ផ្ទះក្រុមខ្មាន់កាំភ្លើង នៅកាលីហ្វរញ៉ា មានលាក់គ្រាប់កាំភ្លើង រាប់ពាន់គ្រាប់ និង គ្រាប់បែក ជាច្រើនផ្សេងទៀត

ឡូសអាន់ជែឡែស៖ គ្រាប់កាំភ្លើងជាង ៥.០០០គ្រាប់, គ្រាប់បែកច្នៃ ១២គ្រាប់, និង បរិក្ខា ផលិតគ្រាប់បែកជាច្រើនទៀត ត្រូវបានរកឃើញនៅផ្ទះ របស់ខ្មាន់កាំភ្លើង ក្នុងរដ្ឋកាលីហ្វរញ៉ា ដែលត្រូវបានប៉ូលិស បាញ់ស្លាប់នៅហ្នឹងកន្លែងកើតហេតុ កាលពីថ្ងៃពុធ កន្លងទៅនេះ។

សារព័ត៌មានសិង្ហបុរី CNA បានចេញផ្សាយនៅថ្ងៃសុក្រ ទី០៤ ខែធ្នូ ឆ្នាំ ២០១៥ នេះថា លំនៅដ្ឋាន របស់ខ្មាន់កាំភ្លើង ជាប្តីប្រពន្ធវ័យក្មេង ដែលបង្កការបាញ់ប្រហារនៅឯ មជ្ឈមណ្ឌល គាំពារសប្បុរសធម៌ ក្នុងទីក្រុង សាន ប៊ែរណាឌីញ៉ូ ត្រូវបានប៉ូលិសចូលឆែកឆេ ទើបរកឃើញវត្ថុជាតិផ្ទុះខាងលើនេះ។ ប៉ូលិសបាន ធ្វើការសន្និដ្ឋានតំណាក់កាលដំបូងថា ពួកគេ ទំនងជាចង់បង្កការសម្លាប់រង្គាលទ្រង់ទ្រាយធំ។

តាមការបញ្ជាក់ពីប៉ូលិស ឲ្យដឹងទៀតថា បុរសជាប្តីឈ្មោះ ហ្វារូក វ័យ ២៨ ឆ្នាំនោះ គឺជាជន ជាតិម៉ូស្លិម ដែលបានបង្កការបាញ់ប្រហារជាមួយភរិយាឈ្មោះនាង ម៉ាលីក វ័យ ២៧ឆ្នាំ។ ការ បាញ់ប្រហារ ដែល បានបណ្តាលឲ្យមនុស្ស ១៤នាក់ស្លាប់ និង ២១នាក់របួសនេះ គឺជារឿងមិន ធ្លាប់កើតមាននោះទេនៅអាមេរិក ចាប់តាំងពីឆ្នាំ ២០១២ ។

គួរបញ្ជាក់ថា កាលពីឆ្នាំ ២០១២ មានខ្មាន់កាំភ្លើងមួយក្រុម បានចូលទៅធ្វើការបាញ់រះក្នុង សាលារៀននៃរដ្ឋ ខុនណិចទីខាត់ បានបណ្តាលឲ្យមនុស្ស ២៦នាក់ស្លាប់ ក្នុងនោះ ២០នាក់ គឺជាកូនក្មេង។ ដោយឡែក សម្រាប់ការបាញ់ប្រហារ លើកនេះ អាជ្ញាធរអាមេរិក មិនទាន់ ហ៊ានអះអាងថា វាមានជាប់ពាក់ព័ន្ធនឹងអំពើភេរវកម្ម ឬអត់នោះទេ៕

ផ្ទះក្រុមខ្មាន់កាំភ្លើង នៅកាលីហ្វរញ៉ា មានលាក់គ្រាប់កាំភ្លើង រាប់ពាន់គ្រាប់ និង គ្រាប់បែក ជាច្រើនផ្សេងទៀត