កក្រើក​ឡើង​វិញ​ហើយ​ចោរឆក់​នៅ​ស្ទឹង​ត្រែង ! ​និស្សិត​ស្រី​ម្នាក់​ត្រូវ​ចោរ​ឆក់​កាបូបដួល​បោក​ក្បាល​របួស​ធ្ងន់

ខេត្តស្ទឹងត្រែង ​៖ ក្រោយ​ការ​បង្ក្រាប​ពី​សមត្ថកិច្ច​ និង​មានការ​ស្ងប់ស្ងាត់​មួយ​រយៈ​កន្លង​មក​នៅ​ក្រុង​-ខេត្តស្ទឹងត្រែង​បាន​នឹង​កំពុង​កក្រើក​​នូវ​សកម្មភាព​ឆក់​កាបូប​ និង​កាច់​សោ.កម៉ូតូ​ជា​ថ្មី​ឡើង​វិញ​ហើយ​។

ជាក់ស្តែង​ កាលពី​វេលា​ម៉ោងជាង​៧​យប់​ ថ្ងៃ​ទី​៣​ ធ្នូ​ ២០១៥​ នារី​និ​សិ្សត​ពេទ្យ​ម្នាក់​ត្រូវ​ក្រុម​ជនសង្ស័យ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ឆក់​កាបូប​ ​ខណៈ​កំពុង​ជិះ​ម៉ូតូ​បណ្តាល​ឲ្យ​ដួល​បោកក្បាល​នៅ​នឹង​ថ្នល​របួសធ្ងន់ ស្ថិត​នៅ​ភូមិ​លើ សង្កាត់​ស្រះ​ឬ​ស្សី ក្រុង​ស្ទឹង​ត្រែង​។

តាម​ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ថា​ នារី​និ​សិ​ត្ស​ពេទ្យ​ម្នាក់​នោះ​មាន ឈ្មោះ​អូន​ ឈុ​ន​គ្រី អាយុ២៤​ឆ្នាំ​ មានស្រុក​កំណើត​នៅ​ភូមិ​ព្រះ​រំកិល ឃុំ​ព្រះ​រំកិល ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ បាន​មក​ស្នាក់​នៅ​បណ្តោះអាសន្ន​នៅ​ភូមិ​ស្រែ​ពោធិ៍ សង្កាត់​ស្រះ​ឬ​ស្សី ក្រុង​ស្ទឹង​ត្រែង​ ដើម្បី​សិក្សា​ជំនាញពេទ្យ​ នៅ​សាលា​ពេទ្យ​ភូមិភាគ​១​។​

ប្រភព​ដដែល​នៅ​ មុន​កើតហេតុ​នាង​បាន​ជិះ​ម៉ូតូ​ផ្ទាល់ខ្លួនពី​ផ្ទះ​ស្នាក់​នៅ​ក្នុង​គោលបំណង​មក​ផ្សារ​ស្ទឹង​ត្រែង ​តែ​ខណៈ​ដល់​ចំណុច​កើត​ហេ​ត​ខាងលើ​ស្រាប់តែ​មាន​ជនសង្ស័យ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ឆក់​កាបូបស្ពាយ​របស់​នាង​ធ្វើ​ឲ្យ​ដួល​បោក​ក្បាល​ទៅ​នឹង​ថ្នល់​បណ្តាល​ឲ្យ​ហូរ​ឈាម​តាម​ត្រចៀក​ និង​បែកក្បាល​រង​របួសធ្ងន់​។

ប្រភព​ដដែល​បន្ត​ថា​ ស្ថិត​ក្នុង​ហេតុ​ការណ៍​នោះ​មិន​មាន​សមត្ថកិច្ច​រូប​ណា​ម្នាក់​ចុះ​ទៅ​អន្តរាគមន៍​ឡើយ​ ហើយ​នារី​រង​គ្រោះ​ម្នាក់​នោះ​ត្រូវ​បាន​អ្នក​ធ្វើ​ដំណើរ​ទេសចរ​​បញ្ជូន​ទៅ​កាន់មន្ទីរពេទ្យ​ទាំង​មិន​ស្គាល់​ភូមិសាស្ត្រ​​​ក្នុង​ខេត្តស្ទឹងត្រែង​នោះ​ផង​។

​បច្ចុប្បន្ន​នារី​ជា​និ​ស្សិតពេទ្យ​នោះ​កំពុង​ស្ថិត​ក្នុង​ការ​តាមដាន​របួស​ដោយសារ​តែ​ត្រចៀក​របស់​នាង​ហូ​រឈាម​មិន​ទាន់​បាត់​នៅឡើយ​៕

    ​