ជិះរថយន្ត​លួច​​​​គេបាន​ពី​ភ្នំពេញ​មក​ឈប់​​​ផឹកកាហ្វេ​នៅ​ព្រៃវែង ត្រូវ​សមត្ថ​កិច្ច​ក្របួច​ជាប់

ខេត្ត​ព្រៃ​វែង​ ៖ ចោរ​លួច​រថ​យន្ត​ម្នាក់​បានបើករថយន្ត​ដែល​លួច​គេ​បាន​មក​ឈប់​មុខ​តូប​លក់​កាហ្វេ​មួយ​កន្លែង​នៅ​ភូមិ​បង្អែក ពេល​ឃើញ​សមត្ថ​កិច្ចដើរ​មក​​ ​ភ័យក៏​រត់​ចោល​រថយន្ត​ ត្រូវ​សមត្ថ​កិច្ច​ និង​ប្រជា​ពលរដ្ឋ​សហការ​គ្នា​ដេញ​ចាប់បាន​ កាល​ពី​វេលា​ម៉ោង​៤​រសៀល ថ្ងៃ​ទី​៣ ធ្នូ នៅ​ភូមិ​បង្អែក ឃុំ​ស្វាយ​ភ្លោះ ស្រុក​ពាម​ជរ ​។

ជន​សង្ស័យ​ដែល​សមត្ថ​កិច្ច​ចាប់ខ្លួន​ឈ្មោះ​សាំង​ គឹម​ឡុង ហៅ​ចាន់​វីរៈ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មាន​ទី​លំនៅ​ភូមិ​-ឃុំ​អូប្ញស្សី ស្រុក​កំពង់​ត្រឡាច ខេត្ត​កំពង់​ឆ្នាំង​ ។

ប្រភព​ព័ត៌​មាន​ពី​សមត្ថ​កិច្ច​បាន​ឱ្យ​ដឹង​ថា កាល​ពី​ចុង​ខែ​តុលា ២០១៥ នៅ​ខណ្ឌ​ទួល​គោក រាជ​ធានី​ភ្នំពេញ​ មាន​ស្ត្រី​ម្នាក់​ឈ្មោះ​យ៉ង់ កែវ អាយុ​៥១​ឆ្នាំ ជា​ជំនួយ​ការ​តំណាង​រាស្ត្រ​ បាន​ដាក់​ពាក្យ​ប្តឹង​ថា​បាត់​រថយន្ត​មួយគ្រឿង​ម៉ាក​ឡិច​ស៊ីស​RX300 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​២R០៤៤១ ហើយ​ព័ត៌​មាន​នេះ​ត្រូវ​បាន​បញ្ជូន​បន្ត​ទៅ​គ្រប់​សមត្ថ​កិច្ច​ទូទាំង​ប្រទេស​ ដើម្បី​ឱ្យ​ចាំ​ស្ទាក់​ចាប់​ ប៉ុន្តែ​រក​មិន​ឃើញ​សោះ​។

ប្រភព​ដដែល​បន្ត​ថា រហូត​មក​ដល់​ម៉ោង​៣ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​៣ ធ្នូ ប៉ូលិស​ប៉ុស្តិ៍​រដ្ឋ​បាល​ឃុំ​ស្វាយ​ភ្លោះ​បាន​ប្រទះ​ឃើញ​រថ​យន្ត​មួយ​គ្រឿង​ដែល​មាន​ភិន​ភាគ​ដូច​រថ​យន្ត​ដែល​បាត់​នោះ​បើក​មក​ឈប់​នៅ​មុខ​តូប​លក់​កាហ្វេ​មួយ​កន្លែង​នៅ​ភូមិ​បង្អែក​ទើប​ដើរ​ទៅ​រក​សាក​សួរ​ ប៉ុន្តែ​ភ្លាម​នោះ​គ្រាន់​តែ​ឃើញ​សមត្ថ​កិច្ច​ដើរ​សំដៅ​ទៅ​រក ស្រាប់​តែ​ជន​សង្ស័យ​ស្ទុះ​រត់​គេច​ខ្លួន​តែ​ម្តង ទើប​សមត្ថ​កិច្ច​ និង​ប្រជា​ពលរដ្ឋ​នាំ​គ្នា​​រត់​ដេញ​រហូត​ចាប់​បាន​នាំ​យក​ទៅ​កាន់​អធិការ​ដ្ឋាន​នគរ​បាល​ស្រុក​ទាំង​មនុស្ស និង​រថយន្ត​តែ​ម្តង​។

​​​​ក្រោយ​ត្រូវ​ចាប់​ខ្លួន​បាន​ជន​សង្ស័យ​បាន​សារភាព​ថា រថយន្ត​ឡិច​ស៊ីស​នេះ​រូប​គេ​ពិត​ជា​បាន​លួច​កាល​ពី​ចុង​ខែ​តុលា​មែន​ ដោយ​ពេល​លួច​បាន​ភ្លាម​ រូប​គេ​បាន​ដោះ​ដូរ​ស្លាក​លេខ​ចេញ​ ដាក់​ស្លាក​លេខ​រថ​យន្ត​១ផ្សេង​ទៀត​ដែល​រូប​គេ​បាន​ខ្ចី​ពី​មិត្ត​ភក្តិ ហើយ​មិន​ទាន់​យក​ទៅ​សង​គេ​វិញ​នៅ​ឡើយ​ ដោយ​មាន​បំណង​យក​ដាច់​រហូត​តែ​ម្តង លុះ​ពេល​កំពុង​ផឹក​កាហ្វេ​ឃើញ​ប៉ូលិស​ដើរ​សំដៅ​មក​រក​រូប​គេ ទើប​គេ​មាន​អារម្មណ៍​ភ័យ​ក៏​រត់​គេច​ខ្លួន​តែ​ម្តង​ ៕