​មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល អរគុណ​ជប៉ុន ផ្តល់​ជំនួយឥតសំណង​ជា​សម្ភារៈ​បរិក្ខា​គ្រឿងចក្រ សម្រាប់​ប្រើប្រាស់​ជួសជុល​ផ្លូវ​ចូល​ខាងលិច នៃ​ប្រាសាទអង្គរវត្ត​

សៀមរាប: លោក​បណ្ឌិតសភា​ចា​រ្យ សុខ អាន បាន​ថ្លែង​អំណ​គុណ​ចំពោះ​រដ្ឋាភិបាល​ជប៉ុន ដែល​បានផ្តល់​ជំនួយឥតសំណង​ជា​សម្ភារៈ​បរិក្ខា​គ្រឿងចក្រ​ដែលមាន​តម្លៃ​ចំនួន ៩៤ លាន ៧ រយ​ពាន់​យ៉េន (៩៤.៧០០.០០០​យ៉េន​) សម្រាប់​ផ្គត់​ផ្គង ក្នុងការ​ប្រើប្រាស់​ជួសជុល​ផ្លូវ​ចូល​ខាងលិច​នៃ​ប្រសាទ​អង្គរវត្ត​។​

​ការប្រកាស​ផ្តល់ជំនួយ​នេះ​បាន​ធ្វើឡើង នៅ​សាលសន្និសីទ អាជ្ញាធរ​អប្សរា ខេត្តសៀមរាប នា​រសៀល​ថ្ងៃទី​៣ ធ្នូ​ឆ្នាំ​២០១៥  នៅក្នុង​កិច្ចប្រជុំពេញអង្គ​គណកម្មាធិការ​សម្របសម្រួល​អន្តរជាតិ​លើក​ទី​២២  ដើម្បី​កិច្ច​គាំពារ​អភិរក្ស  អភិវឌ្ឍន៍ ប្រកបដោយ​ចីរភាព តំបន់​បេតិកភណ្ឌ​អង្គរ​(ICC-Angkor)  ក្រោម​អធិបតីភាព​លោក បណ្ឌិត សភាចា​រ្យ សុខ  អាន ឧបនាយក រដ្ឋមន្ត្រី​រដ្ឋមន្ត្រី ទទួលបន្ទុក​ទីស្តីការគណរដ្ឋមន្ត្រី  និង​ជា​ប្រធាន​អជ្ញាធរ​អប្សរា និង លោក គូ​ម៉ា​ម៉ា​រ៉ូ  យូ​ជិ ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា ។​

​លោក​បណ្ឌិតសភា​ចា​រ្យ សុខ អាន មានប្រសាសន៍​ឲ្យ​ដឹងថា​៖ ផ្លូវ​ចូល​ខាងលិច​ប្រាសាទ​អង្គរ​នេះ​គឺជា​ច្រកចូល​ដ៏​ធំ នា​សម័យ​អាណាចក្រ​ខ្មែរ​ក្នុង​សតវត្សរ៍​ទី​១២​ផ្លូវ​នេះ​ទាំង​ព្រះមហាក្សត្រ​ក៏ដូចជា​ដូនតា​ខ្មែរ​នា​សម័យ​នោះ​ដែល​រស់នៅ​តំបន់​អង្គរ​ប្រមាណ​១​លាន​នាក់​បាន​ប្រើប្រាស់​ផ្លូវ​នេះ​ជា​មូលដ្ឋាន​ឆ្លង ចេញចូល​ប្រាសាទ​អង្គរ​។​

​លោក​មានប្រសាសន៍ថា រហូតមកដល់​សព្វថ្ងៃ​នេះ​ផ្លូវ​នេះ​មាន​អាយុកាល​១០​សតវត្សរ៍​មកហើយ​បច្ចុប្បន្ន​ផ្លូវ​នេះ នៅតែ​នៅមាន​ភាពរឹងមាំ ដែល​បាន​ប្រើប្រាស់​សម្រាប់​ការឆ្លងកាត់​របស់​អ្នកទេសចរ​ជាតិ និង​អន្តរជាតិ​មក​ទស្សនា​អង្គរ​ក្នុង​មួយថ្ងៃៗ​រាប់ពាន់នាក់​ជា​រៀងរាល់ថ្ងៃ​ដែល​អាចធ្វើ​ឲ្យ​ទ្រុឌទ្រោម​។ សម្រាប់​ឆ្នាំ​២០១៤​កន្លងមកនេះ​មាន​ភ្ញៀវ​ទេសចរណ៍​បរទេស​ជាង​៤​លាន​នាក់មក​ទស្សនា​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​ក្នុងនោះ​មាន​ជាង​២​លាន​នាក់មក​ទស្សនា​រមនីយ៍​ដ្ឋា​ន​ប្រាស​សាទ​អង្គរ​រួម​និង​ទេសចរណ៍​ក្នុងស្រុក​ជាង​២​លាន​នាក់​ទៀត​។​

​លោក​បណ្ឌិត សុខ អាន បាន​គូសបញ្ជាក់ថា ជោគជ័យ​នៃ​គណៈកម្មាធិការ​សម្របសម្រួល​អន្តរជាតិ ដើម្បី​កិច្ច​គាំពារ​អភិរក្ស​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​តំបន់​បេតិកភណ្ឌ​អង្គរ​(ICCAngkor)​ទទួលបាន​គឺ​មិនអាច​កាត់ផ្តាច់​ពី​ការវិភាគ​ទាន​ចូលរួម​របស់​ប្រទេស​ជប៉ុន​ដែលជា​សហប្រធាន ICC-  Angkor  ជាមួយ​ប្រទេស​បារាំង ក្នុងការ​អនុវត្តន៍​តួនាទី​ថែរក្សា ការពារ និង​អភិរក្ស​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​មួយ​នេះ​បានទេ​។ ថ្ងៃនេះ​បង្ហាញ​ពី​ការចូលរួម​ពី​ភាគី​ជប៉ុន​ដែល​តែង​បាន​ចូលរួមចំណែក​ជួយ​លើ​ការថែទាំ​ជួសជុល​ប្រាសាទ​នានា​ហើយ​ពេលនេះ​បាន​បន្ត​ជួយ​លើ​ការជួសជុល​ផ្លូវ​នេះ​ឲ្យ​បាន​គង់វង្ស​យូ​អង្វែង​ទៅទៀត​។​

​លោក​បណ្ឌិត សុខ អាន បាន​ថ្លែង​អំណ​គុណ​ដល់​រដ្ឋាភិបាល​ជប៉ុន​ដែល​បាន​ចូលរួម​វិភាគទាន​ផ្តល់ជំនួយ​ជា​បន្តបន្ទាប់  ក្នុង​ការជួយ​ស្តា​នូវ​គម្រោង​ជួសជុល​ប្រាសាទ​នានា​ចាប់តាំងពី​ឆ្នាំ​១៩៩៤  មាន​ប្រាសាទ​បាយ​ន្ត ប្រាសាទអង្គរវត្ត  និង​ប្រាសាទ​សូ​ព្រ័ត​ហើយ​ពេលនេះ​បានផ្តល់​ជំនួយ​ជាង​៩៤​លាន​យ៉េន​បន្ថែមទៀត​សម្រាប់​ការផ្គត់ផ្គង់​ឧបករណ៍​ប្រើការ​លើកដាក់​ដំ​ថ្ម​ដើម្បី​ជួសជុល​ផ្លូវ​ចូល​ពី​ខាងលិច​នេះ ដើម្បី​ធានា​នូវ​សុវត្ថិភាព និង​ប្រសិទ្ធិភាព​នៃ​ការដ្ឋាន​។​

​តាមរយៈ​ជំនួយ​នេះ​លោក​បណ្ឌិត​សុខ អាន បង្ហាញ​នូវ​ក្តី​សង្ឃឹមថា ការបញ្ចប់​ការងារ​ជួសជុល​ផ្លូវ​ចូល​ខាងលិច​អង្គរ​ក្នុង​រយៈ​កាលពី​៤​ទៅ​៦​ឆ្នាំ​ដែល​មិន​ត្រឹមតែ​អាច​កែលម្អ​សោ​ភ​ណ្ឌ័​ភាព របស់​ប្រាសាទអង្គរវត្ត  និង​ការពារ​ទម្រង់​នៃ​ផ្លូវ​ចូល​ខាងលិច​នាពេល​អនាគត​ប៉ុណ្ណោះ​ទេ  តែ​ថែមទាំង​អាច ផ្តល់​បរិស្ថាន​ដែលមាន​សុវត្ថិភាព​ដល់​ទេសចរណ៍ ដែល​មក​ទស្សនា ប្រាសាទអង្គរវត្ត​ផងដែរ​។​

​លោក​ឧបនាយករដ្ឋមន្ត្រី សុខ អាន​មាន ប្រសាសន៍​ឲ្យ​ដឹងថា​៖​ដោយបាន​ការចូលរួម​ជ្រោមជ្រែង​ពី​អន្តរជាតិ​រហូតមកដល់​ពេលនេះ​មាន​ប្រទេស​ចំនួន​២៣ បាន​មកជួយ​ថែរក្សា និង​អភិ​រក្សា​តំបន់​អង្គរ​នេះ​។​

​ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា លោក​បណ្ឌិត សុខ អាន ដែលជា​ប្រធាន​អាជ្ញាធរ​ជាតិ​អ​ប្សា​រា​ផងដែរ បានបង្ហាញ​ពី​ការប្តេជ្ញាចិត្ត ក្នុង​ការខិតខំ​ប្រឹងប្រែង​ការពារ និង​អភិរក្ស​តំបន់​អង្គរ ។​

​សេចក្តីប្រកាស​ព័ត៌មាន​របស់​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការអភិវឌ្ឍន៍​អន្តរជាតិ​ជប៉ុន​(JICA)​បាន​ឲ្យ​ដឹងថា ដើម្បី​អាច​ជួសជុល​ផ្លូវ​ចូល​ខាងលិច​ប្រសាទ​អង្គរវត្ត​បាន   ចាំបាច់​ត្រូវធ្វើ​ការផ្លាស់​ទី​ដុំថ្ម​ធំៗ ក្នុង​ការធានា​នូវ​ប្រសិទ្ធិភាព  និង​សុវត្ថិភាព​រវាង  វាល​ដាក់​ថ្ម​ដែល​នៅក្បែរ​ច្រកចូល​ផ្លូវ​ខាងលិច   និង​ការដ្ឋាន​ដែល​ស្ថិតនៅ​កណ្តាលផ្លូវ ចូល​ច្រក​ខាងលិច  ដែលមាន​ចម្ងាយ​ប្រមាណ​១០០​ម៉ែត្រ ។​

​សូម​បញ្ចា​ក់ថា ទម្ងន់​មធ្យម​នៃ​ថ្មបាយក្រៀម ដែល​ត្រូវ​ផ្លាស់​ទី គឺមាន​ទម្ងន់​ប្រមាណ ពី​៣០០​ទៅ​៤០០ គីឡូក្រាម ហើយ​ទម្ងន់​ថ្មភក់​ពី​ប្រមាណ​៥០០​ទៅ​៨០០​គីឡូក្រាម​និង​ថ្ម​ខ្លះទៀត​មាន​ទម្ងន់​ដល់​ទៅ​១​តោន​កន្លះ​ឯណោះ​ទើប​មាន​តម្រូវការ​នូវ​ម៉ាស៊ីនស្ទូច​ដែលមាន​សមត្ថភាព និង​ដង​វែង​ដើម្បី​អាច​ផ្លាស់​ទី​ថ្ម ទាំងនោះ​ប្រកបដោយ​សុវត្ថិភាព និង​ប្រសិទ្ធិភាព​។​

​តាមរយៈ​គម្រោង​នេះ ម៉ាស៊ីនស្ទូច និង​គ្រឿង​បរិក្ខា​ធុន​ធ្ងន់​ផ្សេងៗ ទៀត​ដែល​ត្រូវការ​ចាំបាច់​ក្នុងការ​ជួសជុល​ផ្លូវ ចូល​ខាងលិច នឹងត្រូវ​ផ្តល់ជូន​អជ្ញាធរ​អប្សរា ដើម្បី​អាច​បញ្ចប់​កិច្ចការ​ជួសជុល​ផ្លូវ​ចូល​ខាងលិច​៕​

​មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល អរគុណ​ជប៉ុន ផ្តល់​ជំនួយឥតសំណង​ជា​សម្ភារៈ​បរិក្ខា​គ្រឿងចក្រ សម្រាប់​ប្រើប្រាស់​ជួសជុល​ផ្លូវ​ចូល​ខាងលិច នៃ​ប្រាសាទអង្គរវត្ត​

​មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល អរគុណ​ជប៉ុន ផ្តល់​ជំនួយឥតសំណង​ជា​សម្ភារៈ​បរិក្ខា​គ្រឿងចក្រ សម្រាប់​ប្រើប្រាស់​ជួសជុល​ផ្លូវ​ចូល​ខាងលិច នៃ​ប្រាសាទអង្គរវត្ត​

​មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល អរគុណ​ជប៉ុន ផ្តល់​ជំនួយឥតសំណង​ជា​សម្ភារៈ​បរិក្ខា​គ្រឿងចក្រ សម្រាប់​ប្រើប្រាស់​ជួសជុល​ផ្លូវ​ចូល​ខាងលិច នៃ​ប្រាសាទអង្គរវត្ត​