ពេទ្យ​ចម្លង​អេដស៍​នៅ​ឃុំរកា ខេត្ត​បាត់ដំបង ជាប់​ពន្ធនាគារ​២៥ឆ្នាំ

គ្រូពេទ្យដែលចាក់ថ្នាំ ហើយចម្លងជំងឺអេដស៍ ដល់ប្រជាពលរដ្ឋ នៅខេត្តបាត់ដំបង ត្រូវបានតុលាការសម្រេច ឲ្យ​ជាប់​ពន្ធនាគារ​មួយជីវិត មកជាប់ពន្ធនាគារ ត្រឹម២៥ឆ្នាំវិញ និងពិន័យចូលរដ្ឋចំនួនប្រាំលានរៀល ជាមួយនឹង​សំណង​ជំងឺ​ចិត្ត ជូនជនរងគ្រោះចន្លោះ ពី៣ទៅ១២លានរៀល។
ពេទ្យ​ចម្លង​អេដស៍​នៅ​ឃុំរកា ខេត្ត​បាត់ដំបង ជាប់​ពន្ធនាគារ​២៥ឆ្នាំ
ពលរដ្ឋនៃភូមិរកា ឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង នាំគ្នាទៅពិនិត្យឈាម រកមេរោគអេដស៍។ (រូបថតសហការី)

លោក យ៉ែម ជ្រិន ជាគ្រូពេទ្យប្រចាំភូមិរកា ឃុំរការ ស្រុកសង្កែ ត្រូវបានសាលាដំបូងខេត្តបាត់ដំបង សម្រេច​បន្ធូរ​បន្ថយទោស ពីជាប់ពន្ធនាគារ «មួយជីវិត» មកនៅត្រឹមទោស ក្នុងពន្ធនាគារ២៥ឆ្នាំ។ លោក​ត្រូវបាន​ជាប់​ចោទ ថាបានចាក់ថ្នាំចម្លងជំងឺអេដស៍ ដល់ប្រជាពលរដ្ឋក្នុងភូមិ។

ប្រធានចៅក្រមជំនុំជម្រះ សាលាដំបូងខេត្តបាត់ដំបង នាព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៥នេះ បានប្រកាស​សាល​ក្រម ដោយធ្វើការប្តូរបទចោទប្រកាន់ ពីមាត្រា២០៥ មកមាត្រា២១៥ នៃក្រមព្រហ្មទណ្ឌ។ អ្នកស្រី យិច ឈាណាវី ប្រធានចៅក្រមជំនំជម្រះ បានធ្វើការអះអាងថា កាប្តូរបទចោទនេះ ក្រោមហេតុផល នៃការ​សារភាព​របស់លោក យ៉ែម ជ្រិន ដែលបានសារភាពថា ខ្លួនមិនមានអនាម័យ ក្នុងការព្យាបាលអ្នកជំងឺ។

លោក ឯម សុវណ្ណ ជាមេធាវីការពារលោក យ៉ែម ជ្រិន បានលើកឡើងថា លោកអាចទទួលយកបាន នូវការ​សម្រេចសេចក្តី តាមរយៈការប្តូរបទចោទ របស់ចៅក្រមនាពេលនេះ។ លោកអះអាងថា ក្នុងអាជីពជាគ្រូ​ពេទ្យ របស់កូនក្តីលោក ជាង២០ឆ្នាំមកនេះ មិនដែលមានចេតនា ក្នុងការចម្លងមេរោគអេដស៍ ដល់ប្រជាពលរដ្ឋ​នោះ​ឡើយ។ ចំពោះការប្តឹងឧទរណ៍ ឬយ៉ាងណានោះ អាស្រ័យលើកូនក្តីរបស់លោក។

ជនជាប់ចោទ លោក យ៉ែម ជ្រិន ធ្លាប់ថ្លែងក្នុងសវនាការ នាពេលកម្លងមកថា លោកជាគូពេទប្រចាំភូមិ។ លោក​មានចេតនាតែមួយគត់ ចង់ព្យាបានអ្នកជំងឺ ឲ្យជាសះស្បើយតែប៉ុណ្ណោះ។ លោកគ្មានចេតនាណាមួយ ដើម្បីចម្លងជំងឺអេដស៍ ដល់អ្នកភូមិលោកឡើយ។ លោកធ្លាប់បានថ្លែងដូច្នេះថា «អ្នកជំងឺជាសេះស្បើយ ខ្ញុំ​សប្បាយចិត្ត ដូចដកបន្លា ចេញពីទ្រូងអញ្ចឹង។ (...) តាំងពីធ្វើគ្រូពេទ្យក្នុងភូមិ ខ្ញុំមិនដែរមានទំនាស់ ជាមួយ​អ្នក​ជិត​ខាងទេ។»។

ក្រៅពីដើមបណ្តឹង ចំនួន៨៥នាក់ ក្នុងចំណោម១២០នាក់ នៅមានសាក្សី «ដាក់បន្ទុក» ចំនួន១០នាក់​ផ្សេង​ទៀត ដូចជាអ្នកជំនាញ មកពីក្រសួងសុខាភិបាល, ក្រុមប្រឹក្សាស្រុក, ប្រធានមន្ទីរសុខាភិបាលខេត្ត និងអ្នក​ជំនាញពាក់ព័ន្ធនានាជាដើម សុទ្ធិតែបានអះអាងថា គ្រូពេទ្យប្រចាំភូមិរូបនេះ ពិតជាបានចាក់ថ្នាំ ខុសវិជ្ជាជីវៈ​ពេទ្យ និងពុំមានអនាម័យ។ យ៉ាងណា សាក្សី «ដោះបន្ទុក» ដែលភាគច្រើនជាក្រុមគ្រួសារ និងសាច់ញាតិ បាន​បដិសេធចោល នូវរាល់ការចោទប្រកាន់ទាំងនោះ។

សូមបញ្ជាក់ថា មុននឹងមានការសម្រេចផ្តន្ទាសទោស លើគ្រូពេទ្យរូបនេះ សាលាដំបូងខេត្ត បានបើក​សវនាការ​សួនាំ ដេញដោលអស់រយៈប្រាំថ្ងៃ ដោយបានចាប់ផ្តើម ពីថ្ងៃទី២០ ដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៥។ ហើយ​ត្រូវបានសាលាដំបូងខេត្តបាត់ដំបង សម្រេចប្រកាសសាលក្រម និងផ្តន្ទាទោស ជនជាប់ចោទជា​គ្រូពេទ្យខាង​លើ នាព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៥នេះ។

យោងតាមមាត្រា២១៥ នៃក្រមព្រហ្មទណ្ឌ ចែងថា បទឧក្រិដ្ឋដែលមានចែង ក្នុងមាត្រា២១០ (បទទារុណកម្ម និងអំពើឃោរឃៅ) ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ពី១៥ ទៅ៣០ឆ្នាំ កាលបើបទឧក្រិដ្ឋនេះ បណ្តាលឲ្យជនរង​គ្រោះ​ស្លាប់ ដោយគ្មានចេតនា ឬនាំឲ្យមានអត្តឃាតរបស់ជនរងគ្រោះ។

ឯមាត្រា២០៥ នៃក្រមព្រហ្មទណ្ឌដដែលនេះ បានចែងថា បទឃាតកម្មដោយមានទារុណកម្ម អំពើឃោរឃៅ ឬអំពើរំលោភសេពសន្ថវៈ ឃាតកម្មដែលកើតឡើង ក្នុងពេល ឬក្រោយពេលប្រព្រឹត្តអំពើទារុណកម្ម អំពើ​ឃៅ​ឃៅ ឬអំពើរំលោភសេពសន្ថវៈ ត្រូវផ្តន្ទាទោស ដាក់ពន្ធនាគារអស់មួយជីវិត។

ដោយឡែកតាមច្បាប់ ស្តីពីការបង្កា និងការប្រយុទ្ធទប់ស្កាត់ ការរីករាលដាលមេរោគអេដស៍/ជំងឺអេដស៍ មាត្រា​១៨ បានចែងថា ហាមឃាត់ដាច់ខាត ចំពោះអ្នកដឹងថា ខ្លួនមានមេរោគអេដស៍/ជំងឺអេដស៍ ទៅ​ប្រព្រឹត្ត​ក្នុងចេតនាចម្លងទៅអ្នកដទៃ។ និង មាត្រា៥០ ចែងថា ជនល្មើសនឹងមាត្រា១៨ នេះ នឹងត្រូវផ្តន្ទាទោស ដាក់​ពន្ធនាគារ​ពី១០ឆ្នាំទៅ១៥ឆ្នាំ។

សូមរំលឹកថា នាចុងឆ្នាំ២០១៤ ប្រជាពលរដ្ឋនៃភូមិរកា ឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបងចំនួនជិត ៣០០នាក់ បានឆ្លងមេរោគអេដស៏ ក្រោយការចាក់ថ្នាំ ដោយគ្រូពេទ្យប្រចាំភូមិឈ្មោះ យ៉ែន ជ្រិន។ លោកគ្រូពេទ្យរូបនេះ ត្រូវបានតំណាងអយ្យការ អមសាលាដំបូងខេត្តបាត់ដំបង ចោទប្រកាន់ចំនួនបីបទល្មើស។ ក្នុងនោះរួមមាន បទឃាតកម្មអំពើឃោរឃៅ (មាត្រា ២០៥) នៃក្រមព្រហ្មទណ្ឌ។ ការប្រព្រឹត្តចម្លងមេរោគដេស៍ ទៅអ្នកដទៃ (មាត្រា១៨ និងមាត្រា៥០ នៃច្បាប់ស្តីពីការបង្ការ និងការប្រយុទ្ធទប់ស្កាត់ ការរីករាលដាលមេរោគ​អេដស៍/​ជំងឺ​អេដស៍) និងបទធ្វើអាជីវកម្មពេទ្យ ដោយគ្មានការអនុញ្ញាត។

យ៉ាងណា អ្នកភូមិរកាប្រមាណជាង៣០០នាក់ បានឆ្លងមេរោគអេដស៍ អំឡុងដើមខែធ្នូ ឆ្នាំ២០១៤។ មនុស្ស​ជាង១០នាក់ បានស្លាប់ដោយសាតែឆ្លងជំងឺអេដស៍នេះ។ ភាគច្រើននៃអ្នកដែលបានស្លាប់ ដោយឆ្លង​ជំងឺ​អេដស៍ ជាមនុស្សចាស់ ក្នុងនោះមានស្ត្រី៦នាក់ និងបុរស៤នាក់៕