និស្សិត​វៀតណាម​ត្រូវ​បាន​ដាក់​ពន្ធនាគារ​ចំពោះ​ការ​បង្ហោះ​សារ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក

និស្សិត​វៀតណាម​ត្រូវ​បាន​ដាក់​ពន្ធនាគារ​ចំពោះ​ការ​បង្ហោះ​សារ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក

នេះ​ជា​ទំព័រ​ហ្វេសប៊ុក​មួយ​របស់​វៀតណាម​ដែល​បង្ហាញ​ពី​របៀប​គេច​ពី​ប៉ូលិស​ចរាចរណ៍​ក្នុង​ក្រុង Hai Phong។

និស្សិត​វៀតណាម​ម្នាក់​ និង​មិត្តភក្តិ​ម្នាក់​ទៀត​ត្រូវ​បាន​កាត់ទោស​ដាក់​ពន្ធនាគារ​ចំនួន​៦​ខែ​ ដោយសារ​ការ​បង្ហោះ​សារ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក (Facebook) ដែល​បាន​ផ្តល់​យោបល់​ដល់​អ្នក​បើកបរ​យានយន្ត​ពី​វិធី​ក្នុង​ការ​ចៀសវាង​កន្លែង​ត្រួតពិនិត្យ​ចរាចរណ៍​បណ្តោះ​អាសន្ន​នៅ​ក្នុង​ទីក្រុង Hai Phong ដែល​ស្ថិត​នៅ​ប៉ែក​ខាង​ជើង​នៃ​ប្រទេស​វៀតណាម។ ​

ក្នុង​សប្តាហ៍​នេះ តុលាការ​បាន​រកឃើញ​ថា និស្សិត​ឈ្មោះ Nguyen Duc Hao អាយុ​២១ឆ្នាំ និង​ឈ្មោះ Tran Huy Lieu អាយុ​២៣ឆ្នាំ​មាន​ទោស​ពី​បទ «ផ្សាយ​ព័ត៌មាន​ខុស​ច្បាប់​លើ​ប្រព័ន្ធ​អ៊ីនធឺណិត» រយៈពេល​៤​ខែ​បន្ទាប់​ពី​ពួកគេ​ទាំង​២​នាក់​នេះ​ត្រូវ​បាន​ឃុំឃាំង។

លោក​មេធាវី Tran Thu Nam បាន​មាន​ប្រសាសន៍​ថា ការ​កាត់ទោស​នេះ​គឺ​ជា​ដំណើរវិវត្ត​ទៅ​មុខ​ដ៏​ប្រថុយប្រថាន​មួយ។ ​

លោក Nam បាន​មាន​ប្រសាសន៍​ថា «ពួកគេ​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេសប៊ុក​ដើម្បី​បញ្ចេញ​ទស្សនៈ​របស់​ពួកគេ» ហើយ​លោក​បាន​បន្ថែម​ថា ការ​កាត់ទោស​ពួកគេ​ចំពោះ​ការ​បង្ហោះ​សារ​នេះ​គឺ​ជា​ការ​វិនិច្ឆ័យ​គំរូ​ដ៏​គ្រោះថ្នាក់​មួយ​ ហើយអាច​បំពាន​ដល់​សេរីភាព​ក្នុង​ការបញ្ចេញ​មតិ​របស់​ពួកគេ​ទៀត​ផង។

ខណៈ​ដែល​និស្សិត​ម្នាក់​ទៀត​ត្រូវ​បាន​ចោទប្រកាន់​ពី​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​បរិហាកេរ្តិ៍​និង​បង្ខូចកេរ្តិ៍​ឈ្មោះ​ប៉ូលិស ប្រជាជន​មួយ​ចំនួន​ក្នុង​ទីក្រុង Hai Phong និយាយ​ថា​គេហទំព័រ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​បាន​លាតត្រដាត​អំពី​អំពើ​ខុសឆ្គង ​និង​ជួយ​ប្រជាជន​ក្នុង​ការ​ចៀសវាង​ពី​ក្រុម​ប៉ូលិស​ចរាចរណ៍​ដែល​ជារឿយៗ​បាន​លាក់​ខ្លួន​នៅ​តាម​កន្លែង​ដែល​ស្មាន​មិន​ដល់​មួយ​ចំនួន​ដើម្បី​ធ្វើ​ការ​ចាប់​ និង​ផាកពិន័យ​ដល់​អ្នក​បំពាន​ច្បាប់​ទាំងឡាយ៕​