ដង្ហែ​ក្បួន​ទិវា​សិទ្ធិ​មនុស្ស៖ អង្គការ​សង្គម​ស៊ីវិល​សុំ​ប្ដូរ​ទិសដៅ

ការប្ដូរទិសដៅដង្ហែក្បួន កំណត់ដោយសាលារាជធានីភ្នំពេញ មិនត្រូវបានក្រុមអង្គការសង្គមស៊ីវិល ដែល​គ្រោង​រៀបចំ ការ​ដើរ​ជា​ក្បួន ដើម្បីអបអរទិវាសិទ្ធិមនុស្ស នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៥ខាងមុខ ទទួល​យល់​ស្រប​នោះទេ ហើយ​ក្រុម​អង្គការ​សង្គម​ស៊ីវិល បានបន្តដាក់សំណើរ ទៅក្រសួងមហាផ្ទៃ ដើម្បីធ្វើការស្នើរនូវ​ទីតាំង​​ហែ​ក្បួន​ថ្មី ដោយ​ស្នើរ​ការ​ហែក្បួន ចាប់ពីមុខរដ្ឋសភា មកទីលាន​ប្រជាធិបតេយ្យ​វិញ។
ដង្ហែ​ក្បួន​ទិវា​សិទ្ធិ​មនុស្ស៖ អង្គការ​សង្គម​ស៊ីវិល​សុំ​ប្ដូរ​ទិសដៅ
ផ្លាកសញ្ញា ក្នុងការអបអរទិវាសិទ្ធិមនុស្ស កាលពីឆ្នាំ២០១៤។ (រូបថតឯកសារ)

ការស្នើរសុំជាបន្ត ទៅកាន់ក្រសួងមហាផ្ទៃ បានធ្វើឡើងបន្ទាប់ពីសំណើរលើកទីមួយ របស់ពួកគេ ដែលសុំ​ដើរ​ដង្ហែជាក្បួន ពីពហុកីឡាដ្ឋានជាតិអូឡាំពិក ទៅសួនច្បារ មុខវត្តបទុមវត្តីនៅថ្ងៃទី១០ ខែធ្នូខាងមុខ ត្រូវបាន​សាលា​រាជធានីបដិសេធ និងប្រាប់ឲ្យប្ដូរទិសដៅ ត្រឹមតែពីមុខស្ថានីយអយស្ម័យាន ទៅកាន់ទីលាន​ប្រជា​ធិបតេយ្យ ដែលមានចំងាយពីគ្នា ប្រមាណជា១០០ម៉ែត្រប៉ុណ្ណោះ។

តំណាង​សម្ព័ន្ធ​អង្គការ​​សង្គម​ស៊ីវិល និង​ជា​ប្រធាន​លេខាធិការ ​គណៈកម្មាធិការ ​នៃ​អង្គការ​សមាគម​ការពារ​សិទ្ធិ​មនុស្ស (CHRAC) លោក សួន ប៊ុនសក្តិ បាន​ឲ្យ​ដឹងថា ក្រុមអង្គការសង្គម​ស៊ីវិល ​នៅ​តែ​រក្សា​ជំហរ​ ក្នុង​ការ​ហែ​ក្បួន ​តែ​ដើម្បី​បញ្ចៀស​ការ​កកស្ទះ​ចរាចរណ៍ ​ដូច​ការ​អះអាង​របស់​សាលា​រាជធានី​នោះ​ សង្គម​ស៊ីវិល​បាន​សម្រេច​​ផ្លាស់ប្តូរ​ ការ​ប្រមូល​ផ្តុំ​ ទៅ​ខាង​មុខ​មន្ទីរ​រដ្ឋសភា​ជាតិ​វិញ​ ហើយ​ហែរ​ទៅ​ប្រមូល​ផ្តុំ​នៅ​លើ​ទីលាន​ប្រជា​ធិបតេយ្យ​​វិញ​ ដោយធ្វើលិខិត​ជូន​ដំណឹងមួយ ​ទៅ​កាន់​ក្រសួង​មហាផ្ទៃ​។

ប៉ុន្តែ លិខិតជូនដំណឹង របស់ក្រុម​​អង្គការ​សង្គមស៊ីវិល ត្រូវបានក្រសួងមហាផ្ទៃបដិសេធ មិនទទួលយក និង​បានណែនាំ ឲ្យក្រុមអង្គការទាំងនេះ ស្នើ​សុំទៅ​សាលា​រាជធានី​ភ្នំពេញ ​ជាថ្មី​ទៀត។ នេះបើតាមការអះអារ របស់​លោក អៀង ពេជ្រ លេខាធិការ CHRAC ដែលបានថ្លែងប្រាប់សារព័ត៌មានក្នុងស្រុក។

សូមបញ្ជាក់ដែរថា ក្រុមសម្ព័នអង្គការសង្គមស៊ីវិល បានស្នើទៅ សាលារាជធានីភ្នំពេញ ឲ្យអនុញ្ញាត ដល់​សម្ព័ន្ធ​​អង្គការសង្គមស៊ីវិល រៀបចំពិធីអបអរទិវាសិទ្ធិមនុស្ស លើកទី៦៧ ដោយ​មានទាំងការហែ​ក្បួន​ដ៏វែង​មួយ​ផង។ កិច្ចប្រជុំដើម្បីជជែក​ពីសំណើរនេះ ត្រូវបានធ្វើឡើង រវាងតំណាងអង្គការសង្គមស៊ីវិលទាំងនោះ និង​សាលា​​រាជធានី កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៥ ក្នុងសាលារាជធានី ដោយមានការចូលលរួម ពីលោក ឃួង ស្រេង អភិបាលរងរាជធានីភ្នំពេញ។

រីឯការបដិសេធ និងប្ដូរទិសដៅ កំណត់ដោយសាលារាជធានីនោះ ត្រូវបានលោកឡង់ ឌីម៉ង់ អ្នកនាំពាក្យ​សាលា​រាជធានីភ្នំពេញ បញ្ជាក់មូលហេតុ នៅក្នុងកំណត់ហេតុ នៃអង្គប្រជុំខាងលើថា ដើម្បី​ជៀសវាង​ការកក​ស្ទះចរាចរណ៍ និងការពារសន្តិសុខ កិច្ចប្រជុំសភាអន្តរជាតិ (APA) ដែលនឹងប្រព្រឹត្តិទៅ នៅ​រាជធានី​ភ្នំពេញ ចាប់​​ពី​ថ្ងៃទី៧ ដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៥ ខាងមុខនេះ។ លោកបានពន្យល់បន្ថែមថា ម្យ៉ាង​ទៀត ចំនួន​អ្នក​​ចូលរួម មានដល់៥,០០០នាក់ ជាចំនួនដែលលើសពីសមត្ថកិច្ច របស់សាលារាជធានី ហើយសាលា​រាជធានី​​ត្រូវ​​ដឹង​ថា តើ​សមាសភាព​ចូលរួម​មក​ពីណាខ្លះ - បើមកពីខេត្ត សាលារាជធានីចង់ដឹង ទីតាំងស្នាក់នៅឲ្យបាន​ជាក់លាក់៕