឹង​កេត​បង្ហាញ​ចំណុច​ខ្លាំង​២​របស់​ក្រុម​ Chelsea ​វៀតណាម​មុន​ប៉ះ​គ្នាលោក ប្រាក់ សុវណ្ណារ៉ា អាវ​លឿង

 

ក្រុមបឹង​កេត​អង្គរ​នឹង​ចេញ​ដំណើរ​ទៅ​ប្រទេស​វៀតណាម​នៅ​ម៉ោង​៦​ល្ងាច​នេះ ដើម្បី​ត្រៀម​ខ្លួន​ប្រកួត​ជាមួយ​ក្រុម Becamex Binh Duong ​នៅ​ថ្ងៃ​អាទិត្យ​ចុង​សប្ដាហ៍​នេះ​វេលា​ម៉ោង​៦​ល្ងាច​នា​​កីឡដ្ឋាន Hang Day ទីក្រុង​ហាណូយ ដើម្បី​ស្វែង​រក​អ្នក​ឈ្នះ​ឡើង​ទៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​ពាន​រង្វាន់ Toyota Mekong Cup ​ជាមួយ​ក្រុម​ខ្លាំង Buriram United ​ក្នុង​ប្រទេស​ថៃ។

 

មុន​ការ​ចេញ​ដំណើរ​នេះ​ដែរ លោក ប្រាក់ សុវណ្ណារ៉ា ​បាន​បង្ហាញ​ចំណុច​ខ្លាំង​របស់​គូ​ប្រកួត​ថា​៖ “ក្រុម Becamex ​ជា​ក្រុម​ខ្លាំង ពួកគេ​ជា​ម្ចាស់​ជើង​ឯក​នៅ​លីក​វៀតណាម​និង​ជា​ជើង​ឯក​ឆ្នាំ​ចាស់​​ពាន​រង្វាន់ Toyota Mekong Cup។ ពួកគេ​មាន​កីឡាករ​បរទេស​ម្នាក់​ដែល​ពូកែ​ក្បាល តែ​ខ្ញុំ​អត់​ចាំ​ឈ្មោះ​ទេ គ្រាន់តែ​បាន​ឃើញ​​ច្បាស់​ពេល​មើល​វីដេអូ​ប្រកួត​របស់​ពួកគេ។ ខ្ញុំ​បាន​ឃើញ​សមត្ថភាព​ខ្សែ​ប្រយុទ្ធ​របស់​គេ​ល្អ​មែន​ទែន ជា​ពិសេស​បាល់​សហការ​គ្នា​តំបន់​ប្រយុទ្ធ។ មួយ​ទៀត ក្រុម​មួយ​នេះ​ជំនាញ​លេង​បាល់​កៀន ហើយ​អូស​បោះ​ចូល​ក្នុង​បាន​ល្អ​ច្រើន​”។

 

តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី អតីត​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​ខាង​លើ​បាន​បញ្ជាក់​ថា​ក្រុម​បឹងកេត​អាច​មាន​សង្ឃឹម​ថា​ឈ្នះ​ច្រើន ព្រោះ​ថា​ក្រុម​វៀតណាម​ផ្ដោត​អារម្មណ៍​ទៅ​លើ​ការ​ប្រយុទ្ធ​ច្រើន ចំណែក​ឯ​​បឹង​កេត​​មាន​កីឡាករ​ល្អ​ៗ​​ ល្បឿន​លឿន​ ដូច្នេះ​បឹង​កេត​អាច​ធ្វើ​ការ​វាយ​បក​បាន​វិញ​លឿន​ដើម្បី​ស្វែង​រក​គ្រាប់​បាល់​បាន​៕

 

​អត្ថបទ៖ មុន្នី រម្យ