លោក ហ៊ុន សែន រងគ្រោះ​ព្រោះ​ការអភិវឌ្ឍ​របស់ខ្លួន​?

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន តែងតែ​អះអាង​ប្រាប់​ប្រជាពលរដ្ឋ​ក្នុងស្រុក និង​អន្តរជាតិ​ថា ប្រទេស​កម្ពុជា កំពុងមាន​ការអភិវឌ្ឍ​មិន​ចាញ់​ប្រទេសជាតិ​ខាង​ទេ ក្រោម​ការដឹកនាំ​របស់​លោក​ជាង​៣០​ឆ្នាំនេះ ។​អ្នកវិភាគ​នយោបាយ មើលឃើញថា ការដឹកនាំ​ប្រទេស​របស់លោក ហ៊ុន សែន មានតែ​ការអភិវឌ្ឍ​ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​រង​ទុក្ខលំបាក ដោយសារ​ក្រុមគ្រួសារ​និង​មន្ត្រី​ធំៗ​ដែល​នៅ​ជិត​ខ្លួន​លោក ហ៊ុន សែន​។ អ្នកវិភាគ អះអាងថា ការអភិវឌ្ឍ​បែបនេះ​គឺ​ធ្វើ​ឲ្យ​លោក ហ៊ុន សែន បាត់បង់​ការគាំទ្រ​កាន់តែខ្លាំង ហើយ​លោក ហ៊ុន សែន ទៅវិញ​ទេ ដែលជា​អ្នករងគ្រោះ​ដោយសារ​ការអភិវឌ្ឍ​ប្រទេស​ជាង​៣០​ឆ្នាំនេះ​។​

​លោក កែម ឡី អ្នកវិភាគ​នយោបាយ មើលឃើញថា លោក ហ៊ុន សែន កំពុងតែ​រងគ្រោះ​ដោយសារ​ការអភិវឌ្ឍ​ប្រទេស​ជាង​៣០​ឆ្នាំ​របស់ខ្លួន​មកនេះ​។​លោក កែម ឡី អះអាងថា បើ​លោក ហ៊ុន សែន នៅតែ​បន្ដ​ការអភិវឌ្ឍ​បែបនេះ​ទៀត នោះ​គឺ​ធ្វើ​ឲ្យ​លោក​នឹង​បាត់បង់​ការគាំទ្រ​កាន់តែខ្លាំង​។​អ្នកវិភាគ​រូបនេះ បាន​ហៅ​ការអភិវឌ្ឍ​ជាង​៣០​ឆ្នាំនេះ​ថា ជាការ​អភិវឌ្ឍ​បែប​លក្ខណៈ «​បិសាច​» ដោយសារ​លោក ហ៊ុន សែន មិនបាន​គិតគូរ​ពី​បញ្ហា​ប្រជាពលរដ្ឋ និង​បញ្ហា​សង្គម​ឡើយ​។ ហើយ​អ្នក​ដែល​ទទួលបាន​ផលប្រយោជន៍​ពី​ការអភិវឌ្ឍ​នេះ គឺ​ភាគច្រើន​មានតែ​ក្រុមគ្រួសារ បក្សពួក​របស់លោក ហ៊ុន សែន ប៉ុណ្ណោះ​។

​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ លោក កែម ឡី បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​បើ​យើង​មើល​តែ​ភ្នែក​ទទេ​យើង​ឃើញ​មានការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ខ្លាំង​។ តែបើ​មើល​ប្រព័ន្ធ​ទន់ ការអភិវឌ្ឍ​ជាង​៣០​ឆ្នាំ មានតែ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​រង​ទុក្ខលំបាក បាត់បង់​ដីធ្លី ឲ្យ​ដី​សម្បទាន​ទៅ​ក្រុមហ៊ុន​ណា​អភិវឌ្ឍ​បាត់បង់​ព្រៃឈើ រ៉ែ ធនធានធម្មជាតិ និង​ប៉ះពាល់​ដីស្រែ​ចម្ការ​ពលរដ្ឋ​នៅ​កន្លែង​នោះ​។​ហើយ​បញ្ហា​គម្លាត​អ្នកមាន​និង​អ្នកក្រ​មាន​កាន់តែច្រើន​។ អ្នក​បាន​ផលប្រយោជន៍​ខ្លាំង​មាន​ក្រុមគ្រួសារ​និង​បក្សពួក​ដែល​នៅ​ជិត​ខ្លួន​លោក ហ៊ុន សែន​។​ហើយ​លោក ហ៊ុន សែន អាច​ទប់​អំណាច​គាត់​បាន​តាមរយៈ​ការអភិវឌ្ឍ​នេះ​»​។ លោក​បន្ថែម​បែប​ចំអក​យ៉ាងនេះ​ទៀតថា​៖«​បើ​មានការ​បោះឆ្នោត​ដោយ​យុត្តិធម៌​នោះ ការអភិវឌ្ឍ​បែបនេះ លោក ហ៊ុន សែន រកតែ​២០​កៅអី ក្នុង​រដ្ឋសភា​មិនបាន​ផង​»​។​

​លោក មាស នី  ក៏បាន​មើលឃើញ​ដូច​លោក កែម ឡី ដែរ​។​អ្នកវិភាគ​រូបនេះ យល់ឃើញថា លោក ហ៊ុន សែន នៅ​មិនទាន់មាន​សមត្ថភាព​ក្នុងការ​អនុវត្ត​នោះទេ​។​លោក​ថា ការអភិវឌ្ឍ​របស់លោក ហ៊ុន សែន គឺ​មិនមែនជា​ការអភិវឌ្ឍ​តាម​តម្រូវការ​ប្រជាពលរដ្ឋ​ឡើយ ហើយ​ការអភិវឌ្ឍ​បែបនេះ គឺ​បង្ក​ឲ្យ​មាន​គម្លាត​រវាង​អ្នកមាន​និង​អ្នកក្រ​ទៅវិញ​ទេ​។​លោក មាស នី បន្ថែមថា បើ​លោក ហ៊ុន សែន នៅតែ​បន្ត​ការអភិវឌ្ឍ​បែបនេះ លោក ហ៊ុន សែន នឹង​ធ្លាក់ចុះ​ការគាំទ្រ​កាន់តែខ្លាំង​ជាង​នេះ​។​«​ដោយសារ​ការអភិវឌ្ឍ​ជាង​៣០​ឆ្នាំនេះ ទើប​មាន​ប្រជាពលរដ្ឋ​ទាមទា តវ៉ា​រឿង​បាត់បង់​ដីធ្លី​។​ហើយ​លោក ហ៊ុន សែន មិនមាន​សមត្ថភាព​ស​ម្រ​ប​សម្រួល​ចំពោះ​ការអភិវឌ្ឍ​នេះ​។ តែ​ឃើញ​មានតែ​ប្រើ​កម្លាំង​គំរាម​។​ហើយ​ការអភិវឌ្ឍ​មិន​ស្របតាម​តម្រូវការ​របស់​មនុស្ស​ក្នុងសង្គម​ខ្មែរ​។ ជាង​៣០​ឆ្នាំនេះ បើ​មានការ​អភិវឌ្ឍ​ត្រឹមត្រូវ រដ្ឋាភិបាល​អាច​ឈប់​ខ្ចីលុយ​គេ​ពី​៣០​ភាគរយ អាចមក​ត្រឹមតែ​១០​ភាគរយ​»​។ នេះ​ជាការ​យល់ឃើញ​របស់លោក មាស នី មុននឹង​លោក​បន្ថែមថា បើ​លោក ហ៊ុន សែន រៀបចំ​ការអភិវឌ្ឍ​ឲ្យ​ឲ្យ​បានល្អ​ត្រឹមត្រូវ ដោយ​កុំ​ឲ្យ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ នោះ​លោក ហ៊ុន សែន នឹង​ក្លាយជា​«​វីរៈបុរស​»​សម្រាប់​ប្រជាជន​កម្ពុជា​។​តែបើ​នៅ​បន្ដ​អភិវឌ្ឍ​បែបនេះ​លោក ហ៊ុន សែន នឹងត្រូវ​ប្រជាពលរដ្ឋ​ចាត់ទុកថា មេដឹកនាំ​អាក្រក់​។​

​តែ​យ៉ាងណា​អ្នកនាំពាក្យ​ទីស្ដីការគណរដ្ឋមន្ត្រី លោក ផៃ ស៊ី​ផាន បដិសេធថា ការអភិវឌ្ឍ​របស់រ​ដ្ឋា​ភិ​បាល​មិនអាក្រក់​ដូច​ការលើកឡើង​របស់​អ្នកវិភាគ​ឡើយ​។ លោក​បាន​និយាយ​ការពារ​លោក ហ៊ុន សែន ថា រដ្ឋាភិបាល​បានរៀបចំ​ការអភិវឌ្ឍ​ប្រទេស​បានល្អ ហើយក៏​មានការ​ដោះស្រាយ​បញ្ហា​ប្រជាពលរដ្ឋ​ជាច្រើន​ដែរ​។​អ្នកនាំពាក្យ​រូបនេះ​បន្ថែម​ដូច្នេះ​ថា​៖«​ការអភិវឌ្ឍ​របស់រ​ដ្ឋា​ភិ​បាល ដែល​បានផ្ដល់​ដី​សម្បទាន​ឲ្យ​ក្រុមហ៊ុន​នានា​អភិវឌ្ឍ​នោះ ទោះជា​គេ​កាប់​ព្រៃឈើ​តែ​គេ​បង់ពន្ធ​ចូល​រដ្ឋ ហើយ​បើ​មិនមាន​ដំណើរការ​អភិវឌ្ឍ​គឺ​យើង​នឹង​ផាកពិន័យ​គេ​ទៀត​។ ហើយ​ប្រាក់​បងពន្ធ​ចូល​រដ្ឋ​នោះ គឺ​រដ្ឋាភិបាល​យកមក​បើកប្រាក់​ខែ​ឲ្យ​ទាហាន មន្ត្រីរាជការ​ទៀត​»​។​

​តើ​ប្រព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យជួ​យ​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​អ្វីខ្លះ​ក្នុ​ង​កា​រ​ស្វែង​រ​ក​កា​រ​ងា​រ​ធ្វើ​?​​