រតនគីរី៖ បន្ទាប់​ពី​កំទេច​ទ្វា​តុលាការ​រួច ពលរដ្ឋ​មក​ប្ដឹង​ឧទ្ធរណ៍​វិញ

ពលរដ្ឋប្រមាណជាង១០០នាក់ បន្ទាប់ពីរុញបំបាក់ទ្វាររបង សាលាដំបូងខេត្តរតនគិរី ដើម្បីចូលរក​តំណាង​របស់​ខ្លួន ហើយមិនឃើញនោះ បានប្តូរមកដាក់បណ្ដឹងឧទ្ធរណ៍ ក្នុងករណីបាត់តំណាងរបស់ខ្លួន បន្ទាប់​ពី​ចូល​ផ្តល់​ចម្លើយ នៅ​ក្នុង​តុលាការនេះ។
រតនគីរី៖ បន្ទាប់​ពី​កំទេច​ទ្វា​តុលាការ​រួច ពលរដ្ឋ​មក​ប្ដឹង​ឧទ្ធរណ៍​វិញ
ពលរដ្ឋនៅតវ៉ា ពីមុខសាលាដំបូងខេត្តរតនគីរី។ (រូបថតហ្វេសប៊ុក)

នាយប់ថ្ងៃទី២ ចូលមកថ្ងៃទី៣ ខែធ្នូម្សិលម៉ិញនេះ ប្រជាពលរដ្ឋប្រមាណ​ជាង១៥០នាក់ បានយល់ព្រមដកថយ ចេញពីមុខ​តុលាការ​ខេត្តរតនគិរី ហើយឆ្ពោះមកស្នាក់ការអង្គការ ADHOC ដើម្បីបន្តការតវ៉ាប្តឹង ទៅសាលា​ឧទ្ធរណ៍ និង​ក្រសួងយុត្តធម៌។

សូមរំលឹកថា កាលពីថ្ងៃទី២ខែធ្នូ ឆ្នាំ២០១៥ ម៉ោងជាងមួយរសៀល ប្រជាពលរដ្ឋប្រមាណ១៥០នាក់ បានផ្ទុះ​ហិង្សា កម្ទេចទ្វារតុលាការខេត្តរនគិរី។ បន្ទាប់មកនាំគ្នា សម្រុកចូលតុលាការនេះ ដើម្បីតាមរកតំណាង​របស់​ពួកគាត់់បីនាក់ ដែលតុលាការចាប់យកទៅដាក់ពន្ធនាគារ ក្នុងពេលសវនាការ រឿងជម្លោះដីធ្លីដីធ្លី១៨៦​ហិកតា។

តាមគណនីហ្វេសប៊ុក លោក ឆាយ ធី មន្រ្តីប្រចាំការអង្គការ ADHOC ខេត្តរតនគិរី បានសរសេរថា ប្រជា​ពលរដ្ឋ​ទាំងអស់ មិនសុខចិត្តនឹងការចាប់ខ្លួន តំណាងប្រជាពលរដ្ឋបីរូប ពីសំណាក់តុលាកាខេត្តនេះឡើយ។ លោកបានអះអាង តាមការលើកឡើង របស់អ្នកភូមិទាំងនោះថា តំណាងពួកគាត់បីនាក់ ត្រូវបាន«បាត់ខ្លួន»​ភ្លាមៗ បន្ទាប់ពីចប់សវនាការ នៅរសៀលថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៥។

តំណាងពលរដ្ឋទាំងបី ដែលបានបាត់ខ្លួន មានឈ្មោះ ជ្រឹង ទូច - អែម ចាន់, និងឈ្មោះ សូទ្រ សឿន។ មន្រ្តី​សិទ្ធិ​មនុស្សខាងលើ បានសរសេរបន្តថា កិច្ចប្រជុំបន្ទាន់មួយ នាព្រលប់ថ្ងៃទី២ ខែធ្នូ នេះ ត្រូវបានធ្វើឡើង រវាង​ប្រជាពលរដ្ ឋជាមួយលោក យឹម ផែន អភិបាលរងខេត្តរតនគិរី, លោកសួស ឡា ប្រធានតុលាការខេត្ត​រតនគិរី, លោក ងួន គឿន ស្នងការនគរបាលខេត្តរតនគិរី, និងរូបលោកផ្ទាល់ (ឆាយ ធី) ដែលជាមន្រ្តីអង្គការ ADHOC ខេត្តរតនគិរី ដើម្បីស្វែងរកដំណោះស្រាយ ជូនពលរដ្ឋ។

តុលាការសាលាដំបូង ខេត្តរតនគីរី បានជំនុំជម្រះទោល និងសម្រេចឃុំខ្លួនតំណាងពលរដ្ឋចំនួនបីនាក់ ដោយ​ចោទប្រកាន់ ពីបទរំលោភកាន់កាប់ អចលនវត្ថុអ្នកដទៃ។ ពូកគេទាំងបី (តំណាងពលរដ្ឋ) ត្រូវបានសមត្ថកិច្ច​ចាប់ខ្លួន ហើយបានជម្លៀសខ្លួនពួកគេ ចេញតាមទ្ធារក្រោយ។

តាមប្រភពពីមន្រ្តីសិទ្ធមនុស្សដដែល បានលើកឡើងថា ពលរដ្ឋទាំងអស់នោះ បានអះអាងថា ពួកគេបាន​កាន់កាប់ និងស្នាក់នៅលើដីទំនាស់នេះ តាំងពីឆ្នាំ២០០៦។ ក្រោយមក លោក ហ៊ាង សុជាតិ បានចេញមុខ​មកប្តឹង ទៅតុលាការដើម្បីទាមទារយកដី ដែលពួកគាត់រស់នៅនោះទៅវិញ។

ក្នុងកិច្ចប្រជុំបួនភាគី នាព្រលប់ថ្ងៃទី២ ខែធ្នូ ម្សិលម៉ិញនេះ លោក ឆាយ ធី បានបញ្ជាក់ថា លោក សួស ឡា ដែលជាប្រធានសាលាដំបូងខេត្តរតនគីរី បានពន្យល់អំពីនីតិវិធី ដោយប្រាប់ឲ្យប្រជាពលរដ្ឋទាំងនោះ មក​ដាក់​បណ្តឹង ទៅសាលាឧទ្ធរណ៏វិញ។ ព្រោះតំណាងពួកគាត់ទាំងបី ត្រូវបានប្រកាសសាលក្រម ផ្តន្ទាទោសរួចទៅ​ហើយ មិនអាចកែប្រែបាននោះទេ។

លោក សុន សាក់ ប្រជាពលរដ្ឋម្នាក់ ក្នុងចំណោមប្រជាពលរដ្ឋទាំងអស់ បានលើកឡើងថា ពួកគាត់មកជួបជុំ​គ្នា​មុខ​តុលាការ ព្រោះតែតំណាងរបស់លោកបីនាក់ ត្រូវតុលាការកោះ ឲ្យចូលរួមបើកសវនាការ។ លោក​បន្​តថា តំណាងរបស់ពួកគាត់ ក៏ស្រាប់តែបាត់ឈឹង មិនឃើញចេញមកតាមទ្វាមុខ ដូចធម្មតាទេ។ លុះក្រោយ​មក ទើប​ដឹង​ថា ត្រូវគេនាំចេញតាមទ្វាក្រោយ ដោយតុលាការបានសម្រេច កាត់ទោសពួកគេឲ្យជាប់​ពន្ធនាគារ​២ឆ្នាំ ក្នុងករណីជម្លោះដីធ្លី ជាមួយប្រជាពលរដ្ឋផ្សេងទៀត។

ពលរដ្ឋរូបនេះបន្តថា សាលាដំបូងខេត្តរតនគិរី បានផ្តន្ទាទោសតំណាង​របស់ពលរដ្ឋទាំងបី តាមមាត្រា ២៤៧, ២៤៨ និង២៥៣ នៃច្បាប់ភូមិបាល។

ដោយឡែកចៅក្រមជំនុំជំរះ អ្នកស្រី ជ័យ មាលា ក៏បានថ្លែងប្រាប់សារព័ត៌មាន ក្នុងស្រុកមួយថា ការចាប់ខ្លួន​ពលរដ្ឋ៣នាក់នេះ ទាក់ទងនឹងករណីរំលោភ កាន់កាប់អចលនៈទ្រព្យ របស់អ្នកដទៃ ដែលប្ដឹងដោយតំណាង​ប្រជាពលរដ្ឋ ជនជាតិដើមភាគតិច១៧គ្រួសារ ដែលមានប្លង់រឹងកាន់កាប់។ អ្នកស្រីថា «យើងចេះតែស្ដាប់ទៅ​លើអ្វី ដែលគាត់និយាយហ្នឹងថា ហ៊ាង សុជាតិ (ពលរដ្ឋអះអាងថាជាអ្នកជំនួញ) តែនៅពីក្រោយហ្នឹង មាន​១៦នាក់​ទៀត ដែលប្រជាជនដូចគ្នា ដែលជាជនជាតិដើមភាគតិច ដែលគេមានប្លង់កាន់កាប់ត្រឹមត្រូវ។»

អង្គការលីកាដូ បានចេញរបាយការណ៍មួយ អះអាងថា តំណាងពលរដ្ឋទាំងបីនាក់នោះ ត្រូវបានកោះហៅ​សាកសួរ តាំងពីដើមខែឧសភា ឆ្នាំ២០១៥មកម្លេះ។ ឯកម្មកររបស់អ្នកជំនួញម្នាក់ ឈ្មោះ ហ៊ាង សុជាតិ បាន​ឈូស​ឆាយដីរាប់រយហិកតា របស់ពលរដ្ឋរងគ្រោះទាំងនោះ ដោយគ្មានកិច្ចអន្តរាគមន៍ ពីអាជ្ញាធរ​មាន​សមត្ថកិច្ច​នោះឡើយ។

ទាក់ទងនឹងករណីទំនាស់ដីធ្លី របស់ប្រជាពលរដ្ឋទាំងនេះ កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១២ ប្រធានរដ្ឋសភា លោក ហេង សំរិន ធ្លាប់បានធ្វើចំណារ ទៅកាន់គណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹងអង្គេត និង​ទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា ដោយស្នើឲ្យគណៈកម្មការសិទ្ធិមនុស្សនេះ ជម្រាបជូនលោកអភិបាល​ខេត្ត​រតនគិរី ថាតំណាងពលរដ្ឋទាំងបី រស់នៅភូមិរ៉យ ឃុំកិចុង ស្រុកបរកែវ ខេត្តរតនគិរី បានសំណូមពរទៅ​លោក ឲ្យជួយអន្តរាគមន៍ ដើម្បីដោះស្រាយ ផ្តល់ដីលំនៅដ្ឋាន និងដីចំការ៕